website_news:2016040103

ជនអន្តោប្រវេសន៍ជាង3.770នាក់ស្លាប់ក្នុងសមុទ្រមេឌីទែរ៉ាណេក្នុងឆ្នាំ2015 ដោយ៖ ខាន់ សុខឃន

(http://kohsantepheapdaily.com.kh ថ្ងៃសុក្រ ទី១ ខែមករា ឆ្នាំ២០១៦ ម៉ោង ១៥:១៦)

អង្គការអន្តោប្រវេសន៍អន្តរជាតិ OIM រាយការណ៍កាលពីថ្ងៃទី៣១ ធ្នូ ថា ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនជាង៣.៧៧០នាក់ស្លាប់ក្នុងឆ្នាំ២០១៥ ពេលធ្វើដំណើរផ្សងព្រេងកាត់សមុទ្រមេឌីទែរ៉ាណេប៉ុនប៉ងមកកាន់អឺរ៉ុប ដែលនេះជាតួលេខខ្ពស់មួយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ ។ OIM បញ្ជាក់ថា ភាគច្រើននៃអ្នកស្លាប់ទាំងនោះគឺនៅភាគកណ្តាលសមុទ្រមេឌីទែរ៉ាណេតាមផ្លូវដែលពួកមេខ្យល់ប្រើប្រាស់បញ្ជូនមនុស្សមកពីលីប៊ី ។ ខែដែលមានមនុស្សស្លាប់ច្រើនបំផុតគឺខែមេសា ជាមួយអ្នកស្លាប់ជិត១.២៥០នាក់ ក្នុងនោះប្រមាណ៨០០នាក់ ដោយសារការលិចនាវាតែមួយគ្រឿងក្នុងដែនទឹកនៃឆ្នេរសមុទ្រលីប៊ី ។

មានមនុស្សតែ២៨នាក់ប៉ុណ្ណោះអាចទៅរស់រានមានជីវិតពីសោកនាដកម្មនេះ ។ សរុបលើពិភពលោកមានជនអន្តោប្រវេសន៍ ឬជនភៀសខ្លួនស្លាប់៥.៣៥០នាក់ ដោយសារប៉ុនប៉ងមកកាន់ប្រទេសដទៃ ខណៈក្នុងឆ្នាំ២០១៤ មាន៥.០១៧នាក់ ។ ចំនួនអ្នកស្លាប់នាឆ្នាំនេះក្នុងសមុទ្រមេឌីទែរ៉ាណេមានប្រហាក់ប្រហែលនឹងឆ្នាំ២០១៤ ដែលមាន៣.២៧០នាក់ ។ បន្ទាប់ពីសមុទ្រមេឌីទែរ៉ាណេ តំបន់មានមនុស្សស្លាប់ច្រើនដែរ សម្រាប់ពួកអន្តោប្រវេសន៍គឺអាស៊ីអាគ្នេយ៍ ពិសេសក្នុងឈូងសមុទ្រ បឹងហ្គាល់ សមុទ្រអានដាម៉ាន ម៉ាឡេស៊ី និងថៃ ដែលនៅកន្លែងទាំងនេះក្នុងឆ្នាំ២០១៥ ជំរឿនឃើញអ្នកស្លាប់យ៉ាងតិច៨០០នាក់ ។ នៅម៉ិចស៊ិក និងតាមបណ្តោយព្រំដែនអាមេរិក-ម៉ិចស៊ិកកត់សម្គាល់ឃើញជនអន្តោប្រវេសន៍ស្លាប់៣៣០នាក់ ៕

website_news/2016040103.txt · Last modified: 2017/02/24 13:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki