website_news:2016051201

បញ្ជូនក្រុមរត់តាក់ស៊ីកំហែងយកប្រាក់ និងទ្រព្យសម្បត្តិពលករខ្មែរមកពីថៃ ទៅតុលាការ

(http://bayontv.com.kh) 05/12/2016

បន្ទាយមានជ័យ ៖ ក្រុមជនសង្ស័យចំនួន ៥នាក់ ដែលតែងតែរត់តាក់ស៊ីធ្វើសកម្មភាព កំហែងយកប្រាក់ និងទ្រព្យសម្បត្តិពីពលករខ្មែរមកពីថៃ ទៅស្រុកកំណើតវិញ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ បញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០៦ កន្លងទៅនេះ ។

តាមការឲ្យដឹង ពីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយទទួលបានពាក្យបណ្តឹង និងហេតុការណ៍គំរាមកំហែង យកប្រាក់ និងទ្រព្យសម្បត្តិរបស់ កម្មករខ្មែរមកពីថៃ ពីសំណាក់ក្រុមមួយក្តាប់តូច ដែលជាអ្នករត់តាក់ស៊ី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ធ្លាប់ធ្វើការបង្ក្រាបបានក្រុមទាំងនេះ ចាត់ឲ្យការិយាល័យជំនាញធ្វើការស្រាវជ្រាវ បង្ក្រាបឲ្យខានតែបាន ជាលទ្ធផល នាចុងសប្តាហ៍កន្លងទៅនេះ បានធ្វើការស្រាវជ្រាវ ឈានដល់ការបង្ក្រាបបាន ក្រុមកំហែងទាំងនោះចំនួន០៥នាក់ រួមមាន ១,ឈ្មោះ ម៉ោញ សុផានិត ២,ឈ្មោះ យ៉ាន់ រ៉ើន ៣,ញី លីហូវ ៤,ឈ្មោះ ស សត់ ៥,ឈ្មោះ ផល សង្ហា អ្នកទាំងអស់គ្នាមានទីលំនៅក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ និងស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ការឈានដល់ការឃាត់ខ្លួនក្រុមទាំងនេះ ដោយសារតែពួកគេ បានធ្វើសកម្មភាព កំហែងយកប្រាក់ និងទ្រព្យសម្បត្តិ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ពីពលករខែ្មរ ដែលចេញពីថៃមកខ្មែរ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ២ករណី ដោយប្រើរថយន្ត២គ្រឿង ដឹកពលករខ្មែរដល់ពាក់កណ្តាលផ្លូវ កំហែងយកលុយ និងទ្រព្យសម្បត្តិ ហើយទំលាក់ចោលតាមផ្លូវ រួចគេចខ្លួនទោះបីជាសមត្ថកិច្ចរារាំងដោយយករថយន្តទៅពាំង ក៏ពួកនេះ នៅតែបើកបុកដើម្បីគេចខ្លួន តែនៅតែមិនផុតពីការចាប់ខ្លួនរបស់ប៉ូលិស ។ ជាមួយនិងការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានរថយន្ត២គ្រឿង ដែលក្រុមជនសង្ស័យ ប្រើប្រាស់ធ្វើសកម្មភាព និងទ្រព្យសម្បត្តិមួយចំនួនដែលក្រុមជនសង្ស័យកំហែងយកពីជនរងគ្រោះ ប្រគល់ឲ្យជនរងគ្រោះវិញ។

សូមបញ្ជាក់ថា ក្រុមជនសង្ស័យទាំងនេះ តែត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប ជាញឹកញាប់ តែមិនដែលរាងចាលឡើយ មិនថែមតែប៉ុណ្ណោះពួកគេភាគច្រើនប្រើប្រាស់គ្រឿងញៀន ៕

website_news/2016051201.txt · Last modified: 2017/03/16 12:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki