website_news:2016050501

ករណីចាប់ពង្រត់ បង្ខាំងនិងរំលោភបូកស្ត្រីកម្ពុជាម្នាក់ពីផ្សាររុងក្លឿ សមត្ថកិច្ចថៃចាប់ខ្លួនជនល្មើសបាន២នាក់និងបានជួយស្ត្រីរងគ្រោះ

(http://bayontv.com.kh) គេហទំព័រ វិទ្យុ និងទូរទស្សន៍បាយ័ន 05/05/2016

បន្ទាយមានជ័យ ៖ ករណីចាប់ពង្រត់ បង្ខាំងនិងរំលោភបូកលើស្ត្រីជនជាតិកម្ពុជាម្នាក់ពីផ្សាររោងក្លឿកន្លងមកនេះត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនជនល្មើសថៃ២នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ការបង្ក្រាបដោយកម្លាំងសមត្ថកិច្ចស្រុកអារញ្ញនិងខេត្តស្រះកែវប្រទេសថៃនោះបានសម្រេចកាលពីរសៀលថ្ងៃទី៤ឧសភានៅផ្ទះមួយកន្លែងក្នុងឃុំ-ស្រុកខ្លងហាតខេត្តស្រះកែវប្រទេសថៃឬចម្ងាយជាង៥០គ.មពីផ្សាររោងក្លឿស្រុកអារញ្ញប្រាថេត។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦មានករណីបុរសជនល្មើសជនជាតិថៃ២នាក់ ក្នុងនោះម្នាក់បានសុំចែចង់ជនរងគ្រោះ ហើយបាននាំគ្នាចាប់នាងរុញចូលឡានម៉ាក់អ៊ីស៊ុយស៊ុយ១គ្រឿងចេញទៅបាត់។ ស្ត្រីរងគ្រោះមានឈ្មោះជ័យ សុខនអាយុ២៧ឆ្នាំ មានកូន១នាក់ មុខរបរអ្នកលក់ដូរភេសជ្ជ:និងប្រហិតនៅនៅកន្លែងចំណុចផ្លូវសយសាលាដែងខាងក្រោយហាងមានយីហោអឹមអឹម(M.M) ផ្សាររោងគ្លឿឃុំខ្លងលឹកស្រុកអារញ្ញខេត្តស្រះកែវ មានប្ដីឈ្មោះសាន វិទូ អាយុ៣០ឆ្នាំ មុខរបរជាកម្មករនៅផ្សារខាងលើដែរ តែមានលំនៅដើមរស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពពីតម្រួតថៃនៅខេត្តស្រះកែវនិយាយថាជនល្មើសដៃដល់ មានឈ្មោះ វាយុក អាក់សែន ជនជាតិថៃរស់នៅខេត្តស្រះកែវ។និងម្នាក់ទៀតសមត្ថកិច្ចចាប់ខ្លួនបាន ដែរ តែមិនទាន់ប្រាប់ឈ្មោះ។ ជននេះធ្លាប់បានមកចែចង់ស្ត្រីរងគ្រោះសុំស្នេហា៣–៤លើមកដែរ តែស្ត្រីបានប្រកែកព្រោះនាងមានប្ដីមានកូននិងមិនអាចលង់នឹងការបោកប្រាសរបស់បុរសជនជាតិថៃនោះបានទេ។ ដោយតណ្ហារោលរាលខ្លាំង នៅល្ងាចថ្ងៃទី៣ឧសភា បុរសល្មើសក៏នាំគ្នាមកចាប់នាងរុញបញ្ចូលរថយន្តទាំងកណ្ដាលហ្វូងមនុស្សយកនាងទៅបាត់២ថ្ងៃ១យប់ ។

ជនល្មើសសារភាពថា ខ្លួននិងមិត្តភ័ក្ដិបាននាំនាងរងគ្រោះទៅចែកគ្នារំលោភ និងធ្វើបាបលើរូបរាងកាយរបស់នាងនៅផ្ទះមួយក្នុងស្រុកខ្លងហាតទល់មុខស្រុកសំពៅលូនខេត្តបាត់ដំបង។ ពេលនេះនាងនិងសាច់ញាតិសុំប្ដឹងឲ្យសមត្ថកិច្ចថៃជួយចាត់ការលើជនល្មើសនិងបក្ខពួក២ករណី១-បទបង្ខាំងមនុស្សដោយខុសច្បាប់។២-រំលោភសេពសន្ថវៈ ។

លោកប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ បានឲ្យដឹងនៅព្រលប់ថ្ងៃទី៤ ខែឧសភាឆ្នាំ២០១៦ថារឿងនេះ ត្រូវតម្រួតថៃតាមបង្ក្រាបបានជនល្មើសនិងរកឃើញជនរងគ្រោះកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៤ឧសភានេះក្នុងផ្ទះមួយកន្លែង នៅស្រុកក្លងហាត ។ ករណីនេះ ថៃប្រគល់អោយតម្រួតនៅក្លងលឹកកសាងសំណុំរឿងបញ្ជូននិងជនល្មើសទៅតុលាការខេត្តស្រះកែវនាព្រឹកថ្ងៃទី៥ឧសភានេះ។ លោកអគ្គកុងស៊ុលនិយាយដែរថា“លោកបានអោយលោកកុងស៊ុលនៃស្ថានអគ្គកុងស៊ុលរកមេធាវីថៃជូនស្ត្រីរងគ្រោះដើម្បីដំណើរការពារក្ដីករណីនេះ៕

website_news/2016050501.txt · Last modified: 2017/03/02 12:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki