website_news:2016030501

រដ្ឋគួរបង្កើតមជ្ឈមណ្ឌលស្ដារនីតិសម្បាទាបន្ថែមសម្រាប់ជួយជនរងគ្រោះ

(http://www.postkhmer.com) គេហទំព័រភ្នំពេញប៉ុស្ដិ៍ Tue, 3 May 2016 តុង សុប្រាជ្ញ

ដោយសារភាពក្រីក្រ ការបាត់បង់ដីធ្លី ការគ្មានផ្ទះសម្បែង ការរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ការចង់ធ្វើឲ្យខ្លួនឯងជាអ្នកទំនើបកម្មក៏ចាប់ផ្តើមធ្វើចំណាកស្រុកពីភូមិកំណើតមកទីក្រុង និងឈានទៅឆ្លងដែនដើម្បីធ្វើការនៅក្រៅប្រទេសពេលខ្លះបើទោះបីជាដឹងមុនហើយថានឹងមានបញ្ហាប្រឈមក៏ដោយក៏នៅតែសម្រេចចិត្តទៅដែរ។

សកម្មភាពជួញដូរមនុស្សបានជំរុញឲ្យមនុស្សក្លាយទៅជាទាសករសម័យទំនើបដែលធ្វើឲ្យមានការព្រួយបារម្ភជាសកលគឺមានមនុស្សប្រមាណជា ៣៥,៨ លាននាក់បានធ្លាក់ខ្លួនជាទាសករនៅលើពិភពលោក។ នេះបើតាមរយៈការសិក្សាស្រាវជ្រាវស្ថាប័នសន្ទស្សន៍ទាសករជាសកលក្នុងឆ្នាំ ២០១៤។ ក្នុងរបាយការណ៍នេះដែរប្រទេសកម្ពុជាក៏ត្រូវបានគេចាត់ថ្នាក់លេខ ១៤ ក្នុងចំណោមប្រទេស ១៦៧ ដែលធ្វើការងារដូចទាសករសម័យទំនើបខ្ពស់ជាងគេ។ ហេតុអ្វីបានជារដ្ឋាភិបាលមិនមានប្រព័ន្ធគ្រប់គ្រាន់ដើម្បីជួយជនរងគ្រោះដោយសារការជួញដូរ និងការធ្វើការបែបទាសករ? តាមរយៈអង្គការសង់ត្រាល់ដែលធ្វើការជាមួយពលករចំណាកស្រុកបានប៉ាន់ប្រមាណពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសទាំងស្របច្បាប់ទាំងខុសច្បាប់គឺមានប្រមាណជា ២ លាននាក់ទៅហើយសព្វថ្ងៃនេះគ្រាន់តែពលករខុសច្បាប់ និងមានច្បាប់អនុញ្ញាតរយៈពេលខ្លីនៅប្រទេសថៃគឺប្រមាណជា ៧០ ម៉ឺននាក់ទៅហើយដែលមនុស្សមួយចំនួនធំត្រូវបានចាញ់បោកមេខ្យល់ជួញដូរ។ លក្ខខណ្ឌរបស់ពួកគេធ្វើការនៅទីនោះមានការលំបាកណាស់ មានការគាបសង្កត់ពីតម្រួតថៃផង និងមានការកេងប្រវ័ញ្ចការងារពីថៅកែផងរីឯខ្លះទៀតបានដើរសុំទានគេតាមចិញ្ចើមថ្នល់ក៏មានដែរ។

ដូចជាករណីអតីតកុមារជនរងគ្រោះពិការម្នាក់បានរៀបរាប់ក្នុងសនិ្នសីទ Trust Fund Asia នៅប្រទេសសិង្ហបុរីកាលពីសប្តាហ៍មុនថា៖ «គាត់ត្រូវបានមេខ្យល់បោកយកទៅដើរសុំទាននៅតាមចិញ្ចើមផ្លូវនៅទីក្រុងបាងកករាប់ឆ្នាំហើយពេលអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកដាក់នៅព្រំដែនប៉ោយប៉ែតគាត់បានចូលទៅមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋាភិបាល ៣ ទៅ ៤ ថ្ងៃរួចក៏ត្រឡប់ទៅផ្ទះវិញ។ ដោយសារតែភាពក្រីក្រគាត់មកនៅផ្ទះបានតែប៉ុន្មានខែក៏ត្រូវមេខ្យល់បោកឲ្យសុំទានទៀត។ នៅពេលដែលត្រឡប់មកវិញចុងក្រោយនេះក៏ត្រូវបានអង្គការ IOM យកគាត់មកដាក់ក្នុងមណ្ឌលស្តារនីតិសម្បទានៅខេត្តបាត់ដំបងហើយបានមកនៅ និងធ្វើការជាមួយអង្គការ Hagar រហូតដល់បច្ចុប្បន្ន»។ កាលពីខែកក្កដាឆ្នាំ ២០១៤ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខុសច្បាប់ទាំងអស់ចេញពីប្រទេសថៃគឺមានរហូតដល់រាប់ម៉ឺននាក់មកព្រំដែនដូចយកសំរាមមកចាក់ចោលអ៊ីចឹងរីឯអាជ្ញាធរខ្មែរឯណេះវិញគឺមានតែដឹកដាក់ឡានពីព្រំដែនទៅផ្ទះតែម្តងដោយមិនបានឲ្យស្នាក់នៅក្នុងមណ្ឌលសំចតដើម្បីធ្វើការផ្តល់ប្រឹក្សាឲ្យអាហារ សម្រាកជាបណ្តោះអាសន្ន ផ្តល់ការអប់រំទាំងផ្លូវកាយ និងផ្លូវចិត្តផ្តល់ចំណេះដឹងជំនាញដើម្បីរកការងារធ្វើនោះទេ។ មិនបានប៉ុន្មានខែផងអ្នកចំណាកស្រុកទាំងនោះត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញដដែល។

ទាក់ទងទៅនឹងមជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាសម្រាប់ជួយជនរងគ្រោះដោយសារការជួញដូរ និងទាសករនេះគឺមណ្ឌលរបស់រដ្ឋមានតែ ១ នៅព្រំដែនប៉ោយប៉ែតហើយនៅភ្នំពេញមានតែមណ្ឌលព្រៃស្ពឺដែលត្រូវបានអង្គការសិទ្ធិមនុស្សថាជាកន្លែងឃុំឃាំងដែលប្រមូលអ្នកសុំទានតាមថ្នល់ និងបាតុករតវ៉ាដីធ្លីក៏យកទៅដាក់នៅទីនោះដែរ មិនមែនមជ្ឈមណ្ឌលស្តារនីតិសម្បទាទៅតាមស្តង់ដារនោះទេ។ ករណីខ្វះមណ្ឌលសម្រាប់ការស្តារនីតិសម្បទានេះមិនមែនមានតែស្រុកខ្មែរនោះទេនៅប្រទេសវៀតណាមក៏ខ្វះដែរដូចលោកស្រី Mimi Vu នាយកអង្គការ PLF ដែលធ្វើការទប់ស្កាត់ការជួញដូរស្ត្រីវៀតណាមទៅប្រទេសចិនបានលើកឡើងនៅក្នុងសន្និសីទ Trust Fund Asia ដែរថា៖ «ការរំដោះស្ត្រីដែលជាជនរងគ្រោះដោយសារការជួញដូរផ្លូវភេទហើយយកមកដាក់ក្នុងមណ្ឌលស្តារនីតិសម្បទាសិនរួចហើយបានបញ្ជូនគាត់ទៅក្នុងសង្គមវិញ។ តែមណ្ឌលរបស់រដ្ឋមានតែ ៣ ទេហើយសហការជាមួយអង្គការទៀត»។ ចំណុចខ្វះខាតមជ្ឈមណ្ឌលស្ដារនីតិសម្បទារបស់រដ្ឋនេះគឺរដ្ឋាភិបាលមិនហ៊ានបង្កើតច្រើនទេព្រោះទី១- មិនយកចិត្តទុកដាក់លើកិច្ចការសង្គមកិច្ចនេះ មិនមានប្រយោជន៍ទៅនឹងនយោបាយហើយចំណាយលុយច្រើនទៀត និងទី២- ការបង្កើតច្រើនគឺគិតថាគេអាចវាយតម្លៃថាប្រទេសខ្លួននឹងអន់សម្បូរទៅដោយពលករចំណាកស្រុក។ តែដូចកន្លងមកពេលមានករណីពលករដែលត្រូវបញ្ជូនមកគឺទុកចោលនៅព្រលានយន្តហោះដូចយកមកបោះចោលមានស្ត្រីមកពីប្រទេសម៉ាឡេស៊ីខ្លះគឺពេលសួរទៅហាក់ដូចជាបាត់បង់ស្មារតីអស់រលីងមិនដឹងផ្ទះសម្បែងនៅទីណាផង។ ចំណែកឯអ្នកដែលត្រូវបានគេជួញដូរផ្លូវភេទទៅចិនគឺមកវិញស្បថតែម្តងដោយសារតែបាត់បង់នីតិសម្បទានោះហើយ។ ថ្មីៗនេះអង្គការសង់ត្រាល់បានបញ្ជូនស្ត្រីដែលត្រូវបានមេខ្យល់ជួញដូរយកទៅឲ្យធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយត្រូវបានជាប់គុក ៦ ខែទៀតព្រោះប៉ាស្ព័រត្រូវថៅកែចាស់ដកហូតយកបាត់។ តាមរយៈលោក ឌី ហេហូយ៉ា មន្ត្រីអង្គការសង់ត្រាល់បានមានប្រសាសន៍ថា៖ «ស្ត្រីដែលអាយុជាង ២០ ឆ្នាំនោះត្រូវបានបញ្ជូនឲ្យជួបក្រុមគ្រួសារនៅខេត្តត្បូងឃ្មុំមួយរយៈសិន។ តែស្ត្រីនោះបានបាត់បង់ការចងចាំច្រើនដូច្នេះអង្គការកំពុងតាមដានមើលថាបន្ទាប់មកតើគួរយកគាត់ដាក់ក្នុងមណ្ឌលអង្គការដៃគូឬយ៉ាងណា?»។

ដោយសារមានភាពខ្វះខាតនូវប្រព័ន្ធគាំទ្រនូវជនរងគ្រោះដោយសារការជួញដូរ និងការធ្វើការជារបៀបទាសករជាពិសេសគឺភាពពេញលេញរបស់មជ្ឈមណ្ឌលស្តារនីតិសម្បទាហើយបើពឹងផ្អែកទៅលើមណ្ឌលរបស់អង្គការគឺវាអាស្រ័យទៅលើមូលនិធិរបស់គេទេបើអស់មូលនិធិក៏គេបិទមណ្ឌលនោះដែរ។ ហេតុដូច្នេះរាជរដ្ឋាភិបាលគួរតែបង្កើនថវិកាសម្រាប់បង្កើតមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាដែលមានស្តង់ដារហើយដាក់ឲ្យដំណើរការខ្លួនឯងទៅ។ ជាមួយគ្នានោះដែរក៏ត្រូវបន្តអប់រំសហគមន៍កុំឲ្យចាញ់បោកមេខ្យល់ធ្វើចំណាកស្រុកទៅក្រៅប្រទេសដែលប្រឈមមុខខ្ពស់ទៅនឹងការជួញដូរ និងទាសករក្នុងពេលដែលបច្ចុប្បន្ននេះស្រុកខ្មែរកំពុងតែកង្វះកម្លាំងពលកម្មតែបែរជាពលករធ្វើចំណាកស្រុកទៅស្រុកគេច្រើនទៅវិញ៕

website_news/2016030501.txt · Last modified: 2017/03/02 12:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki