website_news:2016030803

ម៉ាឡេស៊ីដោះលែង ពលរដ្ឋខ្មែរ១៨នាក់ ដែលជាប់ពន្ធនាគារ Bukit Jalil

(http://www.dap-news.com/kh) ថ្ងៃពុធ, 03 សីហា ២០១៦ 11:30 ដោយ: ដើមអម្ពិល ID:012 ភ្នំពេញ ៖ ពលករខ្មែរនឹងត្រឡប់មកកម្ពុជាជាបណ្តើរៗ ក្រោយពីអាជ្ញាធរម៉ាឡេស៊ី បានដោះលែងពួក គេទាំង១៨នាក់ឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីមានការចាប់ឃុំខ្លួន ក្នុងពន្ធនាគារ Bukit Jalil ។

សេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការបរទេសខ្មែរនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦នេះបានឲ្យដឹងថា ក្រសួងការបរទេស បានណែនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី ជម្រុញទំនាក់ទំនង អន្តរាគមន៍ជាមួយអាជ្ញាធរម៉ាឡេស៊ី សុំដោះលែងពលរដ្ឋខ្មែរ ដែលកំពុងជាប់ឃុំនៅពន្ធនាគារ Bukit Jalil និងរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋទាំងនោះ ត្រឡប់មកកម្ពុជាវិញ។

បន្ទាប់ពីមានអន្តរាគមន៍របស់ស្ថានទូត អាជ្ញាធរម៉ាឡេស៊ី បានយល់ព្រមដោះលែងពលរដ្ឋខ្មែរនៅ ពន្ធនាគារ Bukit Jalil ចំនួន១៨នាក់ ។ ជាមួយគ្នានេះដែរ ស្ថានទូតក៏បានទាក់ទង ជាមួយអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍(IOM) សុំឲ្យជួយដោះស្រាយសំបុត្រយន្តហោះ សម្រាប់មាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ទាំង១៨នាក់នេះ។

ជាលទ្ធផល ពលរដ្ឋខ្មែរ៥នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៦ វេលាម៉ោង ១៧និង១០ នាទី តាមជើងយន្តហោះMH762។ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ នឹងជួបសម្ភាសន៍ជាមួយពលរដ្ឋខ្មែរដែលនៅសល់១៣នាក់ទៀត ក្នុងដំណើរការដោះស្រាយផ្តល់ សំបុត្រយន្តហោះត្រឡប់មកកម្ពុជាវិញ៕

website_news/2016030803.txt · Last modified: 2017/03/10 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki