website_news:2016040704

សកម្មជន៖ ភូមិសាស្រ្តនយោបាយនៅតែជះឥទ្ធិពលដល់របាយការណ៍ជួញដូរមនុស្ស

(http://khmer.voanews.com) 30 មិថុនា 2016

នៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រុងប្រៀបបញ្ចេញការវាយតម្លៃប្រចាំឆ្នាំនៃការខំប្រឹងប្រែងនៅថ្ងៃ ព្រហស្បតិ៍នេះ របស់រដ្ឋាភិបាលបរទេសនៅក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក្រុមសកម្មជន កំពុងសម្តែង នូវការព្រួយកង្វល់ថា ភូមិសាស្រ្តនយោបាយ បានបន្តជះឥទ្ធិពលដល់ចំណាត់ថ្នាក់របស់ប្រទេសនីមួយៗ។ ការយក ចិត្តទុកដាក់ភាគច្រើន បានផ្តោតអារម្មណ៍លើការធ្វើឲ្យប្រសើរឡើងនូវប្រភេទTier 3 ទៅកាន់ប្រភេទ Tier 2 ក្នុងបញ្ជីឃ្លាំមើលក្នុងរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំហៅកាត់ថា (TIP)។

ប្រទេសថៃស្ថិតនៅចំណុចកណ្តាលក្នុងតំបន់ពោរពេញដោយក្រុមជួញដូរមនុស្សដែលមានការជួយឧបត្ថម្ភពីមន្រ្តីរួមគំនិតនិងពុករលួយ។ លោកស្រី Kristen Abrams នាយិកាអង្គការសម្ព័ន្ធភាពដើម្បីបញ្ចប់ទាសភាពនិងការ ជួញដូរមនុស្ស ឬ (ATEST) បានមានប្រសាសន៍ថា «ស្ថានភាពកំពុងកាន់តែអាក្រក់ឡើងៗនៅក្នុងប្រទេសថៃ សម្រាប់កម្មករចំណាកស្រុក។ នៅប្រទេសនោះនៅតែមានភាពល្បីល្បាញពីការជិះជាន់កម្លាំងពលកម្ម ជាពិសេស នៅក្នុងឧស្សាហកម្មអាហារសមុទ្រ‍។ យើងជឿជាក់ថា ប្រទេសថៃត្រូវតែស្ថិតក្នុងប្រភេទ Tier 3»។

របាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំ (TIP) ផ្តល់ចំណាត់ថ្នាក់ដល់ប្រទេសនានាផ្អែកលើប្រព័ន្ធដែល មាន៣ថ្នាក់ឬTier 3។ Tier 1 រួមមានប្រទេសដែលរដ្ឋាភិបាលអនុវត្តបានពេញលេញទៅតាមបទដ្ឋានអប្បរមា។ Tier 2 គឺជាប្រទេសដែលមិនបានអនុវត្តឲ្យបានពេញលេញទៅតាមបទដ្ឋានអប្បរមា ក៏ប៉ុន្តែ កំពុងខំប្រឹងប្រែង យ៉ាងខ្លាំងដើម្បីអនុវត្តតាម។

ចំណាត់ថ្នាក់ទាបបំផុតគឺ Tier 3 ដែលរួមមានប្រទេសនានាដែលរដ្ឋាភិបាលរបស់ប្រទេសនោះ មិនបាន អនុវត្តឲ្យបានពេញលេញទៅតាមបទដ្ឋានអប្បរមាហើយមិនបានប្រឹងប្រែងអនុវត្តទាល់តែសោះ។ ចំណាត់ថ្នាក់ Tier 3 អាចបណ្តាលឲ្យមានការដាក់ទណ្ឌកម្មហើយទទួលបានជំនួយមានកម្រិតពីសហរដ្ឋអាមេរិកនិងប្រទេសផ្សេងៗ ទៀត៕

website_news/2016040704.txt · Last modified: 2017/03/10 09:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki