website_news:2016040404

អឺរ៉ុបនិងតួកគីផ្តើមប្រតិបត្តិការផ្តោះប្តូរអន្តោប្រវេសន៍

(http://km.rfi.fr/europe/20160403) ដោយ អៀង សុខម៉ិញោ៖

អាជ្ញាធរក្រិកនិងអឺរ៉ុប កំពុងសំអិតសំអាងប្រតិបត្តិការបញ្ជូនអន្តោប្រវេសន៍ស៊ីរី និងអ៊ីរ៉ាក់ ដែលឆ្លងដែនមកដល់កោះក្រិក ឱ្យត្រលប់ទៅជំរំតួកគីវិញ ដោយស្ងាត់បំផុត។ អន្តោប្រវេសន៍៧៥០នាក់ដំបូងនឹងត្រូវចេញដំណើរ នៅថ្ងៃចន្ទនេះ ស្របតាមកិច្ចព្រមព្រៀងរវាងអឺរ៉ុបនិងតួកគី ដែលអង្គការការពារសិទ្ធិមនុស្សរិះគន់យ៉ាងខ្លាំង។

គ្មានព័ត៌មានលម្អិត ទាក់ទងនឹងប្រតិបត្តិការដឹកបញ្ជូនជនភៀសខ្លួនឱ្យទៅតួកគីណា ត្រូវអាជ្ញាធរក្រិកបានទម្លាយឱ្យដឹងឡើយ។ ប៉ុន្តែបើតាមប្រភពភ្នាក់ងារសារព័ត៌មានក្រិក គឺក្រុមជនភៀសខ្លួន នៅលើកោះក្រិក ឡេបូស Lesbos ក្នុងសមុទ្ទ អេហ្សេ ទល់មុខនឹងតួកគី ប្រមាណ៧៥០នាក់ត្រូវចាប់បញ្ជូនចេញមុនគេ នៅរវាងថ្ងៃចន្ទនិងថ្ងៃពុធនេះ។ កោះដែលលំហូរអន្តោប្រវេសន៍នៅតែបន្តមានឥតដាច់ (៦ពាន់នាក់ គិតត្រឹមថ្ងៃទី ២០ មីនា ថ្ងៃដែលកិច្ចព្រមព្រៀងអឺរ៉ុបតួកគី ចូលជាធរមាន)។

ចំណែកខាងអាជ្ញាធរតួកគីវិញ អះអាងបានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលជនភៀសខ្លួន៥០០នាក់ ហើយក្នុងថ្ងៃដំបូងនេះ ប៉ុន្តែតួកគីបានទទួលបញ្ជីឈ្មោះជនភៀសខ្លួន តែ៤០០ឈ្មោះប៉ុណ្ណោះ។

ប្រតិបត្តិការបញ្ជូនជនភៀសខ្លួន ប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌអឺរ៉ុប។ ភ្នាក់ងារការពារព្រំដែន Frontex បានមកដល់កោះក្រិកតាំងពីថ្ងៃអាទិត្យ ដើម្បីជួយការពារព្រំដែន។ ប៉ូលិសបារាំងជាង២០០នាក់ ក៏បានមកធ្វើជាជំនួយប្រតិបត្តិការដែរ។ ហើយក្នុងពេលទន្ទឹមគ្នានោះ ចំនួនជនអន្តោប្រវេសន៍មកដាក់ពាក្យសុំសិទ្ធិជ្រកកោនបានកើនឡើងជាគំហុក ព្រោះកិច្ចព្រមព្រៀងបានចែងថានឹងសិក្សាពាក្យសុំទៅតាមករណីរបស់បុគ្គលម្នាក់ៗ។

សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់រលកអន្តោប្រវេសន៍ អឺរ៉ុបនិងតួកគីបានចុះកិច្ចព្រមព្រៀងនៅថ្ងៃទី ១៨ មីនា មួយទៅមួយមក បញ្ជូនអន្តោប្រវេសន៍នៅលើកោះក្រិកទៅជំរំតួកគី ជាថ្នូរនឹងការទទួលជនភៀសខ្លួនស៊ីរីឱ្យចូលជ្រកកោនអឺរ៉ុប។ ដូច្នេះទន្ទឹមនឹងការបញ្ជូនចេញអន្តោប្រវេសន៍ទៅតួកគី អឺរ៉ុបក៏មានភារៈត្រូវទទួលជនភៀសខ្លួនស៊ីរីវិញដែរ។ បើតាមប្រភពព័ត៌មានក្រសួងមហាផ្ទៃអាល្លឺម៉ង់ ប្រកាសនៅថ្ងៃអាទិត្យ ថាបែរឡាំងត្រូវទទួលជនភៀសខ្លួនស៊ីរី ៣៥នាក់ដំបូង នៅថ្ងៃចន្ទនេះ និងរាប់សិបនាក់ទៀត ត្រូវចែកចាយ ទៅបារាំង ទៅហ្វាំងឡង់ និងទៅព័រទុយហ្កាល់។ ថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន មានជាអាទិ៍ប្រទេសអូទ្រីស និងតួកគីផ្ទាល់ នៅមានការប្រុងប្រយ័ត្នខ្លាំងចំពោះប្រសិទ្ធិភាពនៃប្រតិបត្តិការនេះ៕

website_news/2016040404.txt · Last modified: 2017/02/28 12:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki