website_news:2016060501

====== លោក ប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជា នឹងរកមេធាវី ការពារក្ដី ឲ្យកម្មករខ្មែរ ៣០នាក់ ដែលទាហានថៃ ចាប់ខ្លួន

(http://www.arey-news.com) គេហទំព័រអរិយធម៌ (ថ្ងៃទី 05 May 2016 ម៉ោង 3:54 pm)

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៦ នេះ បានថ្លែងថា លោកនឹងរកមេធាវី ការពារក្ដី ឲ្យកម្មករខ្មែរ ៣០នាក់ ដែលទាហានថៃ ចាប់ខ្លួនពេលដែលឆ្លងដែន ចូលកាប់ ឈើគ្រញូង នៅឧទ្យាជាតិ នៅខេត្តប្រាជីនបុរី ប្រទេសថៃ។ ចំពោះរឿងនេះ ពលរដ្ឋទាំងនោះ ត្រូវបានគេឃុំខ្លួន នៅស្ថានីយ៍តម្រួត នៅឡើយ ទេ ព្រោះ ស្ថិតក្នុងពេលសួរនាំ មិនទាន់បានបញ្ជូន ទៅតុលាការ ដើម្បីកាត់ទោស នៅឡើយទេ។ បើទោះបីជាបែបណា ពេលនេះ លោកនិងក្រុមការងារ បានចុះធ្វើការងារនេះ និងរកមេធាវី ដើម្បីធ្វើការងារ ជូនពលរដ្ឋទាំងនោះហើយ តែលទ្ធផលយ៉ាងណា លោកនឹងជូនដំណឹង តាមក្រោយ “។

យោងតាមរបាយការណ៍ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ក្រោយពីទទួលបានព័ត៌មាន ស្តីពីការលបលួចកាប់ ឈើគ្រញូង នៅតំបន់ឧទ្យានជាតិ ថាប់ឡាន ស្ថិតនៅត្រង់បរិវេណ បានកែងយ៉ៃ និងបានប៊ុ៥០០ ក្នុងភូមិ១២ ឃុំកែងឌិនស ស្រុកណាឌី ខេត្តប្រាជីនបុរី ប្រទេសថៃ បន្ទាប់មកកំលាំងតម្រួតថៃ បានសហការ ជាមួយកំលាំងយោធា ព្រមទាំងអង្គភាពជំនាញ បានដាក់ពង្រាយកំលាំង នៅខាងក្រៅ តំបន់ឧទ្យានជាតិ ដើម្បីឃាត់ខ្លួន មនុស្សដែលបានលបលួច ចូលទៅកាប់ឈើគ្រញូងនោះ។

បើតាមរបាយការណ៍ ពលករខ្មែរជាច្រើននាក់ បានធ្វើដំណើរចាកចេញពី ក្នុងតំបន់ខាងលើនេះ ដោយម្នាក់ៗមានស្ពាយ សម្ភារៈសម្រាប់កាត់ឈើ ហើយថែមទាំង មានអាវុធសម្រាប់ការពារខ្លួន។ ខណៈពលករខ្មែរបានក្រឡេកឃើញ សមត្ថកិច្ចថៃភ្លាម ស្រាប់តែពលករខ្មែរម្នាក់បានបាញ់សំដៅ ទៅលើកំលាំង សមត្ថកិច្ចតែម្តង ដែលធ្វើឲ្យក្រុមកំលាំង ទាហ៊ានថៃ ដែលត្រូវបានដាក់ ពង្រាយនៅទីនោះ បានបាញ់តបតវិញ ធ្វើឲ្យស្នូរផ្ទុះអាវុធ លាន់ឮកងរំពងពេញព្រៃ។

ក្រោយហេតុការណ៍ ផ្ទុះអាវុធរួចហើយ កំលាំងសមត្ថកិច្ចថៃ បានធ្វើការឃាត់ខ្លួន ពលករខ្មែរ បានចំនួន១៨នាក់។ ដោយឡែកកំលាំង មួយចំនួនទៀត នៅតែបន្តធ្វើការ តាមប្រមាញ់រហូតឃាត់ខ្លួន មនុស្សបានចំនួន១១នាក់ បន្ថែមទៀត ក្នុងនោះមានជនជាតិថៃម្នាក់ ជាអ្នកបើកបររថយន្ត ដឹកពលករខ្មែរ ទាំងនេះ និង១០នាក់ ទៀតជាពលករខ្មែរ សរុបទាំងអស់មាន២៩នាក់ ។

បើតាមពលករខ្មែរម្នាក់ ឈ្មោះ ណា វណ្ណា បានសារភាពថា ពួកគេទាំងអស់ មានគ្នាចំនួន៦០នាក់ ត្រូវបានឈ្មួញថៃ បោកបញ្ឆោតជួលឲ្យចូល ក្នុងព្រៃ ដើម្បីទៅកាប់ដើម ប្រេងខ្យល់ ដោយឲ្យតម្លៃ ក្នុងមួយដើម២០០បាត។ ពួកគេបានបែងចែកគ្នា ជាពីរក្រុម ដោយក្នុងមួយ ក្រុមមានគ្នា៣០នាក់ ហើយខណៈអូសឈើ ចេញពីក្នុងព្រៃ មកដល់ក្រៅ មួយក្រុមជាអ្នកកាត់ឈើ រីឯក្រុមមួយទៀត ជាអ្នកជញ្ជូនឈើចេញពី ក្នុងព្រៃមកខាងក្រៅ។ ពលកររូបនេះ បានបន្តថា “ការលបចូលមក ក្នុងទឹកដីថៃ គឺតាមច្រកក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ក្នុងពេលរំលងអាធ្រាត ដោយមានរថយន្ត នៅចាំដឹកផង ហើយពួកគេ បានមករស់នៅ ក្នុងព្រៃនេះចំនួន១៤ថ្ងៃ មកហើយ ដោយរង់ចាំរថយន្ត មកទទួលវិលត្រឡប់ទៅវិញ ព្រោះឈើគ្រញូង ត្រូវបានគេដឹកចេញ ចំនួន៣ឡាន រួចផុតអស់ហើយ កាលពីប៉ុន្មានថ្ងៃមុន”។ ដោយឡែកអ្នកបើក បររថយន្ត ដែលជាជនជាតិថៃ ឈ្មោះ សុំយ៉ុត មូលខនបុរី អាយុ៣៩ឆ្នាំ រស់នៅខេត្តស្រះកែវ បាននិយាយថា រូបគេត្រូវបានគេ ជួលឲ្យមកទទួលកម្មករ កាប់ឈើ ទាំងអស់ វិលត្រឡប់ទៅព្រំដែន កម្ពុជាវិញ ក្នុងមួយជើងឲ្យ ៣០០០បាត ។

បច្ចុប្បន្នពលករស៊ីឈ្នួល កាប់ឈើទាំងអស់ ត្រូវបានកំលាំងជំនាញនាំយក ទៅសាកសួរដើម្បី តាមស្វែងរក ចាប់ខ្លួនមេក្លោង ដែលតែងតែ ជួលកម្មករក្រីក្រ ឲ្យលបចូលមក ប្រព្រឹត្តបទល្មើសនេះ៕

website_news/2016060501.txt · Last modified: 2017/03/02 12:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki