website_news:2016050504

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថា មន្ត្រីអន្តរក្រសួងបង្ក្រាបអំពើជួញដូរមនុស្ស មិនទាន់មានកិច្ចសហការគ្នាល្អ

(http://bayontv.com.kh) គេហទំព័រ វិទ្យុ និងទូរទស្សន៍បាយ័ន 05/05/2016

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថាមកដល់ពេលនេះ ក្រុមការងារអន្តរក្រសួងនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅមិនទាន់មានកិច្ចសហការគ្នាល្អលើការងារផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកលើការងារបង្ក្រាប ទប់ស្កាត់អំពើជួញដូរមនុស្ស ខណៈមានព័ត៌មានបទល្មើសជួញដូរមនុស្សភាគច្រើន គឺថ្នាក់ដឹកនាំបានដឹងលឿនតាមរយៈបណ្ដាញសារព័ត៌មានទៅវិញ។

នៅក្នុងកិច្ចប្រជុំក្រុមការងារជំនាញនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី៥ ខែឧសភា នៅទីស្ដីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ការផ្ដល់ព័ត៌មាន និងកិច្ចទំនាក់ទំនងគ្នានៃមន្ត្រីជំនាញនៅតាមបណ្ដាស្ថាប័នក្រសួងពាក់ព័ន្ធគឺនៅមានភាពចន្លោះប្រហោង ដែលការងារនេះលោកជំទាវបានស្នើឲ្យមន្ត្រីទទួលបន្ទុកនៅតាមបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការងារនេះវិញ ដើម្បីសម្រេចគោលដៅជួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលបានរងគ្រោះពីការឆ្លងដែនទៅធ្វើការងារចំណាកស្រុកទៅក្រៅប្រទេស និងនៅក្នុងស្រុក ក៏ជាការបាញ់បោកមេខ្យល់ជាដើម។ លោកជំទាវ ជូ ប៊ុនអេង ថាតួលេខដែលកងកម្លាំងមានសមត្ថកិច្ចបង្ក្រាបនិងទប់ស្កាត់បាន វាគ្រាន់តែតួលេខដែលយើងធ្វើបានប៉ុណ្ណោះ ប៉ុន្តែ នៅមានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនទៀត បានលួចធ្វើការងារចំណាកស្រុកទៅក្រៅប្រទេស ឆ្លងដែនច្រកទ្វារបៀង និងខ្លះទៀតឆ្លងដែនតាមច្រកទ្វារអន្តរជាតិ ហើយដាច់បាត់ការទាក់ទងនៅក្រៅប្រទេស ដែលយើងមិនដឹងច្បាស់ថាតើគេទាំងនោះជួបប្រឈមនឹងបញ្ហារងគ្រោះអ្វីខ្លះទៀតនោះទេ ។ តាមរបាយការណ៍ឆមាសទី១ឆ្នាំ២០១៦៖ លំហូរទេសន្តរប្រវេសក៍ការងារដែលទទួលបានពីតាមនាយកដ្ឋានជំនាញ តាមក្រសួងនានា បានកញ្ជាក់ថា មានប្រជាពលរដ្ឋខ្មែរទៅក្រៅប្រទេសសរុបជិត៣សែននាក់ក្នុងនោះ ទៅក្រៅស្របច្បាប់មានជាង១៥ម៉ឺននាក់ និងមិនស្របច្បាប់មានជិត១៤ម៉ឺននាក់ក្នុងនោះមានស្រីជិត៦ម៉ឺននាក់ អនីតិជនជាង៥ពាន់នាក់ ហើយមានអ្នកត្រឡប់មកវិញមានប្រមាណតែជិត៣ម៉ឺន៥០០០នាក់ប៉ុណ្ណោះ។ ដោយឡែកសម្រាប់សកម្មភាពបង្ក្រាបអំពើជួញដូរមនុស្សអនុវត្តបាន ១៧ករណីថយ៥ករណី ឃាត់ខ្លួនជនសង្ស័យ បាន២០នាក់ស្រី១១នាក់ក្នុងនោះដែរសមត្ថកិច្ចបានសង្គ្រោះជនរងគ្រោះបាន៤៣នាក់ ក្នុងនោះ២៥នាក់បញ្ជូនទៅមន្ទីរសង្គមកិច្ច។

ដើម្បីបង្កើនប្រសិទ្ធភាពនៃបង្ក្រាបទប់ស្កាត់បទល្មើសជួញដូរមនុស្ស នៅថ្ងៃខាងមុខ លោកជំទាវ ជូ ប៊ុន អេងថា នៅថ្ងៃខាងមុខ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីរបៀបនៃកំណត់អត្តសញ្ញាណជនរងគ្រោះក្នុងករណីអំពើជួញដូរមនុស្ស ហើយតាមរយៈវគ្គបណ្ដុះបណ្ដាលនោះ ស្ថាប័ន ក្រសួងនីមួយៗ នឹងមានវិធានការរបស់ខ្លួនចាត់ការ និងមានការទទួលខុសត្រូវលើមុខសញ្ញាជនរងគ្រោះ និងចេះកំណត់មុខសញ្ញាជនល្មើសដើម្បីអនុវត្តចំណាត់ការទៅតាមផ្លូវច្បាប់ផងដែរ ៕

website_news/2016050504.txt · Last modified: 2017/03/02 12:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki