website_news:2016040703

ពលរដ្ឋខេត្តកំពង់ឆ្នាំងនិងបាត់ដំបងជាង២០នាក់ចាញ់បោកមេខ្យល់ទៅធ្វើការខុសច្បាប់នៅថៃ

(http://www.rfa.org/khmer/news) l2016-07-02 ដោយ ជិន ជេដ្ឋា

ពលករ-ពលការិនីនៅខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ជិត ៣០នាក់ ចោទទីភ្នាក់ងារជ្រើសរើសពលករ របស់ក្រុមហ៊ុន តាកាយ៉ាម៉ា (Takayama) ថាបោកប្រាស់យកលុយពួកគាត់ក្នុងម្នាក់ ៣៥០ដុល្លារ ហើយបញ្ជូន ពួកគាត់ឲ្យទៅធ្វើការងារនៅប្រទេសថៃ ដោយខុសច្បាប់។ អ្នកភូមិនៃឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ចំនួន ១៥នាក់ និងអ្នកភូមិនៃឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ចំនួន ១២នាក់ ត្អូញត្អែរថា ពួកគេកំពុង ជួប ប្រទះបញ្ហាជីវភាព។ ពួកគេថា ធនាគារអាចនឹងរឹបអូសយកផ្ទះ ឬដីស្រែចម្ការ ដោយសារពួកគេគ្មាន ប្រាក់បង់ រំលស់បំណុលដែលខ្ចីទៅរត់ការចេញទៅធ្វើការក្រៅប្រទេសត្រូវគេបោកប្រាស់។ ពលករទទូចឲ្យក្រុមហ៊ុនទទួល ខុសត្រូវរឿងនេះ។

ពលការិនីម្នាក់មកពីខេត្តបាត់ដំបង ក្នុងចំណោមពលករ-ពលការិនី ចំនួន ២៧នាក់ គឺលោកស្រី សេន ស ឲ្យដឹងនៅថ្ងៃទី១ ខែកក្កដា ថា ក្រុមពលរដ្ឋចង់ឲ្យក្រុមហ៊ុនបើកទ្វារវិញ ហើយប្រមូលពលករ-ពលការិនី ដែលបាន ចុះឈ្មោះបង់លុយហើយទាំងអស់ចេញទៅធ្វើការស្របច្បាប់នៅប្រទេសថៃ។ ការទទូចនេះដោយលោកស្រីមិនរំពឹង ថា ក្រុមហ៊ុននឹងសងលុយដែលបានបង់ហើយនោះមកវិញទេ៖ «សំណូមពរថា ឲ្យក្រុមហ៊ុនហ្នឹងបើកយកពលករ ទៅថៃ ដូចដើមទៅ ព្រោះអីធម្មតាតែលុយបានដល់ដៃ ហើយវាមិនងាយបានវិញទេ។ ម្ដងហ្នឹងគាត់ (ភ្នាក់ងារក្រុម ហ៊ុន) ទារបង់ម្នាក់ ២០០ ថែមចុងក្រោយ ដល់ពេលបានលុយហើយនាំគ្នាគេចខ្លួនអស់រលីង»។

ចំណែកអាណាព្យាបាល និងជាអ្នកនាំពលរដ្ឋទៅចុះឈ្មោះធ្វើការក្រៅប្រទេសតាមរយៈក្រុមហ៊ុននេះ គឺលោក ទាំ សឹម បញ្ជាក់ថា កូនប្រុសរបស់លោកពីរនាក់នៅខេត្តកំពង់ឆ្នាំង ក៏ចាញ់បោកគេដែរ ហើយនៅថ្ងៃទី២៨ ខែមិថុនា ពួកគាត់បាននាំគ្នាជាង ១០នាក់ ទៅតវ៉ាមុខក្រុមហ៊ុននៅភ្នំពេញ តែពេលទៅដល់ក្រុមហ៊ុនបានបិទ ទ្វារទៅហើយ។ លោកថា បើក្រុមហ៊ុនមិនបើកវិញទេ គឺត្រូវតែប្រគល់លុយចំនួន ២០០ដុល្លារ និងលិខិតឆ្លងដែន ដល់ពលករ-ពលការិនី គ្រប់គ្នា ទើបពួកគេសុខចិត្ត៖ «បង់ឲ្យគេដំបូង ១៥០ដុល្លារ ដល់ថ្ងៃឡើងទៅហ្នឹងគេឲ្យបង់ ២០០ដុល្លារទៀត ដោយគេថា ទៅដល់ថៃ ណោះគេអត់កាត់កងទេ គេនិយាយអ៊ីចឹងខាងក្រុមហ៊ុន ដល់ទៅដល់ នោះ (ក្រុងប៉ោយប៉ែត នៅព្រំដែនខ្មែរ-ថៃ) អ្នកនាំទៅនាំទៅផ្លូវខុសអត់ដូចរាស់ដងមក»។ លោកបន្ថែមថា អ្នកភូមិមួយក្រុមមានគ្នា ២៧នាក់ បានបង់ប្រាក់ឲ្យក្រុមហ៊ុននៅថ្ងៃខុសៗគ្នា ប៉ុន្តែនៅថ្ងៃទី២៥ ខែមិថុនា ភ្នាក់ងារក្រុមហ៊ុនបានតម្រូវឲ្យពួកគាត់បង់ប្រាក់បន្ថែមចំនួន ២០០ដុល្លារទៀត មុននឹងចេញទៅថៃ។ ពេលនោះ ភ្នាក់ងារបានកុហកថា លិខិតឆ្លងដែនបានហើយ នឹងចែកឲ្យគ្រប់គ្នានៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុន្តែផ្ទុយទៅវិញគេមិនបានចែកឲ្យទេ ហើយនាំពួកគាត់ចូលក្នុងទឹកដីថៃ តាមច្រករបៀងដោយខុសច្បាប់ ទើបក្រុម ពលករ ប្រតិកម្មត្រឡប់មកស្រុកវិញភ្លាមៗ។

វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងតាមរយៈទូរស័ព្ទទៅក្រុមហ៊ុនតាកាយ៉ាម៉ា ដែលឋិតនៅបណ្ដោយផ្លូវ វ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែអ្នកទទួលទូរស័ព្ទម្នាក់ឆ្លើយថា មិនជាភ្នាក់ ងារក្រុមហ៊ុននេះទេ ខណៈទូរស័ព្ទរបស់ក្រុមហ៊ុនបីខ្សែផ្សេងទាក់ទងមិនបាន។នាយកអង្គការខារ៉ាមកម្ពុជា លោក យ៉ា ណាវុធ ថ្លែងថា ដើម្បីចំណាកស្រុកមានសុវត្ថិភាពពលករត្រូវពិនិត្យមើលក្រុមហ៊ុនថា តើមានចុះបញ្ជីទទួល ដោយរដ្ឋាភិបាលតាមរយៈក្រសួងការងារ ឬអត់ ការបង់លុយលើសេវាអ្វីមួយត្រូវមានវិក្កយបត្រ និងពលករត្រូវមាន កិច្ចសន្យាការងារត្រឹមត្រូវ៖ «បើសិនជាយើងចង់ដោះស្រាយបញ្ហា នៃការធ្វើចំណាកស្រុកដោយប្រថុយ ប្រថាន របស់បងប្អូនប្រជាពលរដ្ឋយើង លុះត្រាតែយើងដោះស្រាយឫសគល់នៃបញ្ហាទាំងអស់ហ្នឹង»។ លោក យ៉ា ណាវុធ ថាពលរដ្ឋខ្មែរនៅតែចំណាកស្រុកច្រើនទាំងស្រប និងមិនស្របច្បាប់ ព្រោះកត្តាខ្វះ ការងារធ្វើក្នុងស្រុក ជំពាក់បំណុលគេ វិស័យកសិកម្មគ្មានបច្ចេកទេស ទីផ្សារ និងចំណាយទុនធ្វើច្រើន ខណៈ ពលរដ្ឋខ្វះដីធ្វើកសិកម្ម ឬរកអនុផលព្រៃឈើ ដែលបញ្ហានេះកើតចេញពីរដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចច្រើន ពេកទៅ ឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រង និងកត្តាអូសទាញប្រាក់ខែច្រើននៅក្រៅប្រទេស។

គេប៉ាន់ប្រមាណថា មានពលករ-ពលការិនីខ្មែរជាងមួយលាននាក់ ដែលកំពុងបម្រើនៅក្រៅប្រទេស ក្នុងឋានៈកម្មករប្រើកម្លាំងបាយដូចជានៅប្រទេសជប៉ុន កូរ៉េ ម៉ាឡេស៊ី និងថៃ ជាដើម៕

website_news/2016040703.txt · Last modified: 2017/03/10 09:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki