website_news:2016040201

អាជ្ញាធររាជធានីភ្នំពេញប្រមូលជនអនាថាជាង១ពាន់នាក់ ស្ត្រីរកស៊ីផ្លូវភេទ៣៥២នាក់ ដើម្បីអប់រំ និងបណ្តុះបណ្តាល

(https://kohsantepheapdaily.com.kh/ដោយ ៖ ចន ណារិទ្ធ ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង ២០:៥១)

រាជធានីភ្នំពេញ ៖យោងតាមរបាយការណ៏របស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានឲ្យដឹងថានៅរាជធានីភ្នំពេញ ឆ្នាំ២០១៥កន្លងមកនេះ មន្ទីរប្រមូល និងសង្គ្រោះជនអនាថាបានចំនួន១០៩៣នាក់ ក្នុងនោះអ្នកមិនស្ម័គ្រចិត្តចំនួន៩៦៥នាក់ ស្រី៣៩៩នាក់ និងស្ត្រីរកស៊ីផ្លូវភេទចំនួន៣៥២នាក់ ដើម្បីអប់រំបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈនិងខ្លះអប់រំរួចបញ្ជូនទៅស្រុកកំណើតវិញ ។

របាយការណ៏នេះត្រូវបានអានដោយលោក មាន ចាន់យ៉ាដា នាយករដ្ឋបាលរាជធានីភ្នំពេញនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ របស់រដ្ឋបាលរាជធានីភ្នំពេញដែលធ្វើឡើងកាលពីរសៀលថ្ងៃទី២៨មករា២០១៦ នៅសាលារាជធានីភ្នំពេញ ស្ថិតក្នុងអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទសាលារាជធានីភ្នំពេញយ៉ាងកុះករ ។ របាយការណ៏ដដែរនោះបានឲ្យដឹងទៀតថា ក្នុងចំណោមជនអនាថាជាង១ពាន់នាក់នេះ មានកុមារងគ្រោះដោយអំពើរជួញដូរមនុស្ស រំលោភបំពានផ្លូវភេទ និងកេងប្រវញ្ចកម្លាំងពលកម្មចំនួន១២៩នាក់ ស្រី៧០នាក់ បានទទួលក្មេងទំនើងបំពានសារធាតុញៀនចំនួន២២៦នាក់ ស្រី១៣នាក់ ។ឆ្នាំ២០១៥នេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន និងកំពុងគ្រប់គ្រងនិវត្តជនចំនួន១៣.៩៨៦នាក់ ជនបាត់បង់សម្បទាវិជ្ជាជីវៈ៩២៩នាក់ កូនកំព្រាបេសកកម្ម៤នាក់ កូនកំព្រាដោយជំងឺ១១៣នាក់ ប្រពន្ធសពនិវត្តជន១៦៣១នាក់ ប្រពន្ធសពជនបាត់បង់៨០នាក់ ។ មន្ទីរកំពុងគ្រប់គ្រងគ្រួសារពលី២១៤១គ្រួសារ បន្ទុក៣២៨៩នាក់ កូន១០០៤នាក់ គ្រួសារមរណៈ១២៥៧គ្រួសារ បន្ទុក១៨៣៥នាក់ កូន៨១៥នាក់ និវត្តយោធា ៤១៨៧គ្រួសារ បន្ទុក៣២៣៩នាក់ កូន៥៨៩នាក់ បាត់បង់សម្បទាវិជ្ជាជីវៈ១០២គ្រួសារ បន្ទុក៦០នាក់ និងជនពិការ១៣៩១គ្រួសារ បន្ទុក១០៤១នាក់ កូន៣២០នាក់ ។

ទាក់ទិននឹងជនអនាថាខាងលើនេះ លោកសន សុផល ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានឲ្យកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទនៅថ្ងៃទី០៣កុម្ភះ ២០១៥នេះថា អនុវត្តន៏តាមផែនការ របស់ក្រសួងសង្គមកិច្ច បណ្តុះបណ្តាលវិជ្ជាជីវៈ និងការណែនាំរបស់សាលារាជធានីភ្នំពេញមន្ទីររបស់លោកបានខិតខំធ្វើការ ប្រមូល និងសង្គ្រោះដល់ជនអនាថា ដែលគ្មានទីពឹង ដើរដេកតាមសំយ៉ាបផ្ទះ តាមផ្លូវ ថ្នល់ និងទីសាធារណៈ ដោយពួកគាត់ងាយរងគ្រោះថ្នាក់បំផុត ។ហើយជនអនាថាដែលយើងបានជួយសង្គ្រោះនោះត្រូវបានមន្ទីរធ្វើការអប់រំ ណែនាំ និងបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ និងខ្លះអប់រំរួចបញ្ជូនទៅស្រុកកំណើតវិញ ៕

website_news/2016040201.txt · Last modified: 2017/02/27 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki