website_news:2016060504

====== ទូតខ្មែរនៅម៉ាឡេស៊ី ជួយស្រ្តីខ្មែររងគ្រោះ៣នាក់

(http://www.dap-news.com/kh) គេហទំព័រដើមអំពិល សុក្រ, 06 ឧសភា ២០១៦ 17:38 ដោយ: ដើមអម្ពិល ID:049

ភ្នំពេញ៖ស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំនៅ ប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយពលការិនីខ្មែរចំនួន ៣នាក់ ដែលបានទៅធ្វើការ ផ្នែកបោសសំអាត នៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះការលំបាកក្នុង ការងារ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

ពលការិនីទាំង ០៣នាក់ មានឈ្មោះ៖ សេង សុន្នា អាយុ ២៧ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងឬស្សី ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ តាមរយៈ ក្រុមហ៊ុនលោកជ័យ នៅកម្ពុជា និងក្រុមហ៊ុន នៅប្រទេសម៉ាឡេស៊ី ។ សេង សុន្នា បានទៅ ស្ថានទូតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៦ សុំជួយអោយបានវិលត្រឡប់មកកម្ពុជាវិញ។

រុន ធីម អាយុ ២០ ឆ្នាំ មានស្រុកកំណើតនៅភូមិគោកស្រឡៅ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃ ទី២៨ ខែមីនា ឆ្នាំ ២០១៦ តាមរយៈក្រុមហ៊ុនលោកជ័យ នៅកម្ពុជា និងក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី ។ រុន ធីម បានទៅស្ថានទូតនៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៦ សុំជួយអោយ បានវិលត្រឡប់មកកម្ពុជាវិញ។

ស្ថានទូត បានទំនាក់ទំនងទៅកាន់ ក្រុមហ៊ុនលោកជ័យ អោយបង់ពិន័យ ឲ្យរដ្ឋាភិបាលម៉ាឡេស៊ី និងទិញ សំបុត្រយន្តហោះ ធ្វើដំណើរ មកកម្ពុជាវិញ អោយពលការិនីទាំងពីរនាក់នេះ។ ក្រុមហ៊ុន បាន យល់ព្រមតាម សំណើរបស់ស្ថានទូត។

អ៊ំ ថូរ៉េន អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងឬស្សី ឃុំរការប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៥។ អ៊ំ ថូរ៉េន បានទៅស្ថានទូតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ សុំជួយអោយបានវិលត្រឡប់ មកកម្ពុជា វិញ។ស្ថានទូត បានចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន និងបង់ពិន័យអោយរដ្ឋាភិបាល ម៉ាឡេស៊ី ឲ្យពលការិនី អ៊ំ ថូរ៉េន។

ក្នុងកំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅនិង ការហូប ចុក ដល់ពលការិនីទាំង០៣ ខាងលើ។ ពលការិនីទាំង០៣ នឹងមកដល់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង០៧:៣៥ នាទីព្រឹក តាមជើងយន្តហោះ AK 536 ៕

website_news/2016060504.txt · Last modified: 2017/03/02 12:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki