website_news:2016050505

ទាហានថៃព័ទ្ធព្រៃចាប់ពលករខ្មែរកាប់ឈើគ្រញូងជិត៣០នាក់

(https://kohsantepheapdaily.com.kh) គេហទំព័រកោះសន្តិភាព ដោយ ៖ ម៉ុត សារុន ថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៣:១០

ខេត្តបន្ទាយមានជ័យ ៖ ប្រភពពីខេត្តប្រាជីនបុរីប្រទេសថៃបានឱ្យដឹងថា ពលករខ្មែរ រួមទាំងអ្នកបើកបររថយន្តថៃសរុប២៩នាក់ ត្រូវបានសមត្ថកិច្ចចម្រុះថៃព័ទ្ធចាប់ក្នុងព្រៃឧទ្យានជាតិមួយ ក្នុងស្រុកណាឌី ខេត្តប្រាជីនបុរី ខណៈពួកគេទៅស៊ីឈ្នួលកាប់ និងជញ្ជូនឈើគ្រញូង ហើយអ្នកបើកបរស៊ីឈ្នួលទៅដឹកជញ្ជូនពលករត្រឡប់ ។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីថ្ងៃទី០៤ ឧសភា ឆ្នាំ២០១៦ ក្រុមពលករខ្មែរ ត្រូវបានសមត្ថកិច្ចថៃឱ្យដេកក្រាបផ្ទាល់ដីព្រោះខ្លាចកើតមានការតដៃជាមួយសមត្ថកិច្ច ព្រោះមុនកើតហេតុមានប្រភពថា មានការបាញ់តដៃគ្នាពីខ្មាន់កាំភ្លើង ដែលការពារពលករកាប់ឈើគ្រញូងទាំងនោះ ។ ប្រភពថា ពលករទាំងនេះ មានម្នាក់ត្រូវបានស្គាល់អត្តសញ្ញាណ គឺឈ្មោះណា វណ្ណា ភេទប្រុស បានសារភាពថា គ្នាគេសរុបមាន៦០នាក់ ចូលទៅប្រទេសថៃ តាមច្រករបៀងតាមបន្ទាត់ព្រំដែន ក្នុងស្រុកអារញ្ញ ដោយមានរថយន្តចាំដឹកជញ្ជូនទៅមក ។

មិនតែប៉ុណ្ណោះ បុរសម្នាក់នេះប្រាប់ថា គ្នាពួកគេត្រូវបែងចែកជា២ក្រុម ដោយមួយក្រុមកាប់មួយក្រុមទៀត ជញ្ជូនចេញពីព្រៃ ហើយថាពួកគេ ស្ថិតនៅក្នុងព្រៃចំនួន១៤ថ្ងៃមកហើយ ហើយបានជញ្ជូនឈើគ្រញូងដាក់រថយន្តដឹកចេញបាន៣រថយន្តរួចទៅហើយដែរ ។

អ្នកបើកបររថយន្តជាជនជាតិថៃម្នាក់ វ័យ៣៩ឆ្នាំ ជាអ្នកខេត្តស្រះកែវ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ហើយពេលនេះទាំងក្រុមពលករទាំងអ្នកបើកបរជាជនជាតិថៃម្នាក់នោះ កំពុងត្រូវបានសមត្ថកិច្ចយកទៅសាកសួរ ។ យ៉ាងណាក៏ដោយ ជុំវិញករណីនេះកោះសន្តិភាព ពុំអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីកម្ពុជាប្រចាំប្រទេសថៃបាននៅឡើយទេ ដោយទូរស័ព្ទរបស់លោកប៊ុន សុខវិបុល អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវចុចមិនចូល ។

website_news/2016050505.txt · Last modified: 2017/03/02 12:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki