website_news:2016040705

កងម៉ារីនអ៊ីតាលីរកឃើញសពជនអន្តោប្រវេសន៍ច្រើនរយនាក់ក្នុងខ្មោចនាវាមួយ

(http://www.everyday.com.kh) ថ្ងៃ អាទិត្យ ទី ៣ ខែ កក្កដា ឆ្នាំ ២០១៦ ម៉ោង ១៧:១០

តាម FACEBOOK កងម៉ារីនអ៊ីតាលីនាព្រឹកថ្ងៃទី៣០ មិថុនា បង្ហាញពីការនាំមកដល់កោះស៊ីស៊ីលនូវខ្មោចនាវាមួយដឹកពួកអន្តោប្រវេសន៍ដែលលិចក្នុងសមុទ្រមេឌីទែរ៉ាណេ ដោយក្នុងនាវានោះមានសាកសពមនុស្សជាច្រើនរយនាក់ ចំណែកនារី១០នាក់ ប្រទះឃើញស្លាប់លើកាណូតមួយក្នុងដែនទឹកលីប៊ី ។

យោងតាមរូបភាពទាំងឡាយបញ្ជូនដោយកងម៉ារីនអ៊ីតាលី គេឃើញនាវាមួយដែលសម្បករបស់វាលាបពណ៌ខៀវ ក្រោយពីត្រាំក្នុងទឹកសមុទ្រជាង១ឆ្នាំក្នុងជម្រៅ៣៧០ម៉ែត្រ ត្រូវបាននាំមកដល់ AUGUSTA ភាគខាងកើតស៊ីស៊ីលនាព្រឹកថ្ងៃទី៣០ មិថុនា ។ នាវានេះត្រូវយកមកដាក់ក្នុងជម្រកមួយបង្កើតឡើងជាពិសេសឯមូលដ្ឋានមួយរបស់អូតង់នៅ MELILI ជិតក្រុង AUGUSTA ។ ពួកអ្នកឯកទេសដែលពាក់ម៉ាស់ការពារឧស្ម័ន ព្រមទាំងសម្លៀកបំពាក់ការពារមេរោគមានភារកិច្ចធ្ងន់ធ្ងរយកសាកសពមនុស្សជាច្រើនរយនាក់ចេញពីនាវានេះ ។

នាយប់ថ្ងៃទី១៨ មក១៩ មេសា ឆ្នាំ២០១៥ នាវាដឹកលើសចំណុះនេះបានលិចក្រោយពីបុកនាវាកាហ្គោព័រទុយហ្គាល់មួយគ្រឿង ដែលមកជួយសង្គ្រោះ ។ ការលិចនាវានេះនៅសល់អ្នករស់រានមានជីវិតតែ២៨នាក់ ។ អ្នកទាំងនេះរៀបរាប់ថា ក្នុងនាវាដែលពួកគេជិះមានមនុស្សដល់ទៅជាង៨០០នាក់ នាំឱ្យការលិចនាវានេះជាការលិចនាវាស្លាប់មនុស្សច្រើនបំផុតពុំធ្លាប់មានចាប់តាំងពីច្រើនទសវត្សមកហើយ ក្នុងសមុទ្រមេឌីទែរ៉ាណេ ។ បន្ថែមលើសាកសពមនុស្សប្រមាណជា៥០នាក់ ដែលស្រង់បាននាថ្ងៃសោកនាដកម្ម កងម៉ារីនអ៊ីតាលីនៅស្រង់សាកសពមនុស្ស១៦៩នាក់នៅជុំវិញខ្មោចនាវា ។ យោងតាមឧត្តមនាវី PIETRO COVINO ថា ទំហំនាវានេះនាំឱ្យគេគិតថានៅសល់សាកសពមនុស្សរវាងពី៣០០ទៅ៣៥០នាក់ទៀតនៅខាងក្នុង ៕

website_news/2016040705.txt · Last modified: 2017/03/10 09:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki