website_news:2016050502

ក្រសួងការបរទេសកំពុងជួយអន្តរាគមន៍ពលករខ្មែរ៥៤នាក់ដែលអាជ្ញាធរឥណ្ឌូនេស៊ីធ្វើការឃាត់ខ្លួនឲ្យវិលត្រឡប់មកកម្ពុជាវិញ

(http://bayontv.com.kh) គេហទំព័រ វិទ្យុ និងទូរទស្សន៍បាយ័ន 04/05/2016

ភ្នំពេញ៖ ក្រសួងការបរទេសកំពុងជួយអន្តរាគមន៍ពលករខ្មែរ៥៤នាក់ ដែលអាជ្ញាធរឥណ្ឌូនេស៊ីធ្វើការឃាត់ខ្លួនឲ្យវិលត្រឡប់មកកម្ពុជាវិញបន្ទាប់ពីពលករខ្មែរទាំងនោះ ចាញ់បោកគេឲ្យទៅធ្វើការក្នុងទូកនេសាទថៃចំនួន០៣ដាច់ដោយឡែកពីគ្នា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការ ដែលបានចេញនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះបានឲ្យដឹងថា តាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋឥណ្ឌូណេស៊ី បានចាត់មន្ត្រីទទួលបន្ទុកកិច្ចការកុងស៊ុល អោយធ្វើដំណើរទៅកាន់ កោះ Pontianak ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ដើម្បីជួបសួរសុខទុក្ខ និងពិនិត្យ អំពីស្ថានភាពរបស់ពលករខ្មែរចំនួន ៥៤នាក់ ដែលត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ី រក្សាទុកនៅទីនោះ ហើយនិងរៀបចំមាតុភូមិនិវត្តន៍របស់ពលករទាំងនោះមកកម្ពុជាវិញអោយបានឆាប់រហ័ស។

សេចក្តីជូនដំណឹងដដែលបានបន្តថា តាមរបាយការណ៍ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបានពីស្ថានទូត នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ បានអោយដឹងថា ពលករខ្មែរទាំង ៥៤នាក់នោះ ត្រូវបានចាញ់បោកគេឲ្យទៅធ្វើការលើទូកនេសាទថៃចំនួន០៣ផ្សេងគ្នា ដោយសន្យាថា នឹងទទួលបានប្រាក់បៀវត្សច្រើន ហើយទទួលបានប្រាក់បន្ថែម (Bonus) ផងដែរ ក្នុងករណីទូកចាប់បានត្រីច្រើន។ នៅលើទូកពួកគេធ្វើការស្ទើរគ្មានពេល សំរាក និងក្នុងស្ថានភាពដែលអាចមានគ្រោះថ្នាក់ដល់ជីវិត។ពលករទាំង៥៤នាក់នេះ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីជួយសង្គ្រោះចេញពីទូកនេសាទចំនួន៣ដែលបានចូលទៅធ្វើការនេសាទខុសច្បាប់ ក្នុងដែនទឹកឥណ្ឌូណេស៊ី ហើយត្រូវបានឥណ្ឌូណេស៊ី ឃាត់ទុកក្នុងរវាងពាក់កណ្ដាលខែមេសាកន្លងមកនេះ។

សេចក្តីជូនដំណឹង បានបញ្ជាក់ទៀតថា ឥណ្ឌូណេស៊ី ចាត់ទុកពលករទាំងអស់ជាជនរងគ្រោះដោយការជួញដូរមនុស្ស ពុំមែនជាអ្នក ប្រព្រឹត្តិបទល្មើសឡើយ។ មន្ត្រីស្ថានទូត បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយពលករទាំង៥៤នាក់ ហើយ ពិនិត្យឃើញថា មានសុខភាព និងស្ថានភាពជាធម្មតា ពុំមានបញ្ហាអ្វីគួរព្រួយបារម្ភឡើយ ហើយបានជំរាបជូនពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំមាតុភូមិនិវត្តន៍ អោយបានឆាប់រហ័សក្នុងពេលខាងមុខនេះ។

តែយ៉ាងណាក្តីស្ថានទូតកំពុងជំរុញការសំរបសំរួលជាមួយអាជ្ញាធរឥណ្ឌូណេស៊ី និងអង្គការអន្តរជាតិទេសន្ត ប្រវេសន៍ (IOM)រៀបចំមាតុភូមិនិវត្តន៍របស់ពលករទាំង៥៤នាក់នេះនាពេលឆាប់ៗខាងមុខនេះ៕

website_news/2016050502.txt · Last modified: 2017/03/02 12:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki