website_news:2016040203

ការចាកចេញដ៏ច្រើនប្រចាំឆ្នាំនៃក្រុមជន Rohingya ប្រទេសមីយ៉ាន់ម៉ាបានផ្អាក

(http://khmer.voanews.com/ 04 កុម្ភៈ 2016 ) ស៊ិតវេ (មីយ៉ាន់ម៉ា)

ពេលនេះជា«រដូវធ្វើដំណើរតាមសមុទ្រ»នៅក្នុងប្រទេសភូមាដែលជាពេលវេលាមួយក្រុមជនអំបូរ Rohingya កាន់សាសនាឥស្លាមធ្វើដំណើរតាមសមុទ្រដើម្បីស្វះស្វែងរកជីវភាពល្អជាងមុននៅឯប្រទេសក្រៅ។ ក៏ប៉ុន្តែនៅឆ្នាំនេះ មានភាពខុសប្លែកពីមុន។ ការបង្ក្រាបដោយរដ្ឋាភិបាលលើពួកអ្នកជួញដូរមនុស្សនិងការបោះឆ្នោតជាប្រវត្តិ សាស្ត្របានធ្វើឱ្យមនុស្សជាច្រើនមានសុទិដ្ឋិនិយមប្រកបដោយការប្រុងប្រយ័ត្នថាស្ថានភាពពួក Rohinya នឹងល្អប្រសើរជាងមុន។ កាលពីមុន ឆ្នេរខ្សាច់ទាំងនេះជាកន្លែងដែលពួក Rohingya កាន់សាសនាឥស្លាម បានគេចខ្លួនធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ទៅប្រទេសក្រៅដែលជនខ្លះបានរងគ្រោះដោយសារពួកជួញដូរមនុស្ស។

ទោះជាមានគ្រោះថ្នាក់ក៏ដោយក៏ជនច្រើននាក់បានរត់គេចខ្លួនជាជាងទ្រាំនឹងជីវភាពនៅក្នុងជំរំមានការរឹតត្បិតដោយមានការសិក្សាបន្តិចបន្តួច ការថែរក្សាសុខភាពមិនល្អនិងគ្មានការងារធ្វើដែលនាំឱ្យជនច្រើននាក់បាក់ទឹកចិត្ត។ «ខ្ញុំគ្រោងចាកចេញតាមទូកព្រោះយើងវេទនាខ្លាំងណាស់។ Hitler សម្លាប់ពួក Juif។ នេះជាការសម្លាប់មនុស្សមួយជំហានម្តងៗគឺជាការប្រល័យពូជសាសន៍តាមលំដាប់»។ ឆ្នាំទៅមិញមាន Rohingya ប្រមាណ២៥.០០០នាក់់បានរត់គេចខ្លួន។ ឆ្នាំនេះមានប្រមាណតែ១.០០០នាក់ប៉ុណ្ណោះដោយសារមានការបង្ក្រាបលើពួកជួញដូរមនុស្សហើយនៅសល់តែមនុស្សដែលចង់គេចខ្លួនដោយខ្លួនឯងប៉ុណ្ណោះ។ «ពេលនេះគ្មានអ្នកជួញដូរមនុស្សទេ ខ្ញុំនឹងទិញទូកមួយ។ ការលិចទូកក្នុងសមុទ្រប្រសើរជាងរស់នៅទីនេះដោយគ្មានសេរីភាព»។ Noor Muhammed ក៏គ្រោងទៅម៉ាឡេស៊ីដែរ។ សម្លៀកបំពាក់និងរបស់របរទាំងអស់ត្រូវញាត់ក្នុងបាវអង្ករតែមួយ។ «ស្ថានភាពអាក្រក់ណាស់ក្នុងជំរំនេះ។ យើងរស់នៅក្នុងបន្ទប់តូចមួយជាមួយសមាជិក៨នាក់នៃគ្រួសារយើង។ ជីវិតយើងដូចជាជីវិតសត្វ។ ខ្ញុំព្រួយអំពីអនាគតកូនខ្ញុំ។ យ៉ាងហោចណាស់នៅក្នុងប្រទេសមួយទៀតយើងនឹងមានសិទ្ធិជាមូលដ្ឋាន។ ខ្ញុំនឹងអាចធ្វើការបានហើយទ្រទ្រង់ជីវភាពគ្រួសារខ្ញុំ»។ ពេលនេះ Noor ពន្យារពេលការធ្វើដំណើរក្រោយជ័យជម្នះរបស់គណបក្សលោក ស្រី អង់សាន ស៊ូជី។ ជន Rohingya ច្រើននាក់សង្ឃឹមថាគណបក្សលោកស្រីនឹងធ្វើការដើម្បីកែលម្អជីវភាពក្នុងជំរំទោះណាជាលោកស្រីនៅស្ងាត់ស្ងៀមអំពីស្ថានភាពពួក Rohingya ក៏ដោយ។ ពេលនេះមនុស្សរាប់ពាន់នាក់ដូចជា Noor ដែរស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជានៅពេលពួកគេសង្ឃឹមថានឹងមានសញ្ញានៃការផ្លាស់ប្តូរ៕

website_news/2016040203.txt · Last modified: 2017/02/27 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki