website_news:2016030804

ពលករខ្មែរជិត ២០ ម៉ឺននាក់អាចសុំឯកសារពីអាជ្ញាធរថៃ

(http://www.postkhmer.com) Wed, 3 August 2016 ទូច សុខា

ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃជិត ២០ ម៉ឺននាក់ដែលមិនទាន់មានឯកសារស្របច្បាប់ឲ្យស្នើសុំឯកសារបញ្ជាក់ពីភាពស្របច្បាប់របស់ខ្លួនពីអាជ្ញាធរថៃចាប់ពីខែកញ្ញាខាងមុខតទៅ។ក្នុងលិខិតជូនដំណឹងមួយចុះថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៦ ក្រសួងការងារបានឲ្យដឹងថាក្រសួងការងារថៃនឹងផ្សព្វផ្សាយឈ្មោះពលករកម្ពុជាដែលមានលិខិតឆ្លងដែន ឬ លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅក្រៅប្រទេស ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស និងប័ណ្ណពណ៌ស៊ីជម្ពូចំនួនសរុប ១៩៨ ៩៣០ នាក់នៅលើគេហទំព័រក្រសួងការងារ និងនាយកដ្ឋានមុខរបរថៃ។

សេចក្តីជូនដំណឹងសរសេរថាពលករកម្ពុជាដែលមិនទាន់មានឯកសារស្របច្បាប់ និងនិយោជកជនជាតិថៃរបស់ពលករទាំងនោះអាចស្នើសុំឯកសាររបស់ពលករពីភាគីកម្ពុជាតាមរយៈនាយកដ្ឋានមុខរបរថៃ ឬមន្ទីរការងារថៃចាប់ពីថ្ងៃទី ១ ខែកញ្ញាតទៅ។ បើតាមសេចក្តីជូនដំណឹងដដែលឯកសារទាំងនោះរួមមានលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការក្រៅប្រទេស និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស។ ក្រសួងការងារកម្ពុជាឲ្យដឹងថា ក្រសួងការងារថៃនឹងជូនដំណឹងថ្លៃសេវាដកឯកសារទាំងនេះ និងព័ត៌មានលម្អិតបន្ថែមទៀតនៅចុងខែសីហានេះ។ បើតាមក្រសួងការងារកម្ពុជាថ្លៃសេវាដកឯកសារទាំងនេះមានតម្លៃប្រហែលជា ៩៥០ បាត។

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញតាមសារអេឡិចត្រូនិកថាសេចក្តីជូនដំណឹងនេះមានគោលបំណងជូនដំណឹងដល់ពលករកម្ពុជាឲ្យទៅទទួលឯកសារស្របច្បាប់។ លោកសរសេរថា៖ «គោលបំណងនៃសេចក្តីជូនដំណឹងគឺប្រាប់ពលករខ្មែរយើងដែលមិនទាន់មានឯកសារស្របច្បាប់ និងកំពុងកាន់ប័ណ្ណពណ៌ស៊ីជំពូឲ្យរង់ចាំទទួលឯកសារស្របច្បាប់ដែលក្រសួងការងារថៃនឹងផ្តល់ឲ្យ»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់លោក មឿន តុលា បានឲ្យដឹងថាពលករកម្ពុជាដែលធ្វើការស្របច្បាប់នៅប្រទេសថៃគឺជាពលករដែលចេញទៅធ្វើការតាមរយៈទីភ្នាក់ងារនាំពលករទៅធ្វើការក្រៅប្រទេសដោយស្របច្បាប់។ ដោយឡែកពលករមួយចំនួនទៀតបានលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់តែត្រូវបានអាជ្ញាធរថៃផ្តល់នូវប័ណ្ណពណ៌ស៊ីជំពូសម្រាប់ឲ្យធ្វើការតែនៅក្នុងខេត្ត ឬតំបន់ណាមួយជាក់លាក់ដោយមិនអាចធ្វើដំណើរដោយសេរីបានទេ។ លោកបន្តថា អ្នកទាំងនោះហើយដែលត្រូវសុំឯកសារមួយចំនួនពីរដ្ឋាភិបាលកម្ពុជាដូចជាលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសជាដើម។

លោកថាពលករដែលមានឯកសារទាំងនេះទើបអាចធ្វើដំណើរក្នុងប្រទេសថៃបានដោយស្របច្បាប់។ លោក តុលា សាទរទៅនឹងវិធានការរបស់ក្រសួងនេះតែលោកថាកន្លងមកក៏មានពលករបានត្អូញត្អែរពីភាពយឺតយ៉ាវរបស់មន្ត្រីអន្តរក្រសួងក្នុងការចេញលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងៗដល់ពួកគាត់ផងដែរ។

លោកបន្ថែមថា៖ «ការធ្វើលិខិតឆ្លងដែនហ្នឹងមានរយៈពេលយូរតម្លៃមិនច្បាស់លាស់…ស្ថានទូតខ្មែរនៅប្រទេសថៃធ្វើការតែពីម៉ោង ៩ ព្រឹកទៅដល់ម៉ោង ១២ ថ្ងៃត្រង់…វាពិបាកសម្រាប់ពលករក្នុងការស្នើសុំធ្វើឯកសារផ្សេងៗ»។

កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានណែនាំដល់មន្ត្រីរបស់ខ្លួនឲ្យបិទច្រករបៀងនៅតាមព្រំដែនដោយថាដើម្បីទប់ស្កាត់ពលករឆ្លងដែនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។ លោក ស ខេង ចាត់ទុកថាពលករចំណាកស្រុកដោយខុសច្បាប់នៅក្រៅប្រទេសនាំឲ្យពលកររងនូវការរំលោភបំពាន និងកេងប្រវ័ញ្ចកម្លាំងពលកម្ម។

ទោះយ៉ាងណា លោកថា ពលករដែលធ្វើការដោយស្របច្បាប់នៅក្រៅប្រទេសបានទទួលប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិត និងគ្រួសារ។ គួរបញ្ជាក់ថាកាលពីពាក់កណ្តាលឆ្នាំ ២០១៤ ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃជាង ២ សែននាក់ត្រូវបានអាជ្ញាធរយោធាថៃចាប់បញ្ជូនមកកាន់កម្ពុជាវិញ។

ទោះយ៉ាងណា ក្រោយពីមានការបញ្ជូនពលករដ៏ច្រើនត្រឡប់មកវិញនេះរដ្ឋាភិបាលកម្ពុជា ថៃ បានឯកភាពគ្នាបញ្ជូនពលករខ្មែរត្រឡប់ទៅប្រទេសថៃវិញ ដោយភាគីទាំងពីរព្យាយាមផ្តល់ឯកសារស្របច្បាប់ ឬឯកសារការងារបណ្តោះអាសន្នដល់អ្នកទាំងនោះ៕

website_news/2016030804.txt · Last modified: 2017/03/10 15:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki