website_news:2016030203

APLE សង្រ្គោះកុមារ ៦២ នាក់ពីការកេងប្រវ័ញ្ចផ្លូវភេទឆ្នាំមុន

(http://www.postkhmer.com Tue, 2 February 2016)

ភ្នំពេញៈ អង្គការ Action Pour les Enfants (APLE) ដែលជាអង្គការការពារកុមារបានអនុម័តផែនការយុទ្ធសាស្រ្តរយៈពេល ៥ ឆ្នាំដើម្បីបន្តការងាររបស់ខ្លួនលើការការពារកុមារដែលងាយរងគ្រោះបំផុតក្នុងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៥ ដែលចេញកាលពីម្សិលមិញ។ លោក សីលា សំលាង នាយកប្រតិបត្តិនៃអង្គការ APLE កម្ពុជា បានថ្លែងនៅក្នុងសុន្ទរកថារបស់លោកថា៖ «គោលដៅបន្តរបស់យើងគឺដើម្បីសង្កត់ធ្ងន់ទៅលើយុត្តិធម៌សង្គម និងយុត្តិធម៌ផ្លូវច្បាប់ និងយន្តការការពារ ដែលយើងចាត់ទុកថា សំខាន់ក្នុងការការពារការកេងប្រវ័ញ្ចផ្លូវភេទលើកុមារនិងធានានូវការឆ្លើយតបដែលមានប្រសិទ្ធភាពនិងប្រសិទ្ធផល»។ លោកបន្តថា៖ «យើងកំពុងទន្ទឹងរង់ចាំការប្រើប្រាស់បទពិសោធរយៈពេល ១២ ឆ្នាំរបស់យើង ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវសេវារបស់យើងនិងធ្វើឲ្យមានដំណោះស្រាយជានិរន្ត»។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៥ របស់អង្គការ APLE ជនរងគ្រោះទាំងកុមារានិងកុមារីសរុបចំនួន ៦២ នាក់ត្រូវបានជួយសង្គ្រោះដោយអង្គការ APLE កាលឆ្នាំមុន ហើយជនសង្ស័យ ២៧ នាក់ត្រូវបានផ្តន្ទាទោស។

លោក Evelyn Dykes ប្រធានស្តីទីនៃក្រុមប្រឹក្សានាយករបស់អង្គការ APLE ប្រចាំកម្ពុជា បានសរសេរនៅក្នុងសារមួយថា៖ «ឆ្នាំ ២០១៥ គឺជាឆ្នាំមួយទៀតនៃសមិទ្ធផលដ៏អស្ចារ្យសម្រាប់អង្គការ APLE នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារកុមារពីការរំលោភបំពាននិងការកេងប្រវ័ញ្ច»។ កម្ពុជាត្រូវបានចាត់ទុកថា ជាចំណុចក្តៅនៃការរំលោភបំពានផ្លូវភេទកុមារនិងការកេងប្រវ័ញ្ចកុមារ ប៉ុន្តែ ទោះយ៉ាងណាក្តី មិនមានទិន្នន័យនៃចំនួនជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទកុមារនិងការកេងប្រវ័ញ្ចកុមារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើទោះបីជាយ៉ាងដូច្នេះក៏ដោយ ការសិក្សាមួយក្នុងឆ្នាំ ២០១៤ ក្នុងប្រទេសកម្ពុជាបានបង្ហាញថា ២,៤ ភាគរយនៃក្មេងស្រីនិង ៧,៥ ភាគរយនៃក្មេងប្រុសបានរាយការណ៍ថា ពួកគេត្រូវបានបង្ខំឲ្យរួមភេទយ៉ាងហោចណាស់ម្តង។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៥របស់អង្គការ APLEប្រចាំកម្ពុជា។ របាយការណ៍បានសរសេរថា រដ្ឋាភិបាលកម្ពុជាក៏ខ្វះខាតធនធានផងដែរក្នុងការពារជនរងគ្រោះនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារ។ ទោះយ៉ាងណាក្តី ក្នុងទសវត្សរ៍ចុងក្រោយ ប្រព័ន្ធយុត្តិធម៌មានលក្ខណៈប្រសើរឡើង ប៉ុន្តែបញ្ហានៅតែកើតមានដោយសារការយល់ដឹងនៅមានកម្រិតខ្សោយ ហើយការបកស្រាយច្បាប់និងការអនុវត្តច្បាប់មិនស៊ីគ្នា។ របាយាករណ៍នេះបានសរសេរបន្តថា៖ «ភាពក្រីក្រ រួមជាមួយការអប់រំកម្រិតទាប បានធ្វើឲ្យកុមារងាយរងគ្រោះចំពោះការកេងប្រវ័ញ្ចផ្លូវភេទ»។

លោក ប៉ុល ភីថី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ មិនអាចទាក់ទងសុំអត្ថាធិប្បាយកាលពីថ្ងៃចន្ទ ហើយលោក គៀត ចាន់ថារិទ្ធ និងលោក ខៀវ សុភ័គ ក៏មិនអាចទាក់ទងសុំអត្ថាធិប្បាយបានដែរ៕PS

website_news/2016030203.txt · Last modified: 2017/02/27 13:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki