website_news:2016040601

មន្ត្រីជាន់ខ្ពស់យោធាការពារព្រំដែនអំពាវនាវឲ្យយោធាក្រោមឱវាទ គេចពីការផ្សំគំនិតជួញដូរមនុស្សតាមព្រំដែន

(http://bayontv.com.kh) គេហ៉ទំព័រវិទ្យុ និងទូរទស្សន៍បាយ័ន្ត ថ្ងៃទី 03/06/2016

ភ្នំពេញ៖ នាយកទីចាត់ការពារព្រំដែន អំពាវនាវដល់មន្ត្រីការពារព្រំដែនទាំងអស់ កុំផ្សំគំនិតជាមួយឈ្មួញជួញដូរមនុស្សខុសច្បាប់ទៅប្រទេសជិតខាង។

នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានអំពាវនាវទៅដល់វរៈការព្រំដែនខ្មែរគ្រប់ច្រកព្រំដែនទាំងអស់ កុំចូលរួមផ្សំគំនិតជាមួយឈ្មួញទុច្ចរិត ជួញដូរមនុស្សទៅកាន់ប្រទេសជិតខាងឲ្យសោះ ខណៈកន្លងទៅមាន ពលករខ្មែរជាច្រើននាក់ ត្រូវបានអាជ្ញាធរថៃ បាញ់សម្លាប់ រងរបួស និងចាប់ខ្លួន។

ការអំពាវនាវរបស់ឯកឧត្តម ឧត្តមសេយន៍ឯក សៀក សុជាតិ បែបនេះ គឺបានធ្វើឡើងក្នុងឱកាស ចូលរួមពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញ កិច្ចការព្រំដែនដល់នាយទាហានប្រមាណ ២០០នាក់ នៅថ្ងៃទី៣ ខែមិថុនាក្នុងបន្ទាយលង្វែក ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបានលើកឡើងថា ចាប់ពីពេលនេះទៅ ឯកឧត្តមមិនអនុញ្ញាតឲ្យវរៈការពារព្រំដែនទាំងអស់ចូលរួមជាមួយឈ្មួញជួញដូរមនុស្ស ជួញដូរពលករខុសច្បាប់ ជួញដូរអាវុធ និងជួញដូរគ្រឿងញៀននោះទេ ហើយថាបើវរៈការពារព្រំដែនទាំងអស់មិនបានឃុបឃិតជាមួយឈ្មួញទុច្ចរិតទេ ត្រូវតែចាប់ពួកគេឲ្យជាប់ ដើម្បីយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់។

ឯកឧត្តមបានបន្តថា នាពេលបច្ចុប្បន្ននេះ តាមព្រំដែនរវាងកម្ពុជានិងប្រទេសជិតខាង គឺមានសុខសន្តិភាពល្អ ពុំមានបញ្ហាអ្វីកើតឡើងនោះទេ ហើយមិនតែប៉ុណ្ណោះភាគីទាំងសងខាង បាន និងកំពុងសហការគ្នាយ៉ាងល្អដើម្បីបង្កើនការទប់ស្កាត់រាល់បទល្មើសផ្សេងៗបន្ថែមទៀតផងដែរ។

ឯកឧត្តម សៀក សុជាតិ ក៏បានអំពាវនាវដល់គ្រប់វរៈការពារព្រំដែនទាំងអស់ ត្រូវខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋាន ណែនាំ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ឲ្យយល់ច្បាស់បន្ថែមទៀតទាក់ទងនឹងខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង ហើយមិនតែប៉ុណ្ណោះមិនត្រូវគាបសង្កត់ពួកគាត់នោះទេ ពេលដែលពួកគាត់ដឹកទំនិញកសិផលយកទៅលក់បន្តិចបន្តួចនោះ។

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាទៅកាន់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញប្រចាំការនៅតាមច្រករបៀង ត្រូវរឹតបន្តឹងការពារឲ្យបានតឹងរឹង ព្រោះមានលំហូរមនុស្សឆ្លងដែន និងមានទំនិញចេញចូលនៅតាមបណ្ដាច្រករបៀង ដែលបញ្ហាទាំងអស់នោះ ត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់៕

website_news/2016040601.txt · Last modified: 2017/03/03 12:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki