website_news:2016050202

សង្ឃក្លែងក្លាយចំនួន5នាក់ ត្រូវបានភាគីថៃចាប់ផ្សឹក រួចបញ្ជូនត្រឡប់មកកម្ពុជា

(https://kohsantepheapdaily.com.kh ថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង ១៤:៥៩)

ខេត្តបន្ទាយមានជ័យ ៖ សង្ឃក្លែងក្លាយចំនួន5នាក់ ត្រូវបានភាគីថៃចាប់ផ្សឹក រួចបញ្ជូនត្រឡប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីព្រលប់ថ្ងៃទី៤ កុម្ភៈ ២០១៦ បន្ទាប់ពីលួចចូលទៅដីថៃខុសច្បាប់តាមរយៈមេខ្យល់។ ជនសង្ស័យទាំង5 រួមមាន ១-ឈ្មោះម៉ៅ ធី អាយុ២៨ឆ្នាំ មានទីលំនៅស្រុកកំពង់ត្រាច ខេត្តកំពត, ២-ឈ្មោះសន បូច ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅស្រុកត្រាំកក់ ខេត្តតាកែវ, ៣-ឈ្មោះអ៊ូញ ចាន់ធី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅស្រុកបាកាន ខេត្តពោធិ៍សាត់, ៤-ឈ្មោះជា ប្រុស ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅស្រុកឈូក ខេត្តកំពត និង៥-ឈ្មោះលឹម វ៉ាន់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅស្រុកដងទង់ ខេត្តកំពត។

ជនសង្ស័យទាំង5 ម្នាក់ចេញពីកម្ពុជាតាមច្រកមួយក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ និង៤នាក់ទៀតចេញតាមច្រកមួយក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ហើយទាំង5 នាក់ អ្នកខ្លះត្រូវមេខ្យល់យកប្រាក់អស់២០ម៉ឺនរៀល ខ្លះថា អស់២៥ម៉ឺនរៀល និងខ្លះទៀតថាអស់៣០ម៉ឺនរៀល។ ជនក្លែងជាសង្ឃទាំងនេះ ក្រោយភាគីថៃបញ្ជូនតាមរថយន្តទ្រុងមកដល់ទីតាំងទទួលពលករក្នុងក្រុងប៉ោយប៉ែត គេឃើញនគរបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត បានយកទៅសួរនាំបន្ត។ ពួកគេប្រាប់សមត្ថកិច្ចថា ចេញពីកម្ពុជាតាមរយៈមេខ្យល់មិនស្គាល់ឈ្មោះ បានយកពួកខ្លួនឆ្លងព្រំដែនទៅដីថៃ បន្ទាប់មកគេទិញស្បង់ចីវរបាត្រ និងថង់យាមឲ្យ ដើម្បីដើរបិណ្ឌបាត្ររកប្រាក់ តែត្រូវសមត្ថកិច្ចថៃចាប់ផ្សឹក រួចដឹកបញ្ជូនត្រឡប់មកវិញ ។

លោកវរសេនីយ៍ត្រី អ៊ុ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត ប្រាប់ថា ជនក្លែងជាសង្ឃទាំង៥នេះ ក្រោយអប់រំបានឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតទៅទៀត បន្ទាប់មកក៏បានឲ្យពួកគេត្រឡប់ទៅស្រុកកំណើតវិញហើយ។ អ្នកស្រុកសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច គួរតែមានវិធានការលើជនទាំងឡាយណាដែលយកសាសនាទៅធ្វើអាជីវកម្ម ដើម្បីឲ្យរាងចាល៕

website_news/2016050202.txt · Last modified: 2017/02/27 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki