website_news:2016030204

ម្តាយពលការិនី៧នាក់នៅស្រុកជលគិរី មកសុំអន្តរាគមន៍ពីអាដហុកអោយជួយអន្តរាគមន៍ក្រោយពីសមត្ថកិច្ចម៉ាឡេស៊ីឃាត់ខ្លួន

(http://beta.nokorwatnews.com Wednesday , 3 February 2016)

ខេត្តកំពង់ឆ្នាំង ៖ ម្តាយពលការិនីចំនួន៧នាក់ ដែលរស់នៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី នាំគ្នាមកកាន់ការិយាល័យសមាគមការពារសិទ្ធិមនុស្សអាដហុក ដើម្បីសុំអោយជួយអន្តរាគមន៍ដល់កូនស្រីរបស់ពួកគាត់ ដែលកំពុងត្រូវបានសមត្ថកិច្ចនៃប្រទេសម៉ាឡេស៊ីឃាត់ខ្លួន ។ ស្ត្រីជាក្រុមគ្រួសារនេះបានមកកាន់ការិយាល័យសមាគមន៍ការពារសិទ្ធិមនុស្សអាដហុកខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ។ ម្តាយរបស់ពលការនីទាំងនោះបានប្រាប់ថាពលការនីទាំង៧នាក់ដែល ត្រូវអាជ្ញាធរនៃប្រទេសម៉ាឡេស៊ីចាប់ឃុំខ្លួននោះ មាន១.ឈ្មោះ សូត្រ សុខនៅ ភេទស្រី អាយុ១៩ឆ្នាំ ២.ឈ្មោះហួត សារ៉ែន ភេទស្រី អាយុ១៩ឆ្នាំ ៣.ហា ស៊ីនី ភេទស្រី អាយុ២១ឆ្នាំ ចេញទៅធ្វើជាពលការិនី នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុន អេភី ធីអេសអ៊ី អែនស៊ី ខាមបូឌា រីសសស៍ ខូ អិលធីឌី ។ ពលការនីទាំង៣នាក់នេះ ត្រូវអាជ្ញាធរនៃប្រទេសម៉ាឡេស៊ីចាប់ឃុំខ្លួន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ពីបទស្នាក់នៅធ្វើការ ខុសច្បាប់ ។

ចំពោះពលការនី៤នាក់ទៀត ដែលកំពុងស្នាក់នៅ និងធ្វើការដោយខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី មាន១.ឈ្មោះ ហ៊ន ស្រីម៉ី ភេទស្រី អាយុ១៩ឆ្នាំ ២.ឈ្មោះ ខាន់ ចាន់ធឿន ភេទស្រី អាយុ២៦ឆ្នាំ ៣.លន់ ស្រីល័ក្ខ ភេទស្រី អាយុ២០ឆ្នាំ និង ៤.ឈ្មោះផាន់ ស្រីនាង ភេទស្រី អាយុ២០ឆ្នាំ ពួកគេចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុន អេភី ធីអេសអ៊ី អែនស៊ី ខាមបូឌា រីសសស៍ ខូ អិលធីឌី ។ ពលការិនីទាំង៧នាក់ខាងលើនេះមានស្រុកកំណើតនៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ពួកគាត់បានរៀបរាប់ថា កូនស្រីរបស់ពួកគាត់ ត្រូវបានក្រុមហ៊ុនមួយ ហ៊ុនមួយឈ្មោះអេភី ធីអេសអ៊ី អែនស៊ី ខាមបូឌា រីសសស៍ ខូ អិលធីឌី នាំយកទៅធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីអំឡុងខែឧសភា ឆ្នាំ២០១៥ ។ ដោយខាងក្រុមហ៊ុនបានអះអាងថា ទៅធ្វើការស្របច្បាប់និងទទួលបានប្រាក់ខែខ្ពស់ប៉ុន្តែការពិតមិនដូចអ្វីដែលខាងក្រុមហ៊ុនបាននិយាយនោះឡើយ ។ ស្ត្រីទាំងនោះបានរៀបរាប់អោយដឹងទៀតថា នៅពេលទៅដល់ប្រទេសម៉ាឡេស៊ី កូនស្រីគាត់ត្រូវបានគេអោយស្នាក់នៅកន្លែងប្រមូលផ្តុំមួយ ហើយពេលព្រឹកត្រូវបានគេដឹកតាមរថយន្ត យកទៅអោយធ្វើការ ផ្នែកអនាម័យនៅតាមផ្ទះនិងនៅតាមក្រុមហ៊ុន ព្រមទាំងអោយធ្វើការងារផ្សេងៗទៀត រហូតដល់ពេលល្ងាចទើបគេដឹកត្រឡប់មកកាន់កន្លែងស្នាក់នៅវិញ ។ រៀងរាល់ថ្ងៃកូនស្រីពួក គាត់រស់ទាំងលំបាកវេទនា ដោយត្រូវក្រុមហ៊ុនមួយនេះអោយបាយហូបមិនគ្រប់គ្រាន់ហូបតែបាយកញ្ចប់និងពងទាស្ងោរ ពុំមានសម្លរទេ ហើយការរស់នៅជួបការលំបាកយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះកូនស្រីរបស់ពួកគាត់ ត្រូវរត់គេចពីសមត្ថកិច្ចរាល់ថ្ងៃ។ ដោយសារតែការលំបាកទាំងនេះ ពួកគេបានសំណូមពរអោយពួកគាត់ជាជាឪពុកម្តាយនិង ក្រុមគ្រួសារ នៅឯស្រុកខ្មែរជួយប្តឹងសមត្ថកិច្ចមន្ត្រីពាក់ព័ន្ធនិងអង្គការសិទ្ធមនុស្សអោយជួយអន្តរាគមន៍ យកពួកគេត្រឡប់មកស្រុកខ្មែរវិញផង ។

ករណីនេះពួកគាត់បានទៅជួបតំណាងក្រុមហ៊ុន ប៉ុន្តែខាងតំណាងក្រុមហ៊ុន បានគ្រាន់តែប្រាប់ថា ចាំដោះស្រាយ តែរហូតមកដល់ពេលនេះហើយ នៅតែមិនទាន់មានពន្លឺ ហើយកូនរបស់គាត់ត្រូវឃាត់ខ្លួនដោយសមត្ថកិច្ចនៃប្រទេសម៉ាឡេស៊ី ។ ម្តាយ ពលការិនីទាំងនេះ បានអំពាវនាវ សុំអោយ មន្ត្រីអង្គការសិទ្ធិមនុស្ស និង មន្ត្រីពាក់ព័ន្ធទាំងអស់មេត្តាជួយអន្តរាគមន៍ យកកូនស្រីរបស់ពួកគាត់ ត្រឡប់មកស្រុកខ្មែរវិញផង ពីព្រោះសព្វថ្ងៃនេះពួកគេ មានការលំបាកយ៉ាងខ្លាំង ក្នុងការស្នាក់នៅឯប្រទេសម៉ាឡេស៊ីនោះ ។

ប្រធានសមាគមការពារសិទ្ធមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំងលោកសំ ច័ន្ទគា បានបញ្ជាក់ថា ចំពោះករណីនេះលោកនឹងរៀបចំពាក្យបណ្តឹង ទៅស្ថាប័នពាក់ព័ន្ធ ដាក់ជូនទៅក្រសួងការងារ និង ក្រសួងការបរទេស ដើម្បីជួយអន្តរាគមន៍ដល់ពលការនីទាំង៧នាក់នោះអោយបានឆាប់ ដើម្បីសង្គ្រោះពលការនីខ្មែរទាំងនេះអោយបានត្រឡប់មកស្រុកខ្មែរវិញ ៕ ចន្ថា

website_news/2016030204.txt · Last modified: 2017/02/27 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki