website_news:2016030801

ពលករខុសច្បាប់ខ្មែរនៅថៃអាចលំបាកក្នុងការចុះឈ្មោះបោះឆ្នោត

(http://khmer.voanews.com) 03 សីហា 2016 ម៉ែន គឹមសេង

វ៉ាស៊ីនតោន៖ ក្នុងខណៈពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងត្រៀមរៀបចំចុះឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធទំនើប មានការព្រួយបារម្ភថា ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស និងអ្នកខ្លះដែលធ្វើការដោយខុសច្បាប់នៅប្រទេសថៃរាប់សែននាក់អាចនឹងបាត់បង់សិទ្ធិបោះឆ្នោត បើសិនជា មិនមានការយកចិត្តទុកដាក់ និងជួយសម្រួលដល់ពួកគេ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើការចុះឈ្មោះអ្នកបោះឆ្នោតពីថ្ងៃទី១ ខែកញ្ញាដល់ថ្ងៃទី២៩ខែវិច្ឆិកា។ នេះគឺជាការចុះឈ្មោះធ្វើបញ្ជីបោះឆ្នោតថ្មី ដោយប្រើប្រព័ន្ធឌីជីថល ហើយជាផ្នែកមួយនៃការព្រមព្រៀងគ្នារវាងគណបក្សនយោបាយទាំងពីរ គឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងគណបក្សសង្គ្រោះជាតិដែលបានចរចាគ្នាសម្រេចក្រោយពីជាប់គាំងនយោបាយអស់រយៈពេលជិតមួយឆ្នាំបន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣។

គណបក្សប្រឆាំងក្នុងប្រទេសកម្ពុជាបានស្នើសុំឱ្យគណបក្សនយោបាយនានា រដ្ឋាភិបាល និងស្ថានទូត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្តោតការចាប់អារម្មណ៍លើបញ្ហានេះ បើមិនដូច្នេះ ទេពួកគាត់នឹងបាត់បង់សិទ្ធិបោះឆ្នោតក្នុងពេលខាងមុខ។ លោកស្រីមូរ សុខហួរ អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិបានបញ្ជាក់ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ថា៖ «អ្វីដែលសំខាន់ដែលយើងត្រូវធ្វើគឺពលករធ្វើការក្រៅប្រទេសត្រូវតែទៅចុះឈ្មោះឆ្នោត‍»។

គណបក្សសង្គ្រោះជាតិបានបង្កើតក្រុមការងារជួយចុះឈ្មោះពលករនៅតាមព្រំដែនហើយលោកស្រីមូរ សុខហួរដែលដឹកនាំគណៈកម្មការចំពោះកិច្ចរបស់គណបក្សសង្គ្រោះជាតិនឹងធ្វើដំណើរទៅប្រទេសថៃក្នុងពេលឆាប់ៗខាងមុខនេះដើម្បីធ្វើទំនាក់ទំនងជាមួយពលករនិងប្រាប់ពួកគេឱ្យបានដឹងពីការចុះឈ្មោះបោះឆ្នោតនិងសេវាដែលជួយដល់ពួកគេ។ លោកស្រីបន្ថែមថា៖ «ខ្ញុំក៏សូមអ្នកតំណាងរាស្រ្តនៃគណបក្សដទៃទៀតធ្វើការងារនេះដូចគ្នាដើម្បីធ្វើការងារហ្នឹងដូចគ្នាហើយយើងសូមឱ្យរាជរដ្ឋាភិបាលជាពិសេសក្រសួងការងារហើយនឹងអគ្គរដ្ឋទូតប្រទេសកម្ពុជាយើងគឺត្រូវតែរៀបចំធ្វើដំណោះស្រាយនេះជាមួយនឹងប្រទេសដែលយកពលករយើងទៅធ្វើ យកធនធានមនុស្សយើងទៅធ្វើការ។ ដូច្នេះយើងជារដ្ឋាភិបាលត្រូវមានកាតព្វកិច្ចនៅក្នុងការការពារសិទ្ធិពលរដ្ឋ ពលករចំណាកស្រុកគឺមានសិទ្ធិធ្វើនយោបាយដូចជាពលរដ្ឋដទៃទៀតដែរ‍»។

គណបក្សសង្គ្រោះជាតិលើកទឹកចិត្តពលករខ្មែរដែលធ្វើការនៅប្រទេសថៃឱ្យមកចុះឈ្មោះបោះឆ្នោតនៅតាមខេត្តមួយចំនួននៅតាមបណ្តោយព្រំដែនខ្មែរ-ថៃបើពួកគេមិនមានលទ្ធភាពធ្វើដំណើរទៅចុះឈ្មោះនៅស្រុកកំណើតដែលនៅឆ្ងាយនោះទេជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំក្នុងពេលខាងមុខ។ លោកស្រីមូរ សុខហួរបានបន្ថែមថាចំណាត់ការនេះគឺដើម្បីការពារសិទ្ធិបោះឆ្នោតរបស់ពលករនៅក្រៅប្រទេសបន្ទាប់ពីគណបក្សនេះបានតស៊ូដោយមិនបានជោគជ័យក្នុងការទាមទារជាមួយនឹងគណបក្សកាន់អំណាចឱ្យបង្កើតការិយាល័យចុះឈ្មោះនិងបោះឆ្នោតនៅក្រៅប្រទេស។

អង្គការពលកម្មនានាប៉ាន់ស្មានថាមានពលករខ្មែរជិត១លាននាក់កំពុងធ្វើការទាំងស្របច្បាប់និងមិនស្របច្បាប់នៅក្នុងប្រទេសថៃ។ លោកលី រតនរស្មី អ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនសន្តិសុខមួយក្នុងតំបន់លំហែរប៉ាតាយ៉ាក្នុងប្រទេសថៃលើកឡើងថាពលករខ្មែរមានចិត្តចង់ត្រឡប់ទៅស្រុកកំណើតវិញដើម្បីចុះឈ្មោះបោះឆ្នោតហើយអ្នកដែលមានឯកសារធ្វើដំណើរភាគច្រើននឹងត្រឡប់ទៅចុះឈ្មោះប៉ុន្តែពលករខ្លះមិនហ៊ានត្រឡប់មកវិញទេ ព្រោះពួកគេបានចូលទៅប្រទេសថៃដោយខុសច្បាប់ហើយគ្មានឯកសារសម្រាប់ធ្វើដំណើរឡើយ។ លោកបានបន្ថែមថា៖ «សម្រាប់ប្រជាពលករដែលនៅក្នុងប្រទេសថៃ វាចូលពី ៦០ភាគរយទៅ ៧០ភាគរយហើយដែលគាត់ចង់បានទាមទារឱ្យប្រទេសកម្ពុជាយើងដូចជាខាងគ.ជ.ប. បើសិនជាមានការបោះឆ្នោត រៀបចំនៅប្រទេសថៃតាមតំបន់នីមួយៗឬនៅទូទាំងប្រទេសថៃ គឺបើខាងគ.ជ.បអាចរៀបចំនៅក្នុងប្រទេសថៃដែលជាតំបន់ពួកគាត់កំពុងរស់នៅធ្វើការខ្ញុំជឿជាក់ថាពួកគាត់នឹងចូលរួមបោះឆ្នោតច្រើន‍»។

ច្បាប់បោះឆ្នោតថ្មីមិនបានផ្តល់លទ្ធភាពឱ្យពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសឬរស់នៅជាពលរដ្ឋអចិន្ត្រៃយ៍នៅក្រៅប្រទេសដូចជានៅសហរដ្ឋអាមេរិក បារាំង កាណាដានិងអូស្ត្រាលីបានបោះឆ្នោតទេ។ នេះជាការដែលអ្នកតស៊ូមតិសហគមន៍ដូចជាលោកសេង សោភ័ណប្រធានគណៈកម្មការសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស (សេរ៉ក់)កំពុងតស៊ូទាមទារ។

លោកសេង សោភ័ណបានបញ្ជាក់ប្រាប់វីអូអេថាលោកមានជំនឿនិងអំពាវនាវធ្វើយ៉ាងណាឱ្យគ.ជ.បរៀបចំចុះឈ្មោះបោះឆ្នោតពលករខ្មែរធ្វើការនៅប្រទេសថៃនិងកូរ៉េមានឱកាសចុះឈ្មោះបោះឆ្នោត។ «ប្រជាជនខ្មែរដែលនៅក្រៅប្រទេសមានចំនួនច្រើនណាស់ហើយអ្នកទាំងអស់នេះជាអ្នកចូលរួមអភិវឌ្ឍន៍ជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចនយោបាយក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមបានច្រើនណាស់នៅក្នុងប្រទេសកម្ពុជាយើងជាពិសេសគឺយុវជន។ កម្លាំងកម្មករចំណាកស្រុកទាំងនៅស្រុកថៃនិងកូរ៉េគឺជាកម្លាំងចលករយុវជនជំនាន់ថ្មីដែលមានស្មារតីកម្លាំងពលំខ្លាំងដូច្នេះពួកគេគួរតែមានសិទ្ធិបោះឆ្នោត‍»។

website_news/2016030801.txt · Last modified: 2017/03/10 15:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki