website_news:2016040204

ពលករខ្មែរម្នាក់ ត្រូវឃាតក សម្លាប់កប់ដី នៅក្នុង ខេត្តប៉ាធុមថានី

(http://www.dap-news.com/ Thursday, 04 February 2016 10:33)

បាត់ដំបងៈ បុរសម្នាក់ដែលជាពលករខ្មែរ ចំណាកស្រុក ទៅរកការងារ ធ្វើនៅឯប្រទេសថៃ ត្រូវបានឃាតក វាយប្រហារ ដោយបានយកសព ទៅកប់ចោលនៅក្នុងព្រៃរបោះ ក្បែរទីតាំងកសាង មួយកន្លែង ក្នុងប្រទេសថៃ បន្ទាប់ពីជនរងរូបនេះ បានផឹកស៊ីជាមួយមនុស្ស មួយក្រុម ដែលជាកម្មករ កសាង ហើយទំនងជាមានទំនាស់ អ្វីមួយបានកើតឡើង ទើបធ្វើអោយមានករណីឃាតកម្ម កើតឡើង បែបនេះ ។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នាពេលរំលងអធ្រាត្រ ត្រង់ចំណុចក្បែរប្រព័ន្ធធារាសាស្ត្រទី៣ ត្រើយខាងកើតអូរ ស្ថិតក្នុងភូមិ១ ឃុំបឹងយីថូ ស្រុកថាន់បូរី ខេត្តប៉ាធុមថានី ប្រទេសថៃ ដោយជនរងគ្រោះមានឈ្មោះ ម៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ ជាពលករ ខ្មែរ ដែលកំពុងតែដើររកការងារធ្វើនៅក្នុងតំបន់នោះ ។

តាមការរៀបរាប់ពីសាក្សីម្នាក់ឈ្មោះ ច័ន្ទ ភេទប្រុស អាយុ២៥ឆ្នាំ ជាពលករខ្មែរនិងជាកម្មករ កសាងនៅក្នុង បូរីសុភាល័យ នោះបាននិយាយថា ជនរងគ្រោះជាមួយនឹងប្រពន្ធរបស់គេ បានមករក សុំធ្វើជាកម្មករសំណង់នៅទីនេះតាំងពីថ្ងៃទី១ ខែកុម្ភៈ មកម៉្លេះ ប៉ុន្តែសុំគេមិនបាន ក៏ចេះតែនៅ សម្រាកជាមួយកម្មករដទៃទៀតជាបណ្តោះអាសន្ន សិនទម្រាំរកការងារបាន ។ សាក្សីបានបន្តថា នៅព្រលប់ថ្ងៃទី២ ខែកុម្ភៈ គឺជនរងគ្រោះបានអង្គុយផឹកស៊ីលេងជាមួយនឹងកម្មករចំនួន៦នាក់ នៅក្បែ ទីតាំងកសាងនោះរហូតដល់យប់ជ្រៅ ។ ពេលនោះគេឃើញស្ត្រីជាភរិយាក៏បានចូលទៅសម្រាកមុន ដោយទុកអោយស្វាមីនៅផឹកស៊ីលេង ជាធម្មតាជាមួយគេឯង ឯរូបសាក្សីផ្ទាល់ក៏បានចូលសម្រាកដែរ ដោយសារតែការផឹកស៊ី នេះបានអូសបន្លាយពេលយប់ជ្រៅពេក ។ លុះព្រឹកថ្ងៃទី៣ ខែកុម្ភៈ ក៏ស្រាប់តែបានឮស្ត្រីដែលជាភរិយានោះឆោឡោឡើង ដោយារ តែបាត់ប្តីមិនឃើញចូលទៅសម្រាក អស់រយៈពេលពេញមួយយប់ ទើបក្រុមកម្មករដែលនៅទីនោះបាននាំគ្នាជួយដើររក ក៏បានប្រទះ ឃើញមានដាវសាំម៉ូរ៉ៃមួយដើម និងដំបងឈើ ជ្រុងដែលឃាតកបន្សល់ទុកនៅក្បែរកន្លែងកើតហេតុ ដែលជាកន្លែងផឹកស៊ីកាលពីយប់ ទើបអ្នកគ្រប់គ្រងនៅទីនោះបាន រាយការណ៍ទៅក្រុមតម្រួតនៅ ក្នុងមូលដ្ឋាននោះឲ្យ ចុះមកត្រួតពិនិត្យ ។ នៅពេលនោះដែរគេសង្កេតឃើញមានក្រុមតម្រួត ក្រុមគ្រូពេទ្យ និងក្រុមត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ បានដើរពិនិត្យជុំវិញបរិវេណ ទីតាំងដែល មានបញ្ហា រហូតដល់ ក្នុងព្រៃរបោះក្បែរខាង និងបានឆ្លងទៅម្ខាងអូរនៃប្រព័ន្ធធារាសាស្ត្រ ក៏បាន ប្រទះឃើញ រាងកាយ និងដៃជើងមនុស្សបានអណ្តែតឡើងមកលើដីបន្តិចបន្តួច ដោយសារតែ ឃាតករសម្លាប់ហើយ នាំសពយកទៅកប់ដោយសារ តែការប្រញាប់ប្រញាល់ពេក ទើបមិនអាច កប់ជ្រៅបាន ក៏មានការភ្ញាក់ផ្អើល ហើយខាងជំនាញក៏បានកាយដីនោះ ដើម្បីយកសពជនរងគ្រោះ មកពិនិត្យ ។ នៅលើដងខ្លួននៃសព របស់ពលករខ្មែររូបនោះមានស្នាមមុខរបួសចំនួនពីរកន្លែង ដែលត្រូវ ឃាតកកាប់នឹងដាវសាំម៉ូរ៉ៃត្រង់លើស្មាខាងស្តាំ ចំណែកក្បាលក៏មានស្នាមវាយនឹង ដំបង ឈើជ្រុងបណ្តាលអោយផុងលលាដ៍ក្បាលផ្នែកខាងស្តាំចំនួនពីរកន្លែងផងដែរ រីឯវត្ថុតាង ដែលមាន ដំបងឈើជ្រុង និងដាវដែលប្រលាក់ដោយឈាមគឺមានប្រវែង ៨០សង្ទីម៉ែត្រ ។

នៅពេលនោះដែរ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា បញ្ហានេះអាចកើតឡើងដោយសារ តែមានទំនាស់ក្នុងពេលផឹកស៊ី ហើយជនល្មើសអាចមានគ្នាមិនក្រោមពី២នាក់ឡើយ ព្រោះការវាយ សម្លាប់ និងការនាំសពយកទៅកប់ក្នុងព្រៃរបោះគឺមានចម្ងាយឆ្ងាយគ្រាន់បើ និងត្រូវលី សពឆ្លងអូរ ថែមទៀត ដូច្នេះបើម្នាក់ឯងគឺមិនអាចធ្វើបាននោះទេ ប៉ុន្តែក្រោយពេលកើតហេតុ ខណៈដែល សមត្ថកិច្ចបើកការស្រាវជ្រាវដើម្បីរកអ្នកដែលចូលរួមផឹកស៊ីកាលពីយប់ ដែលមានគ្នាចំនួន៦នាក់ គឺបានបាត់ម្នសក់ទៅហើយ ដោយមិនដឹងថាគេគេចខ្លួនទៅទីណា ទោះជាយ៉ាងនេះក្តីក៏ក្រុមតម្រួត កំពុងតែព្យាយាមដុតដៃដុតជើង ដើម្បីតាមរកមុខឃាតកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយបាន ក្នុងពេល ឆាប់ៗខាងមុខនេះ ។ រីឯសពយើងមិនទាន់ដឹងថា ជាអ្នករស់នៅក្នុងខេត្តណានោះទេ ហើយក៏មិនដឹងថា ស្ត្រីជាភរិយានឹងនាំយកត្រឡប់មកកម្ពុជាវិញនៅពេលណាដែរក្រោយពីរត់ការ ច្បាប់រួច ៕

website_news/2016040204.txt · Last modified: 2017/02/27 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki