website_news:2016020903

លោក ប្រាក់ សុខុន ប្រាប់អគ្គកុងស៊ុលខ្មែរ អន្តរាគមន៍ជួយពលករខ្មែរ១៦នាក់ ត្រូវឃាត់ខ្លួននៅខេត្តសាកែវ ប្រទេសថៃ

(http://www.dap-news.com/kh) សុក្រ, 02 កញ្ញា ២០១៦ 11:19 ដោយ: បាន សុខរិទ្ធិ ID:012

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំឲ្យស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ធ្វើអន្តរាគមន៍ដោះស្រាយជាបន្ទាន់ បន្ទាប់ពីបានទទួលដំណឹងថា មានពលករខ្មែរចំនួន ១៦នាក់ ត្រូវបានឃាត់ខ្លួននៅខេត្តសាកែវ ខណៈដែលពួកគេធ្វើដំណើរពីទីក្រុងបាងកក ត្រឡប់មកកម្ពុជាវិញ ដោយពុំមានលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរ ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេស នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុល បានចុះជួបសួរសុខទុក្ខពលករខ្មែរទាំង ១៦នាក់ (បុរស៧នាក់) នៅអគ្គបញ្ជាការដ្ឋានកងទ័ពកម្លាំងបូព៌ាថៃ ស្រុកវឌ្ឍណាណាខន ខេត្តសាកែវ ហើយទទួលបានព័ត៌មានថា ពួកគេជាពលករស្របច្បាប់ ដែលបានធ្វើការនៅរោងចក្រកាត់ដេរ នៅទីក្រុងបាងកក ។

ពលករទាំង ១៦នាក់ បានសម្រេចចិត្តសុំឈប់ពីការងារ ប៉ុន្តែថៅកែពុំព្រមឲ្យឈប់ និងបានដកហូតលិខិតឆ្លងដែនរបស់ពួកគាត់ទុក ។ ស្ថានអគ្គកុងស៊ុលបានសម្របសម្រួលជាមួយអាជ្ញាធរថៃ ឲ្យមានការដោះលែងពលករខ្មែរ ហើយទាក់ទងជាមួយថៅកែថៃឲ្យប្រគល់លិខិតឆ្លងដែន ដល់ពលករខ្មែរទាំង១៦នាក់ នេះវិញ។ ក្រោយពេលទទួលបានលិខិតឆ្លងដែន ស្ថានអគ្គកុងស៊ុលបានរៀបចំ ជូនដំណើរពលករទាំង១៦នាក់នេះ ត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ។

ពលករទាំង១៦នាក់ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ និងមានឈ្មោះដូចខាងក្រោម ទី១. ឈ្មោះ យូ សារឿម (ប្រុស) អាយុ២៥ឆ្នាំ, ទី២ យូ គឹមហួយ (ស្រី) អាយុ២៧ឆ្នាំ ទី៣. យូ សេរី (ប្រុស) អាយុ២៥ឆ្នាំ និងទី៤. យូ គឹមហ៊ុន (ស្រី) អាយុ២៥ឆ្នាំ អ្នកទាំង៤នាក់ រស់នៅស្រុកមង្គលបុរី ។ ទី៥. ឡូយ ឡាត់ (ប្រុស) អាយុ២២ឆ្នាំ, ទី៦. ឡូ ណាស៊ី (ស្រី) អាយុ៣៩ឆ្នាំ, ទី៧. រ៉ុមតេង (ស្រី) អាយុ១៩ឆ្នាំ, ទី៨ តេ ស៊ុន (ស្រី) អាយុ២៣ឆ្នាំ, ទី៩. តៃ ទី (ស្រី) អាយុ២០ឆ្នាំ, ទី១០. ឡុំ លឿ (ប្រុស) អាយុ២១ឆ្នាំ, ទី១១. ថា បារាំង (ប្រុស) អាយុ២១ឆ្នាំ, ទី១២. ថាន់ សុភណ្ឌ (ប្រុស) អាយុ២៨ឆ្នាំ, ទី១៣. សួន កាន (ប្រុស) អាយុ២៣ឆ្នាំ, ទី១៤. ញ៉ូវ គៀត (ស្រី) អាយុ២១ឆ្នាំ, ទី១៥. ស៊ុន ប៊ុនធៀវ (ស្រី) អាយុ២០ឆ្នាំ និងទី១៦. ខឿង សុឃឿម (ស្រី) អាយុ២០ឆ្នាំ ទាំង១២នាក់ រស់នៅស្រុកព្រះនេត្រព្រះ ៕

website_news/2016020903.txt · Last modified: 2017/03/12 15:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki