website_news:2016030201

ថៃចាប់ខ្លួនមនុស្សជាង១០០នាក់ដោយការរំលោភលើកម្លាំងពលកម្មនិងការជួញដូរមនុស្ស

(http://vayofm.com/news/ 02-02-2016 11:07 am)

ប៉ូលីសថៃកាលពីថ្ងៃទី០១កុម្ភៈបានចាប់ខ្លួនមនុស្សជាង១០០នាក់ ក្នុងយុទ្ធនាការបង្ក្រាបការជួញដូរមនុស្ស ចាប់តាំងពីសហភាពអឺរ៉ុបព្រមានការធ្វើឧស្សាហកម្មនេសាទខុសច្បាប់ និងការនាំចេញអាហារសមុទ្រផងដែរកាលពីឆ្នាំមុន។ បើតាមគណៈ ប្រតិភូទីក្រុងព្រុចសែលបានមកទស្សនាក្នុងប្រទេសថៃកាលពីឆ្នាំមុន បានបញ្ជាក់ប្រាប់កសារព័ត៌មាន ថា ប្រទេសថៃគឺជាប្រទេសនាំចេញអាហារសមុទ្រទី៣ នៅលើពិភពលោក។ ជាមួយគ្នានេះ ក្រុមអង្គការសិទ្ធិមនុស្សបានបញ្ជាក់ដែរថា កម្មករនេសាទទទួលបានប្រាក់កំរៃទាបពីថៅកែថៃ ហើយកម្មកររងគ្រោះមកធ្វើការនេសាទនៅក្នុងប្រទេសថៃរួមមានមកពីប្រទេសមីយ៉ាន់ម៉ានិងកម្ពុជា។ ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់មន្ត្រីថៃថា បានអនុញ្ញាតឱ្យប្រជាជនថៃជួញដូរមនុស្ស ដោយការទទួលស៊ីសំណូក។

មនុស្សជាង១០០នាក់ត្រូវប៉ូលីសចាប់ខ្លួននោះ ជាប់ពាក់ព័ន្ធនឹងការរំលោភលើកម្លាំងពលកម្មកម្មករនិងការជួញដូរមនុស្ស។ ជនរងគ្រោះត្រូវគេរំលោភកម្លាំងពលកម្ម ប្រមាណ១៣០នាក់បានដោះលែងពីរោងចក្រឱ្យមានសេរីភាពឡើងវិញហើយ។ បើតាមសម្ដីជនរងគ្រោះដែលបានដោះ លែង បានអះអាងថា លក្ខខណ្ឌការងារនៅក្នុងរោងចក្រម្ហូបអាហារសមុទ្រនេះ គឺបានរំលោភបំពានចំពោះការងារទាំងស្រុង និងបានវាយដំរួមទាំងសម្លាប់នៅក្នុងសមុទ្រក៏មានដែរ។ ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យប៉ូលីសជាតិថៃលោក Krisana Pattanaបានឆ្លើយតបថា រដ្ឋាភិបាលប្រទេសថៃមានឆន្ទះនយោបាយ ដើម្បីដោះស្រាយបញ្ហានៃការជួញដូរមនុស្ស និងពិនិត្យឡើងវិញនូវការរំលោភការងារទៀតផង។ លោកថា អង្គការក្រៅរដ្ឋាភិបាលរបស់អង់គ្លេសបានធ្វើការជាមួយរដ្ឋាភិបាលថៃហើយ ដើម្បីដោះស្រាយបញ្ហាការនេសាទខុសច្បាប់។ សូមបញ្ជាក់ថា នៅឆ្នាំក្រោយប្រទេសថៃប្រឈមមុខនឹងការវាយតម្លៃនៃការខិតខំប្រឹងប្រែងជាថ្មី ប្រឆាំងនឹងការជួញដូរមនុស្ស។ រយៈពេល២ឆ្នាំមកហើយ ថៃទទួលរងការរិះគន់ពីប្រទេសជិតខាង ជាប់ពាក់ព័ន្ធការជួញដូរមនុស្សខ្លាំងជាងគេ។ កន្លងមក រដ្ឋាភិបាលអាមេរិកបានផ្ដល់ចំណាត់ថ្នាក់ដល់ប្រទេសថៃថា បានជាប់លំដាប់ថ្នាក់ទី៣នៃការជួញដូរមនុស្សនៅទូទាំងពិភពលោក៕(ដោយ៖លាង ធីតា)

website_news/2016030201.txt · Last modified: 2017/02/27 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki