website_news:2016050902

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ព្រួយបារម្ភពីការស្មុំកូនអន្តរប្រទេស

(http://bayontv.com.kh) 03/09/2016

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រួយបារម្ភចំពោះការ អនុវត្តន៍ជាក់ស្តែង នៅលើការស្មុំកូនអន្តរប្រទេស ។ ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋលេខាធិការក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើង នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពង្រីកនិងការគាំទ្រដល់គ្រួសារ ការធ្វើសមាហរណកម្ម ការថែទាំ ដោយសាច់ញាតិ ការថែទាំដោយគ្រួសារធម៌ស្មុំកូនក្នុងស្រុក និងការស្មុំកូនអន្តរប្រទេស នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នេះថា គោលបំណង នៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីលើកកម្ពស់ និងការអនុវត្តន៍ តាមអនុសញ្ញាសិទ្ធស្តីពីកុមារ និងអនុសញ្ញាទីក្រុងឡាអេ ស្តីពីកិច្ចការពារកុមារ លើការសហប្រតិបត្តិការទំនាក់ទំនង ស្មុំកូនអន្តរប្រទេស ដោយទាមទារការស្មុំកូនឲ្យបានប្រសើរឡើង ដើម្បីអនុវត្តន៍គោលនយោបាយថែទាំជំនួសចំពោះ កុមារ ការការពារនិងទប់ស្កាត់ការជួញដូរកុមារ នៅតាមរូបភាពស្មុំកូនផ្សេងៗទៀត ។

ឯកឧត្តម ឆាយ វណ្ណា បានបន្តថា អ្វីដែលព្រួយបារម្ភគឺការអនុវត្តន៍ជាក់ស្តែងថា តើនៅមានឧបសគ្គ និងការ លំបាកបែបណា ជាបន្តទៀត ដែលក្រុមមន្ត្រីជំនាញមិនដែលធ្លាប់ជួបក្នុងពេលកន្លងមក ព្រោះ ប្រទេសកម្ពុជា ទើប តែចាប់ផ្តើមអនុវត្តន៍ការស្មុំកូនអន្តរប្រទេស នៅក្នុងរយៈពេលដ៏ខ្លីប៉ុន្មានឆ្នាំមកនេះ ។

ឯកឧត្តម សយ ស៊ីផុន រដ្ឋលេខាធិការក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន លើកឡើង ផងដែរថា ទោះបីកម្ពុជាបានអនុម័តទៅលើច្បាប់ស្តីពីការស្មុំកូនអន្តរប្រទេសរួចហើយ ក៏ដោយ ព្រមទាំង បានអនុវត្តន៍សាកល្បង ទៅលើការផ្តល់សេវាការពារកុមារ សេវាសុខុមាលភាព គ្រួសារសម្រាប់កុមារ និងគ្រួសារ ងាយរងគ្រោះយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមមួយចំនួន នឹងការងារសេសសល់ជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីធានាទាំងស្រុងនូវសិទ្ធ និងឧត្តមប្រយោជន៍របស់កុមារទាំងមូលផងដែរ ៕

website_news/2016050902.txt · Last modified: 2017/03/13 09:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki