website_news:2016060505

ពលរដ្ឋខ្មែរធ្វើចំណាកស្រុកប៉ុន្មាននាក់ ក្នុង៤ខែដើមឆ្នាំនេះ?

(https://kohsantepheapdaily.com.kh) គេហទំព័រកោះសន្តិភាព ដោយ ៖ ចន ណារិទ្ធ ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៥:៣៦

រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ឆមាសទី១ឆ្នាំ២០១៦ នៃលំហូរអន្ដោប្រវេសន៍ការងារដែលទទួលបានពីនាយកដ្ឋានជំនាញបញ្ជាក់ថា មានប្រជាពលរដ្ឋខ្មែរទៅក្រៅប្រទេសសរុបជិត៣សែននាក់ ក្នុងនោះទៅក្រៅប្រទេសស្របច្បាប់មានជាង១៥ម៉ឺននាក់ និងមិនស្របច្បាប់មានជិត១៤ម៉ឺននាក់ ហើយមានអ្នកត្រឡប់មកវិញតែជិត ៣៥.០០០នាក់ប៉ុណ្ណោះ ។

ទាក់ទងទៅនឹងផែនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មន្ត្រីក្រសួងមហាផ្ទៃបានអះអាងថា រហូតមកដល់ពេលនេះក្រុមការងារអន្តរក្រសួងនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅមិនទាន់មានកិច្ចសហការគ្នាល្អលើការងារផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកក្នុងការបង្ក្រាប ទប់ស្កាត់អំពើជួញដូរមនុស្សខណៈមានព័ត៌មានបទល្មើសជួញដូរមនុស្សភាគច្រើនគឺថ្នាក់ដឹកនាំបានដឹងលឿនតាមរយៈបណ្ដាញសារព័ត៌មានទៅវិញ ។ នៅក្នុងកិច្ចប្រជុំក្រុមការងារជំនាញនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ការផ្ដល់ព័ត៌មាន និងទំនាក់ទំនងគ្នានៃមន្ត្រីជំនាញនៅតាមបណ្ដាស្ថាប័ន ក្រសួងពាក់ព័ន្ធ នៅមានភាពចន្លោះប្រហោង ។

លោកជំទាវបានស្នើឲ្យមន្ត្រីទទួលបន្ទុកនៅតាមបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការងារនេះឡើងវិញ ដើម្បីសម្រេចគោលដៅជួយប្រជាពលរដ្ឋខ្មែរដែលរងគ្រោះពីការឆ្លងដែនទៅធ្វើការងារចំណាក ស្រុកនៅក្រៅប្រទេសនិងនៅក្នុងស្រុក ក៏ដូចជាការចាញ់បោកមេខ្យល់ជាដើម ។ លោកជំទាវរដ្ឋលេខាធិការបន្តថា តួលេខដែលកងកម្លាំងមានសមត្ថកិច្ចបង្ក្រាបនិងទប់ស្កាត់បាន គ្រាន់តែជាតួលេខដែលយើងធ្វើបានប៉ុណ្ណោះ ប៉ុន្តែនៅមានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនទៀតបានលួចធ្វើចំណាកស្រុកទៅក្រៅប្រទេស ឆ្លងដែនតាមច្រករបៀង និងខ្លះទៀតឆ្លងដែនតាមច្រកទ្វារអន្តរជាតិ ហើយដាច់បាត់ការទាក់ទងនៅក្រៅប្រទេសដែលយើងមិនដឹងច្បាស់ថា តើពួកគេទាំងនោះជួបប្រឈមនឹងបញ្ហារងគ្រោះអ្វីខ្លះទៀតនោះទេ ។

លោកជំទាវរដ្ឋលេខាធិការ ថ្លែងទៀតថា នៅថ្ងៃខាងមុខគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងបើកវគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបកំណត់អត្តសញ្ញាណជនរងគ្រោះក្នុងករណីអំពើជួញដូរមនុស្ស ។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ស្ថាប័ន ក្រសួងនីមួយៗនឹងមានវិធានការរបស់ខ្លួន និងមានការទទួលខុសត្រូវលើមុខសញ្ញាជនរងគ្រោះ និងចេះកំណត់មុខសញ្ញាជនល្មើសដើម្បីអនុវត្តចំណាត់ការទៅតាមផ្លូវច្បាប់ផងដែរ ៕

website_news/2016060505.txt · Last modified: 2017/03/02 12:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki