website_news:2016020902

ក្រសួងការងារក្រើន រំលឹកពលរដ្ឋខ្មែរ ធ្វើការនៅជប៉ុន មិនត្រូវផ្លាស់ប្តូរការងារ ក្រោយមានការ អូសទាញពីមេ ខ្យល់ ខុសច្បាប់

(http://www.dap-news.com/kh) សុក្រ, 02 កញ្ញា ២០១៦ 10:52 ដោយ: បាន សុខរិទ្ធិ ID:012

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានក្រើនរំលឹកដល់បងប្អូនជាកម្មសិក្សាការីខ្មែរ ដែលកំពុង បម្រើការងារនៅក្នុងប្រទេសជប៉ុនទាំងអស់ មិនត្រូវធ្វើការផ្លាស់ប្តូរការងាររបស់ខ្លួន ក្រោយមានការអូសទាញ ពីមេខ្យល់ខុសច្បាប់ជាដាច់ខាត ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី២ ខែកញ្ញានេះ បានប្រាប់ទៅទីភ្នាក់ងារ ជ្រើសរើសឯកជន ដែលកំពុងដំណើរការក្នុងការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សា ការីខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនថា នាពេលថ្មីៗនេះមានកម្មសិក្សាការីខ្មែរមួយចំនួន បានចាញ់បោកមេខ្យល់អូសទាញឲ្យក្លាយជាកម្មសិក្សាការីខុសច្បាប់ ក្រោមរូបភាពនៃការផ្ដល់កន្លែង ធ្វើការថ្មីដែលស្របច្បាប់ ទទួលបានប្រាក់បៀរវត្សច្រើនជាងមុន និងទទួលបានសិទ្ធិស្នាក់ស្របច្បាប់នៅជប៉ុន ។

សេចក្តីជូនដំណឹងដដែល បានបន្តថា ការរត់គេចខ្លួននេះ នឹងបង្កផលលំបាកដល់កម្មសិក្សាការីផ្ទាល់ ឲ្យក្លាយជាកម្មសិក្សាការីខុសច្បាប់ ខាតបង់ប្រាក់ឲ្យមេខ្យល់ ប្រឈមនឹងការចាប់ខ្លួន បាត់បង់ឱកាសរកប្រាក់ រីឯក្រុមគ្រួសារកម្មក៏អាចរងពាក្យបណ្ដឹង ដោយសារការមិនបានអនុវត្តន៍តាមកិច្ចសន្យា និងលទ្ធផលអាក្រក់បំផុត អាចធ្វើឲ្យកម្ពុជាបាត់បង់ទីផ្សារការងារល្អនៅជប៉ុន ។

ក្រសួងសូមក្រើនរំលឹកដល់កម្មសិក្សាការីខ្មែរថា អ្នកទាំងអស់គ្នាមិនអាចផ្លាស់ប្តូរ កន្លែងធ្វើការរបស់ខ្លួន បានជាដាច់ខាត ។ ក្នុងករណីដែលមានបញ្ហាអ្វីមួយកើតឡើងនៅកន្លែងធ្វើការ អាចរកការអន្តរាគមន៍ ពីសមាគមគ្រប់គ្រង ឬស្ថានឯកអគ្គរាជទូតខ្មែរ ប្រចាំនៅប្រទេសជប៉ុន តាមរយៈទូរស័ព្ទលេខ ០៨០ ៤៦៨៩ ៩៣៧៤ ឬតាមបណ្ដាញសង្គម (Facebook) Royal Embassy of Cambodia in Japan ។

ដោយឡែក ទីភ្នាក់ងារជ្រើសរើសឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រង ផ្ដល់ប្រឹក្សា និងពង្រឹង ទំនាក់ទំនងជាមួយកម្មសិក្សាការីរបស់ខ្លួនបានជិតស្និត ។ នៅពេលមានករណីកម្មសិក្សាការីរត់គេចខ្លួន ទីភ្នាក់ងារ ជ្រើសរើសឯកជនត្រូវរួសរាន់រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច (ប៉ូលិស) និងស្ថាប័នពាក់ព័ន្ធ នៅប្រទេស ជប៉ុន ជាពិសេសទូតខ្មែរប្រចាំនៅទីនោះ បន្ទាប់មកត្រូវជូនដំណឹងដល់ក្រុមគ្រួសារ ដោយមានអាជ្ញាធរមូលដ្ឋានដឹងឮ ។ ទីភ្នាក់ងារជ្រើសរើសឯកជនត្រូវផ្ញើរបាយការណ៍ពាក់ព័ន្ធទាំងនោះ មកនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការ ៕

website_news/2016020902.txt · Last modified: 2017/03/12 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki