website_news:2016030802

គ.ជ.ប ចង់ឲ្យក្រសួងការងារជួយដល់ពលករខ្មែរឲ្យមកចុះឈ្មោះបោះឆ្នោតតែម្ដងដោយមិនចាំមានសំណើ

(http://km.rfi.fr/cambodia) ដោយ អេង គីមហុង 02/08/2016

ណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ស្វាគមន៍ចំពោះកិច្ចសហការពីក្រសួងការងារក្នុងការជួយសម្រួលដល់ពលករខ្មែរនៅថៃឲ្យបានមកចុះឈ្មោះបោះឆ្នោត ដែលបាំងតែមួយខែទៀតនឹងមកដល់នៅថ្ងៃទី១កញ្ញាខាងមុខ។ ផ្ទុយមកវិញ គ.ជ.ប ចង់ឲ្យក្រសួងការងារចេញមុខជួយសម្របសម្រួលដល់កម្មករផ្ទាល់តែម្ដងដោយមិនចាំបាច់មានសំណើពី គ.ជ.ប អ្វីនោះទេ ព្រោះនេះជាស្មារតីភ្ញាល់រលឹករបស់ក្រសួងការងារ។ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។

ការលើកឡើងរបស់ គ.ជ.ប ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រសួងការងារកាលពីថ្ងៃម្សិលមិញប្រកាសជួយសម្រួលពលករខ្មែរនៅថៃឲ្យបានមកចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី០១កញ្ញា បើមានសំណើពីស្ថាប័នជាតិរៀបចំការបោះឆ្នោត គ.ជ.ប។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានគូសបញ្ជាក់ថា ការជួយសម្រួលដល់ពលករខ្មែរដើម្បីឲ្យពួកគេបានមកចុះឈ្មោះបោះឆ្នោតគឺត្រូវតែធ្វើទៅតាមច្បាប់ស្ដីពី ការបោះឆ្នោត ពោលបើច្បាប់តម្រូវឱ្យចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅឯណាគឺត្រូវអនុវត្តឱ្យស្របតាមនីតិវិធីរបស់គ.ជ.ប ។ បន្ថែមពីលើនេះទៀតលោក អ៊ិត សំហេង អំពាវនាវឱ្យកម្មករនិយោជិតទាំងក្នុងប្រទេស និងក្រៅប្រទេស ត្រូវមកបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តនូវកាតព្វកិច្ច និងសិទ្ធិសេរីភាព ក្នុងជ្រើសរើសថ្នាក់ដឹកនាំតាមមូលដ្ឋានឃុំ-សង្កាត់របស់ខ្លួន។

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិអាចរៀបចំលិខិតចំនួន២ នៅក្នុងសប្តាហ៍នេះ រឺសប្តាហ៍ក្រោយ ដើម្បីស្នើទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រសួងការងារ ដើម្បីសម្រួលដល់ការចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខនេះ។ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា នេះគឺជាការជួយសម្រួលដល់ប្រជាពលរដ្ឋ ឬកម្មករ ដែលធ្វើការនៅភ្នំពេញ អាចមានសិទ្ធិទៅការចុះឈ្មោះបោះឆ្នោតស្របពេលដែលខ្លួនទៅលេងស្រុកកំណើតនៅថ្ងៃឈប់សម្រាក។ មិនតែប៉ុណ្ណោះលោកបន្ថែមថា ការស្នើទៅកាន់ក្រសួងការងារ គឺដើម្បីរួមគ្នា ចាត់វិធានការអោយរោងចក្រសហគ្រាស ទាំងក្នុងនិងក្រៅស្រុក អាចផ្តល់ឪកាស ឈប់សម្រាកពិសេសដល់កម្មករ ដែលភាគច្រើនជាអ្នកធ្វើការថែមម៉ោងថ្ងៃឈប់សម្រាក អាចទៅចុះឈ្មោះបានដោយងាយស្រួល។

សូមបញ្ជាក់ថា គ.ជ.ប បានប្រកាសអំពី ការចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ នៅតាមសាលាឃុំ សង្កាត់ និងតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់ ដែលបើកធ្វើការជារៀងរាល់ថ្ងៃ (ក្នុងម៉ោងធ្វើការ) គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕

website_news/2016030802.txt · Last modified: 2017/03/10 15:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki