website_news:2016040202

ប្រជាពលរដ្ឋខេត្ដឧត្ដរមានជ័យនាំគ្នាឆ្លងដែនទៅប្រទេសថៃដើម្បីកាប់ឈើគ្រញូងលក់តែកម្លាំងតាមច្រកព្រំដែនថាមិនដឹង

(http://beta.nokorwatnews.com/Thursday , 4 February 2016)

ខេត្ដឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋទាំង ចាស់ទាំងក្មេងទាំងក្រមុំនិងកំលោះដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្ដឧត្ដរមានជ័យមួយចំនួនធំបាន នាំគ្នាឆ្លងដែនចូលក្នុងទឹកដីប្រទេសថៃ ដើម្បីកាប់ឈើគ្រញូងយកមកលក់ឱ្យ ក្រុមឈ្មួញដែលចាំទិញស្រាប់ ។

ប្រភពព័ត៌មានបានឱ្យដឹងថា ជារៀង រាល់ថ្ងៃគេតែងឃើញមានប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ ដែលរស់នៅតាម បណ្ដោយព្រំដែនកម្ពុជា-ថៃ ជាពិសេស ក្នុងខេត្ដឧត្ដរមានជ័យទាំងចាស់ទាំងក្មេង ទាំងក្រមុំនិងកំលោះបាននាំគ្នាប្រថុយប្រថាននឹងគ្រោះថ្នាក់ឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដើម្បីរកកាប់ឈើគ្រញូងមកលក់ ឱ្យឈ្មួញ ។ ការឆ្លងដែនចូលទៅកាប់ឈើ ក្នុងទឹកដីថៃសព្វថ្ងៃនេះសឹងតែក្លាយជា របរប្រចាំថ្ងៃរបស់ពួកគាត់ទៅហើយ ដែលគេសង្កេតឃើញថាពួកគាត់ម្នាក់ៗ ហាក់មានការកាក់កបនិងមានជីវភាពធូរធារប្រសើរជាងមុន ។

ជាក់ស្ដែងកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិត្រញំងបី ឃុំព្រះប្រឡាយ ស្រុកត្រញំងប្រសាទ ខេត្ដឧត្ដរមានជ័យគេបានប្រទះឃើញ ប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាយកដុំឈើគ្រញូងដែលពួកគាត់បានចូលទៅកាប់ក្នុងទឹកដីថៃយកមកលក់ឱ្យក្រុមឈ្មួញ ដែលបានបោះទីតាំងដើម្បីចាំទិញឈើពីពួកគាត់ជាស្រេចដោយពុំមានការបង្ក្រាបទប់ស្កាត់ពីសមត្ថកិច្ចណានោះទេ ។ តាមសម្ដីរៀបរាប់របស់ប្រជាពលរដ្ឋដែលប្រកបរបរកាប់ឈើគ្រញូងលក់ បានឱ្យដឹងថា រាល់ថ្ងៃពួកគាត់ត្រូវបង់ ប្រាក់ឱ្យទាហានខ្មែរ ដែលប្រចាំការនៅ តាមច្រកព្រំដែនក្នុងម្នាក់៨ម៉ឺនរៀល ដើម្បី បានឆ្លងដែនចូលទៅទឹកដីថៃ ។ ពួកគាត់ ត្រូវធ្វើដំណើរចម្ងាយប្រហែល៣០-៤០ គីឡូម៉ែត្រពីព្រំដែនកម្ពុជា ក្នុងអំឡុង ពី៥ថ្ងៃទៅ៨ថ្ងៃទើបត្រឡប់មកវិញ ។ ពេល ដែលពួកគាត់ចូលទៅនោះគឺម្នាក់ៗសុទ្ធតែផ្សងនឹងគ្រោះថ្នាក់ដល់អាយុជីវិត ពីព្រោះថាប្រសិនបើពួកគាត់ត្រូវទាហានថៃប្រទះឃើញគេនឹងបាញ់សម្លាប់ចោលដូចជាសត្វធាតុ ។ ប្រជាពលរដ្ឋបន្ដថា ហេតុដែលពួក គាត់សម្រេចចិត្ដប្រកបរបរនេះ គឺដោយ សារតែកត្ដាជីវភាព ហើយម្យ៉ាងទៀត នោះប្រសិនបើពួកគាត់អាចកាប់ឈើ គ្រញូងបានមកមានប៉ុន្មានឈ្មួញគេទិញប៉ុណ្ណឹងក្នុងតម្លៃសមរម្យដែលអាចឱ្យពួកគាត់មានជីវភាពបានល្អប្រសើរ ។ ទាក់ទិននឹងករណីខាងលើនេះលោក ស៊ុន បូរ៉ាន់ មេបញ្ជាការសឹករងស្រុក ត្រញំងប្រាសាទបានឱ្យដឹងតាមទូរស័ព្ទថា នៅត្រង់ចំណុចភូមិត្រញំងបីនោះ គឺ ប្រចាំការដោយកម្លាំងយោធាគ៤ ដោយ លោកមិនបានដឹងរឿងទាំងអស់នេះនៅ ឡើយ ព្រោះលោកបានប្រគល់ការងារ នេះទៅឱ្យលោកមេបញ្ជាការរង លឿត ផល្លា ជាអ្នកគ្រប់គ្រងផ្ទាល់ ។

ដោយឡែកលោកលឿត ផល្លា មេ បញ្ជាការគ.៤មិនបានបកស្រាយជុំវិញ ករណីខាងលើនេះទេ ព្រោះទូរស័ព្ទចូលតែ និយាយស្ដាប់គ្នាមិនបានក៏ដាច់ទៅវិញ ។ ទោះបីជាយ៉ាងណាលោកឧត្ដមសេនីយ៍ត្រីតុន ញាន មេបញ្ជាការសឹករងខេត្ដ បន្ទាយមានជ័យបានឱ្យដឹងថា លោកពុំ ទាន់បានទទួលរបាយការណ៍ណាមួយនៅ ឡើយជុំវិញករណីនេះ ។ លោកថានេះ អាចប្រហែលមកពីថ្នាក់ក្រោមលាក់ លៀមមិនឱ្យលោកដឹងក៏ថាបាន តែយ៉ាង ណាលោកនឹងស៊ើបអង្កេតហើយចាត់ វិធានការឱ្យបានជាក់លាក់ ៕ ប៉ែន នួន

website_news/2016040202.txt · Last modified: 2017/02/27 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki