website_news:2016060401

កម្ពុជា ស្នើឲ្យថៃ ជួយសម្រួលផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរ២៤រូប

(http://bayontv.com.kh/04/2016)

ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តសាកែវ បានជួបជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ នៃខេត្តសាកែវ ស្នើសុំឲ្យជួយសម្រួលផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរទាំង២៤នាក់នោះ។នេះបើយោងតាមការឲ្យដឹងពីលោក ជុំ សុន្ទរី មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា អាជ្ញាធរថៃបានយល់ព្រមតាមសំណើសុំរបស់ស្ថានអគ្គកុងស៊ុល ហើយបានណែនាំឲ្យស្នងការនគរបាលអន្តោប្រវេសន៍ខេត្ត រៀបចំតាមនីតិវិធី ដើម្បីឲ្យពលករទាំង២៤រូប អាចធ្វើការងារតាមរដូវនៅក្នុងខេត្តសាកែវបានដោយស្របច្បាប់។ លោក ជុំ សុន្ទរី បញ្ជាក់ទៀតថា កាលពីចុងខែមីនា ឆ្នាំ២០១៦ អាជ្ញាធរចំរុះថៃ នៅខេត្តសាកែវ បានចុះត្រួតពិនិត្យពលករនៅទីតាំងចិញ្ចឹមជ្រូកចំនួន២កន្លែង គឺនៅស្រុកវឌ្ឍនាណាខន រកឃើញមានពលករកម្ពុជាចំនួន១០៥នាក់ ស្រី ៣៥នាក់។ ដោយឡែកនៅស្រុកសាកែវ បានរកឃើញមានពលករកម្ពុជាចំនួន៧៥នាក់ ក្នុងនោះស្រី២៥នាក់ ហើយបានរកឃើញថា ក្នុងចំណោមពលករកម្ពុជាសរុបចំនួន១៨០ នាក់នោះ មានពលករចំនួន១៥៦នាក់ ប្រើប្រាស់ Border Pass ដែលមានវាយត្រា អនុញ្ញាតឲ្យធ្វើការតាមរដូវនៅក្នុងខេត្តសាកែវស្របច្បាប់ ហើយពលករចំនួន២៤នាក់ (ស្រី៤នាក់) ប្រើប្រាស់ Border Pass ប៉ុន្តែមិនមានសញ្ញាសំគាល់សំរាប់អនុញ្ញាតឲ្យធ្វើការ គឺមានតែត្រាចេញ-ចូល សំរាប់ធ្វើដំណើរធម្មតា និងអាចស្នាក់នៅបានត្រឹមរយៈពេល៧ថ្ងៃប៉ុណ្ណោះ ៕

website_news/2016060401.txt · Last modified: 2017/02/28 12:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki