website_news:2016040301

ក្រសួងការបរទេស អន្តរាគមន៍បញ្ជូន ស្រ្តីខ្មែររៀបការប្តីជនជាតិចិន៦នាក់ ដើម្បីឱ្យបានត្រឡប់មកកម្ពុជាវិញ

(http://www.freshnewsasia.com/2016-03-03)

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្មីៗនេះ បានណែនាំឲ្យស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន ដោះស្រាយផ្តល់ទិដ្ឋាការជូនស្ត្រីខ្មែរចំនួន៦រូប ដែលរៀបការជាមួយបុរសជនជាតិចិនហើយទៅរស់នៅប្រទេសចិន ដើម្បីឆាប់បានវិលត្រឡប់មកកម្ពុជាវិញ តាមបំណងរបស់ពួកគេ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី។ ក្រសួងការបរទេសបានអះអាងថា នឹងអន្តរាគមន៍បញ្ជូនពួកគេមកកម្ពុជាវិញក្នុងពេលឆាប់ៗ ហើយថា ទន្ទឹមនឹងនោះ ក៏មានការជួយដល់បុរសខ្មែរម្នាក់ដែរ។ ស្រ្តីខ្មែរដែលបានរៀបការជាមួយបុរសចិន ហើយកំពុងរងគ្រោះទាំងនោះ រួមមាន៖

១- ង៉ែត សារ៉េត ភេទស្រី អាយុ ២៩ ឆ្នាំ មានស្រុកកំណើតនៅភូមិត្នោត ឃុំស្រងែស្រុកត្រាំង ខេត្តតាកែវ បានទៅប្រទេសចិនតាមរយៈមេខ្យល់ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៣ ហើយបានរៀបការជាមួយបុរសជនជាតិចិន នៅខេត្តជាំងស៊ី។ បច្ចុប្បន្ន ត្រូវបានប៉ូលីសទីក្រុងក្វាងចូវឃុំខ្លួន ដោយមូលហេតុ ស្នាក់នៅហួសការកំណត់។

២- ហួត ហៀង ភេទស្រី អាយុ ២៥ ឆ្នាំ មានស្រុកកំណើតនៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន ខេត្តកំពង់ធំ បានទៅប្រទេសចិនតាមរយៈមេខ្យល់ កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ហើយបានរៀបការជាមួយបុរសជនជាតិចិន នៅខេត្តជាំងស៊ី។ បច្ចុប្បន្ន ត្រូវបានប៉ូលីសទីក្រុងក្វាងចូវឃុំខ្លួន ដោយមូលហេតុស្នាក់នៅហួសការកំណត់។

៣- ថត ថាវី ភេទស្រី អាយុ ៣៥ ឆ្នាំ មានស្រុកកំណើតនៅភូមិកោះប្រាក់ធំ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានទៅប្រទេសចិន កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១២ ហើយបានរៀបការជាមួយបុរសជនជាតិចិន ដែលមានសតិមិនគ្រប់ (មានចុះលិខិតអាពាហ៍ពិពាហ៍)។ ឈ្មោះ ថត វិចិត្រ និង ថត ថាវី ដែលជាបងប្អូនបង្កើត បានរត់មកស្ថានអគ្គកុងស៊ុល សុំឲ្យជួយបានត្រឡប់មកកម្ពុជាវិញ។

៤- ឌឹម សុភ័ណ្ឌ ភេទស្រី អាយុ ២៧ ឆ្នាំ មានស្រុកកំណើតនៅភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយ ខេត្តកំពង់ធំ បានទៅប្រទេសចិនតាមរយៈមេខ្យល់ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ហើយបានរៀបការជាមួយប្តីចិន នៅជិនទ័រជិន ខេត្តជាំងស៊ី។ ដោយមិនអាចរស់នៅជាមួយគ្នាបាន ស្ត្រីរូបនេះ បានមកស្ថាន-អគ្គកុងស៊ុល សុំឲ្យជួយបានត្រឡប់មកកម្ពុជាវិញ។

៥- រឿង ស៊ីណេង ភេទស្រី អាយុ ២៧ ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងកេត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានទៅប្រទេសចិនតាមរយៈមេខ្យល់ កាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៣ ហើយបានរៀបការជាមួយប្តីចិន នៅជិនទ័រជិន ខេត្តជាំងស៊ី ។ ដោយមិនអាចរស់នៅជាមួយគ្នាបាន ស្ត្រីរូបនេះ បានមកស្ថានអគ្គ-កុងស៊ុល សុំឲ្យជួយបានត្រឡប់មកកម្ពុជាវិញ។

៦- អេង សុវណ្ណមុន្នី ភេទស្រី អាយុ ២៤ ឆ្នាំ មានស្រុកកំណើត នៅភូមិជ្រោយអំពឹល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ បានទៅប្រទេសចិនតាមរយៈមេខ្យល់ កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៣ ហើយបានរៀបការជាមួយបុរសជនជាតិចិន នៅទីក្រុងស៊ីងហឺ ខេត្តហ្វូជាន (មានចុះលិខិតអាពាហ៍ពិពាហ៍) និងបានមកស្ថានអគ្គកុងស៊ុល សុំឲ្យជួយបានត្រឡប់មកកម្ពុជាវិញ ។

ចំណែកបុរសខ្មែរម្នាក់ទៀតឈ្មោះថត វិចិត្រ ភេទប្រុស អាយុ ២៧ ឆ្នាំ មានស្រុកកំណើតនៅភូមិកោះប្រាក់ធំ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានទៅប្រទេសចិន កាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៤ បានធ្វើការនៅហាងលក់គ្រឿងអលង្កាអំពីថ្ម ក្នុងក្រុងឡុងយាន ខេត្តហ្វូជាន ។ ក្រសួងការបរទេស ក៏បានផ្តល់ដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ពីករណីទាំងអស់ខាងលើនេះ ដើម្បីស្រាវជ្រាវរកមេខ្យល់យកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕

website_news/2016040301.txt · Last modified: 2017/02/28 10:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki