website_news:2016030303

អាជ្ញាធរខ្មែរ-ថៃឯកភាពគ្នាពង្រឹងការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មតាមជាយដែន

(http://www.rfa.org/khmer/news/2016-03-02) ដោយ ហ៊ុំ ចំរើន

អាជ្ញាធរកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២ មីនា ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ការជួញដូរមនុស្ស បទល្មើសឧក្រិដ្ឋកម្មតាមជាយដែនរវាងប្រទេសទាំងពីរ និងការរឹតបន្តឹងការត្រួតពិនិត្យពលរដ្ឋចេញចូលនៅតាមជាយដែន។

ការពិភាក្សាគ្នានេះ ធ្វើឡើងនៅក្នុងកម្មវិធីអប់រំបន្ថែមចំណេះដឹងជំនាញស៊ើបអង្កេតផ្នែកឧក្រិដ្ឋកម្មឆ្លងដែននៃប៉ូលិសអន្តោប្រវេសន៍កម្ពុជា និងថៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ មីនា នៅខេត្តស្រះកែវ ប្រទេសថៃ។ ជំនួយការអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍កម្ពុជា លោក ព្រំ និមល មានប្រសាសន៍ថា ការអប់រំនេះដើម្បីរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានភាពស្និទ្ធស្នាលគ្នា ក្នុងនាមប្រទេសជាសមាជិកអាស៊ាន៖ «ចំណុចសំខាន់ គឺយើងបណ្ដុះបណ្ដាលរួមគ្នានេះ ដើម្បីឲ្យមានសុវត្ថិភាព និងសុខសន្តិភាពនៃប្រទេសទាំងពីរ»។

ក្នុងកិច្ចពិភាក្សានេះ មេបញ្ជាការប៉ូលិសអន្តោប្រវេសន៍ថៃ លោក ណាត់ធន ផ្រោះសុនធន (Nath Thon Phroksunthon) បានសំណូមពរដល់ប៉ូលិសកម្ពុជា ឲ្យជួយស៊ើបអង្កេតរឿងឃាតកម្មលើម្ចាស់កាស៊ីណូជនជាតិថៃ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីខែកុម្ភៈ កន្លងទៅ ដើម្បីចាប់ជនដៃដល់មកផ្ដន្ទាទោសឲ្យបានឆាប់រហ័ស៕

website_news/2016030303.txt · Last modified: 2017/02/28 10:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki