website_news:2016040701

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៖ សំណុំរឿងតំណាងរាស្ត្របក្សប្រឆាំងជារឿងជួញដូរផ្លូវភេទដ៏រសើបក្នុងបរិការណ៍ជាតិនិងអន្តរជាតិ

(http://bayontv.com.kh) គេហទំព័រទូរទស្សន៍បាយ័ន្ត 02/07/2016

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ចាត់ទុកសំណុំរឿងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប ថាជាសំណុំរឿងជួញដូរផ្លូវភេទដ៏រសើបក្នុងបរិការណ៍ជាតិនិងអន្តរជាតិ។ នេះបើយោងតាមសេចក្ដីថ្លែងហេតុ ចុះថ្ងៃទី៣០ ខែមិថុនា ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ បានគោរពជូនសម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អំពីសំណើសុំរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញស្នើសុំលើកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រចំនួនពីររូប គឺ លោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល និង លោក ពិន រតនា តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ដោយភ្ជាប់នូវសេចក្ដីថ្លែងហេតុ ជាមួយផង ។ ក្នុងសេចក្ដីថ្លែងហេតុ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានរៀបរាប់អំពីអង្គហេតុក្នុងសំណុំរឿងនេះ ថា ឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំ ភេទស្រី អាយុ២៦ឆ្នាំ បានផ្ដល់ចម្លើយចំនួនពីរលើកនៅចំពោះមុខអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ យោងតាមចម្លើយរបស់ឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំ បានឲ្យដឹងថា ខ្លួនបានចេញទៅប្រទេសថៃចំនួនពីរលើក ដោយលើកទី១ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ និង លើកទី២ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ និងបានស្នាក់នៅក្នុងបន្ទប់តែមួយនៃសណ្ឋាគារ សឺនធ័រភាញ់ ទីក្រុងបាងកក ប្រទេសថៃ ជាមួយលោក កឹម សុខា ។ ក្នុងរយៈពេលស្នាក់នៅទាំងពីរលើកនេះ លោក កឹម សុខា បានរួមភេទជាមួយឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំ ។

សេចក្ដីថ្លែងហេតុ បញ្ជាក់ទៀតថា ការចេញទៅប្រទេសថៃទាំងពីរលើកដើម្បីរួមភេទជាមួយលោក កឹម សុខា គឺ មានការសម្របសម្រួលរៀបចំពីលោក តុ វ៉ាន់ចាន់ (ការចេញទៅប្រទេសថៃលើកទីមួយ ) និង លោក ពិន រតនា ( ការចេញទៅប្រទេសថៃលើកទីពីរ ) ដោយក្នុងនោះមានការរៀបចំសំបុត្រយន្តហោះ ការរួមដំណើរជាមួយគ្នា ការនាំទៅសណ្ឋាគារជួបជាមួយលោក កឹម សុខា និង មានការលួងលោម ព្រមទាំងមានការបញ្ជាក់ថានឹងទទួលបានផលប្រយោជន៍ពីលោក កឹម សុខា បន្ទាប់ពីមានការទំនាក់ទំនង និង ការរួមភេទជាមួយលោក កឹម សុខា ។

ការជួបរួមភេទជាមួយលោក កឹម សុខា នៅប្រទេសថៃលើកទីមួយ លោក កឹម សុខា បានសន្យាថានឹងឲ្យលុយ៣០០០ដុល្លារ ទិញផ្ទះឲ្យ និង បើកអាជីវកម្មសំអាងការ ឲ្យឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំ ។ ប៉ុន្តែនៅលើកទីមួយ លោក កឹម សុខា បានឲ្យលុយឈ្មោះ ខុម ចាន់តារ៉ាទី ចំនួន៣០០ដុល្លារ និង លើកទីពីរ ឲ្យលុយ៤០០ដុល្លារ ប៉ុណ្ណោះ ។ ចំពោះសំបុត្រយន្តហោះនិងការធ្វើដំណើរ គឺ លោក តុ វ៉ាន់ចាន់ និង លោក ពិន រតនា ជាអ្នកសម្របសម្រួលនិងចាត់ចែង ។

ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវ និង សហការជាមួយសមត្ថកិច្ចប្រទេសថៃ ព្រមទាំងការវិភាគទិន្នន័យភស្តុតាងជាសំឡេងនៃការសន្ទនា ដែលទទួលបានពីការបង្ហោះផ្សាយជាសាធារណៈតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថាមានភស្តុតាងស៊ីសង្វាក់គ្នាដូចអង្គហេតុ ពោលគឺទំនាក់ទំនងរួមភេទរវាងលោក កឹម សុខា និង ឈ្មោះ ខុម ចាន់តារ៉ាទី ជាថ្នូរនឹងផលប្រយោជន៍ និងទឹកប្រាក់ ដោយមានការរៀបចំ សម្របសម្រួល អូសទាញ និង ចាត់ចែងដោយ លោក តុ វ៉ាន់ចាន់ និង លោក ពិន រតនា ។

ជាមួយគ្នានេះ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ដោយសារសំណុំរឿងនេះមានជនជាប់សង្ស័យ គឺជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិនិងដោយហេតុថា បទល្មើសព្រហ្មទណ្ឌក្នុងសំណុំរឿងនេះពុំមែនជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ ដូចនេះ ដើម្បីធានាការអនុវត្តច្បាប់ដោយស្មើភាពបន្តទៅមុខទៀតទៅតាមនីតិវិធី តាមការស្រាវជ្រាវស្វែងរកការពិតក្នុងសំណុំរឿងសញ្ចារកម្ម ដែលលោកអង្គ វង្សវឌ្ឍនា ចាត់ទុកថា ជាសំណុំរឿងជួញដូរផ្លូវភេទដ៏រសើបក្នុងបរិការណ៍ជាតិនិងអន្តរជាតិ។

ដោយឡែក លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋានរដ្ឋសភា បញ្ជាក់ថា រដ្ឋសភាបានទទួលលិខិតពីក្រសួងយុត្តិធម៌ហើយ លើការស្នើលើកអភ័យឯកសិទ្ធិរបស់ លោក តុ វ៉ាន់ចាន់ និង លោក ពិន រតនា តំណាងរាស្ត្រគណបក្សប្រឆាំង ហើយគ្រោងនឹងដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាជាអ្នកសម្រេច ។

លោក ឡេង ប៉េងឡុង បានអះអាងថា ការសម្រេចយ៉ាងណានោះ គឺអាស្រ័យលើកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលអាចកោះប្រជុំជាបន្ទាន់ ឬយ៉ាងណា ប៉ុន្តែរដ្ឋសភាបានវ៉ាកងចាប់ពីថ្ងៃទី៤ ខែកក្កដាឆ្នាំ២០១៦ផងដែរ បន្ទាប់ពីបញ្ចប់សម័យប្រជុំលើកទី៦។ លោកបញ្ជាក់ថា ជាទូទៅច្បាប់ បានកំណត់ថា ការសម្រេចលើក អភ័យឯកសិទ្ធិតំណាងរាស្ត្រណាម្នាក់ ក្នុងបទល្មើសមិនជាក់ស្តែង ត្រូវមានសំឡេងបោះឆ្នោតក្នុងសភា ២ភាគ៣ ៕

website_news/2016040701.txt · Last modified: 2017/03/10 09:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki