website_news:2016050201

អាជ្ញាធរថាកំពុងដំណើរការស្រាវជ្រាវនាំស្ត្រីខ្មែរនៅម៉ាឡេស៊ីពីរនាក់មកស្រុកវិញ

(http://www.rfa.org/khmer/news/2016-02-05)

នគរបាលជាតិប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនអះអាងថា កំពុងដំណើរការស្វែងរកសង្គ្រោះស្ត្រីខ្មែរពីរនាក់ ដែលចាញ់បោកក្រុមហ៊ុន ហើយធ្លាក់ខ្លួនជាប់ពន្ធនាគារនៅប្រទេសម៉ាឡេស៊ី។ កិច្ចអន្តរាគមន៍នេះ នៅបន្ទាប់ពីក្រុមគ្រួសារក្រីក្ររបស់នារីរងគ្រោះនៅស្រុកមេសាង ខេត្តព្រៃវែង បានដាក់ពាក្យបណ្ដឹងឲ្យជួយនាំកូនស្រីមកស្រុកខ្មែរវិញ។ស្ត្រីខ្មែរពីរនាក់ដែលអះអាងថា ចាញ់បោកក្រុមហ៊ុន ១៦៨ មេនផៅវ័រ (168 Manpower) ហើយកំពុងជាប់ពន្ធនាគារនៅប្រទេសម៉ាឡេស៊ី ជាង ៦ខែនោះ គឺក្រុមអាជ្ញាធរពាក់ព័ន្ធមិនទាន់អាចរកពួកគេឃើញដើម្បីជួយសង្គ្រោះបញ្ជូនមកស្រុកខ្មែរវិញនៅឡើយ។

អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ត្រី ជីវ ផល្លី មានប្រសាសន៍ថា លោកបានឲ្យគណៈកម្មការជំនាញខេត្តព្រៃវែង ចុះប្រមូលព័ត៌មានពីគ្រួសារនារីរងគ្រោះឲ្យច្បាស់ឡើងវិញ ដើម្បីងាយស្រួលជួយសង្គ្រោះពួកគេ។ លោកបន្តថា ក្រុមអាជ្ញាធរពាក់ព័ន្ធក៏កំពុងយកចិត្តទុកដាក់ស្រាវជ្រាវចាត់វិធានការច្បាប់ចំពោះអ្នកឆបោក និងអ្នកដែលពាក់ព័ន្ធក្នុងករណីនេះដែរ៖ «ខ្ញុំបានអោយប៉ូលិសជំនាញនៅខេត្តទៅសួរគាត់ដល់ផ្ទះ ដើម្បីយើងបញ្ជាក់អោយច្បាស់ថា តើទីតាំងដែលកូនស្រីគាត់កំពុងនៅគេហៅអី ឈ្មោះអី ដើម្បីយើងទាក់ទងទៅក្រសួងការបរទេស និងស្ថានទូត ដើម្បីយើងងាយស្រូលកំណត់ទីកន្លែងជួយសង្គ្រោះ»។ លោកឧត្ដមសេនីយ៍ត្រី ជីវ ផល្លី បញ្ជាក់ថា ស្ថានទូតខ្មែរក៏កំពុងស្រាវជ្រាវករណីនេះដែរ ប៉ុន្តែជួបបញ្ហាស្មុគស្មាញច្រើន ប្រសិនបើមិនបានដឹងពីកន្លែងដែលនារីរងគ្រោះកំពុងឋិតនៅនោះទេ។វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសាកសួរអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានទេ នៅថ្ងៃទី៤ ខែកុម្ភៈ។

ក្រុមគ្រួសារនារីរងគ្រោះដែលរស់នៅភូមិមេសាង ឃុំព្រៃរំដេង ស្រុកមេសាង កំពុងមានការព្រួយបារម្ភ បន្ទាប់ពីដឹងថា អាជ្ញាធរមិនទាន់អាចស្វែងរកជួយកូនស្រីរបស់ខ្លួនបាន។ ម្ដាយនារីរងគ្រោះគឺលោកស្រី អុត ទ្រឿក ឲ្យដឹងថា មកទល់ពេលនេះមិនទាន់ឃើញមានអាជ្ញាធរចុះទៅជួបលោកស្រីនោះទេ ប៉ុន្តែមានអាជ្ញាធរខ្លះបានសួរនាំដំណើររឿងនេះតាមទូរស័ព្ទ។ យ៉ាងណា លោកស្រីស្នើឲ្យអាជ្ញាធរជួយបន្ថែមល្បឿនសង្គ្រោះកូនស្រីមកស្រុកខ្មែរវិញ៖ «ជួយអន្តរាគមន៍ដោះស្រាយនាំកូនមកពីប្រទេសគេអោយរួចផុតទុក្ខផុតភ័យទៅ កូនអើយកូន! ព្រោះគ្នានៅគុកនៅយូរហើយដែរ ហើយកូនឈឺទៀត ទើបរាល់ថ្ងៃខ្ញុំបារម្ភតែរឿងវាឈឺ»។លោកស្រីបញ្ជាក់ថា មកទល់ពេលនេះបានបាត់ដំណឹងកូនស្រីសូន្យឈឹងជាង ១ខែហើយ មិនដែលទំនាក់ទំនងមកគ្រួសារនោះឡើយ។ ចំណែកអ្នកដែលធ្លាប់ហៅទូរស័ព្ទឲ្យទម្លាក់លុយចំនួន ៣០០ដុល្លារ ដើម្បីជួយរំដោះ និងទិញសំបុត្រយន្តហោះ បញ្ជូនកូនស្រីមកស្រុកវិញនោះ ក៏មិនដែលទូរស័ព្ទមកដែរថ្មីៗនេះ។

ទាក់ទិនបញ្ហានេះ ប្រធានផ្នែកស្ត្រី និងកុមារ និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់សមាគមអាដហុក អ្នកស្រី ឆន សុគន្ធា ស្វាគមន៍ជំហរម៉ឺងម៉ាត់របស់អាជ្ញាធរ ប៉ុន្តែស្នើឲ្យមានសកម្មភាពបន្ថែមល្បឿនជួយជនរងគ្រោះឲ្យបានពិតប្រាកដ កុំអោយបានតែសន្យានៅលើបបូរមាត់៖ «សូមអោយបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត កុំអោយមានជនរងគ្រោះខ្លះគាត់ជាប់នៅពន្ធនាគារយូរហើយ មិនមានការយកចិត្តទុកដាក់ ការទៅសួរសុខទុក្ខ ការទៅដាក់មេធាវីអី ដើម្បីជួយធ្វើម៉េចរកវិធីនៃការសម្រាល ឬក៏រកផ្លូវច្បាប់យ៉ាងដើម្បីអោយពួកគេផុតទោស ហើយនាំពួកគេមកស្រុកខ្មែរវិញ»។

website_news/2016050201.txt · Last modified: 2017/02/27 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki