website_news:2016041107

ជប៉ុនគ្រោងទទួលសិក្ខាកាមកម្ពុជាបន្ថែម ខណៈពលករ និងសិក្ខាកាមកម្ពុជា នៅជប៉ុនមានជាង៣ពាន់នាក់

(http://ann.com.kh) ថ្ងៃសុក្រ ទី០៤ ខែវិច្ឆិការ ឆ្នាំ២០១៦

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនធំមួយក្នុងប្រទេសជប៉ុន មានបំណងចង់បណ្ដុះបណ្ដាល ដល់សិក្ខាកាមកម្ពុជាបន្ថែមទៀត ខណៈពលករ និងសិក្ខាកាមកម្ពុជា ដែលកំពុងធ្វើការ និងសិក្សាក្នុងប្រទេសនេះ មានជាង៣ពាន់នាក់។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្តែងនូវការស្វាគមន៍យ៉ាងខ្លាំងចំពោះគម្រោងនេះ ព្រោះថា ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែលើកទឹកចិត្ត និងបើកឱកាសជូនដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលបានចំណេះ ជំនាញ និងឱកាសការងារ ដែលទទួលបានប្រាក់បៀវត្សខ្ពស់ ដូចជានៅប្រទេសជប៉ុនជាដើម។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ជាមួយលោក ណូដា មីណូរុ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនកាកេហាស៊ិអិនធើណេសិនណល និងប៊ីហ្សេនេស រួមទាំងគណៈប្រតិភូមកពីប្រទេសជប៉ុន ដែលជាក្រុមហ៊ុនប្រតិបត្តិការលើវិស័យធនធានមនុស្ស និងបណ្ដុះបណ្ដាលសិក្ខាកាម ក្នុងខេត្តអ៊ិហ៊ីមិ នៃប្រទេសជប៉ុន នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងទីស្ដីការក្រសួងការងារ។

លោកប្រធានក្រុមប្រឹក្សាភិបាលបានលើកឡើងថា ក្រុមហ៊ុនទទួលសិក្ខាកាមបរទេសប្រចាំខេត្តអ៊ិហ៊ីមិ នេះ ជាស្ថាប័នបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិក្ខាកាមបរទេស ដែលមានស្ថាប័នចំណុះ ៣៨ស្ថាប័ន ក្នុងនោះមានសិក្ខាមកាមបរទេសចំនួន ៣,៥៦១នាក់ មានចិន ២,០៤២នាក់, វៀតណាម ៨៣៧នាក់, ហ្វីលីពីន ៦៥៤នាក់, កម្ពុជា ៤៤នាក់, និងមីយ៉ាន់ម៉ា ២នាក់ គិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។ លោកប្រធានក្រុមប្រឹក្សាបានបន្តថា ក្នុងដំណើរទស្សនៈកិច្ចនៅប្រទេសកម្ពុជា នាពេលនេះ ក្រុមហ៊ុនរបស់លោក មានបំណងចង់ទទួលសិក្ខាកាមកម្ពុជា ឲ្យទៅសិក្សាក្នុងសមាគមន៍កាន់តែច្រើនថែមទៀត តាមរយៈការពង្រឹងទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅដល់ការចុះអនុស្សារណៈ នៃការយោគយល់គ្នាមួយ សំដៅជំរុញឲ្យមានកិច្ចសហប្រតិបត្តិការល្អ ក្នុងការបញ្ជូន និងទទួលសិក្ខាកាមកម្ពុជា ទៅហ្វឹកហាត់ជំនាញ នៅប្រទេសជប៉ុនថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា ពាក់ព័ន្ធនឹងការបញ្ជូនសិក្ខាកាមកម្ពុជា ឲ្យទៅសិក្សានៅប្រទេសជប៉ុននេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងមានការលើកទឹកចិត្ត និងពង្រីកបន្ថែមទៀត ព្រមទាំងឯកភាពយល់ព្រមឲ្យមានកិច្ចព្រមព្រៀង លើកិច្ចសហប្រតិបត្តិការណាមួយ ដើម្បីជំរុញឲ្យមានការបញ្ជូន និងទទួលសិក្ខាកាមកម្ពុជាថែមទៀត។

បើតាមលោករដ្ឋមន្ត្រី អ៊ិត សំហេង ថា ក្នុងឆ្នាំ២០១៦នេះ ពលករកម្ពុជាដែលទៅធ្វើការ នៅក្រៅប្រទេសមាន ជាង១លាន១សែននាក់ ក្នុងនោះនៅប្រទេសថៃ មានជិត១លាននាក់ ហើយនៅប្រទេសជប៉ុន មានពលករ និងសិក្ខាកាមកម្ពុជា ដែលទៅធ្វើការ និងសិក្សានៅទីនោះមានចំនួន ៣,៥០០នាក់។ ដោយឡែក ក្រុមហ៊ុន និងភ្នាក់ងារឯកជនដែលជ្រើសរើស និងបញ្ជូនពលករ និងសិក្ខាកាមកម្ពុជាទៅធ្វើការនៅក្រៅប្រទេស មានជិត៦០ក្រុមហ៊ុន ប៉ុន្តែមុននឹងបញ្ជូនទៅជប៉ុន សិក្ខាកាមកម្ពុជាត្រូវបានឆ្នងកាត់ការបណ្ដុះបណ្ដាល យ៉ាងតិច៦ខែសិន៕

website_news/2016041107.txt · Last modified: 2017/03/16 10:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki