website_news:2016060101

ឆ្នាំ២០១៥ក្រសួងការបរទេសជួយសង្គ្រោះពលករខ្មែរបានជាង៥០០នាក់ពីការធ្វើបាបពីសំណាក់ប្ដីនិងថៅកែបរទេស

(http://bayontv.com.kh/ January 6, 2016)

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអន្តរាគមន៍ជួយសង្គ្រោះពលករខ្មែរ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនិងរៀបការនៅបរទេសបានជាង៥០០នាក់នៅក្នុងឆ្នាំ២០១៥កន្លងទៅនេះហើយតួលេខនេះមានការកើនឡើងជាងឆ្នាំ២០១៤ដែលមានត្រឹមតែ១០៦នាក់ប៉ុណ្ណោះ។ ថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវីនាថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរីបានឲ្យដឹងថា ពលករពលការិនីខ្មែរ យ៉ាងតិចចំនួន៥៦៤នាក់ដែលចាញ់បោកមេខ្យល់ឲ្យទៅរៀបការនិងធ្វើការជាមួយបរទេសត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ហើយពួកគេទាំងនោះក៏បានមាតុភូមិនិវត្តប្រទេសវិញដោយសុវត្ថិភាពផងដែរ។ លោក ជុំ សុន្ទរីបានបន្តថា ជនរងគ្រោះដែលក្រសួងការបរទេសបានជួយនោះ គឺមកពីប្រទេសឥណ្ឌូនេស៊ីចំនួន៤២៧នាក់ ប្រទេសចិនចំនួន៨២(ជាស្ត្រី)និងប្រទេសម៉ាឡេស៊ីចំនួន៣៤នាក់តែយ៉ាងក៏ដោយពួកគេបានមកដល់ ប្រទេសកម្ពុជាវិញតាមរយៈជើងហោះហើរដាច់ដោយឡែកពីគ្នាដោយសុវត្ថិភាព។ ដោយឡែកសម្រាប់ប្រទេសថៃវិញ ក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជា បានធ្វើកំណត់ទូតស្នើសុំទិដ្ឋាការជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃចំនួន៦៨.១៧៤នាក់ហើយខណៈដែលពលករខ្មែរជាច្រើននាក់ផ្សេងទៀតកំពុងតែធ្វើការសម្របសម្រួលជាបន្តទៀតនោះ។ លោកបានបញ្ជាក់ថា” ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃនិងស្ថានអគ្គកុង-ស៊ុលកម្ពុជានៅខេត្តស្រះកែវបានជួយដោះស្រាយបញ្ហាជាច្រើនរាប់មិនអស់ដូចជា៖ ស្នើអាជ្ញាធរថៃបញ្ឈប់ការចាប់ខ្លួនពលករខ្មែរ ដែលកាន់ប័ណ្ណស្នាក់នៅបណ្ដោះអាសន្ន (ប័ណ្ណស៊ីជម្ពូ) ផ្តល់ប័ណ្ណការងារ(Work Permit) និងទិដ្ឋាការស្នាក់នៅដល់ពលករខ្មែរការរំលោភបំពានលើពលករកម្ពុជា ផ្ដល់ការគាំទ្រផ្នែកច្បាប់ (ផ្ដល់មេធាវីពេលឡើងតុលាការ) ការទាមទារសំណង ផ្សេងៗ សម្រួលការធ្វើមាតុភូមិនិវត្តន៍។ល។” តែយ៉ាងណាក៏ដោយលោកមិនបានបញ្ជាក់ថា មានពលករខ្មែរដែលចូលទៅលួចកាប់ឈើនៅប្រទេសហើយត្រូវអាជ្ញាធរថៃចាប់និងបាញ់ប៉ុន្មាននាក់នោះឡើយ ដោយលោកគ្រាន់តែបញ្ជាក់ថា ករណីនេះគឺមានការធ្លាក់ចុះខ្លាំងក្រោយពីភាគីកម្ពុជាបានទទួចហើយទទួចទៀតស្នើឲ្យថៃកុំប្រើចុងកាណុកកាំភ្លើងដោះស្រាយនៅបញ្ហានេះ។ ទាក់ទងនឹងបញ្ហាពលករខ្មែរបានកំពុងធ្វើការនៅក្រៅប្រទេសនេះ ប្រមុខការទូតយកម្ពុជា តែងតែធ្វើការណែនាំផ្ទាល់ដល់ ឯកអគ្គរាជទូតខ្មែរតាមបណ្ដាប្រទេសនានាឲ្យយកចិត្តទុកដាក់ខ្លាំងបំផុតធ្វើការជាមួយនិងអាជ្ញាធរនៃប្រទេសភាគីទាំង ជួយមើលពលករខ្មែរទាំងនោះខណៈដែលពួកគេជួបប្រទះនិងការលំបាកនិងបញ្ហាផ្សេងជាដើមនោះ៕

website_news/2016060101.txt · Last modified: 2017/02/24 13:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki