website_news:2016060701

វិចារណកថាៈ មូលហេតុ ដែលធ្វើឲ្យពលរដ្ឋខ្មែរ នៅតែឆ្លងដែន ចូលកាប់ឈើគ្រញូង លើទឹកដីថៃ

http://www.dap-news.com/kh អង្គារ, 05 កក្កដា ២០១៦ 08:33 ដោយ: វាសនាដារ៉ាវិជ័យ ID:012

រយៈពេលប៉ុន្មានខែកន្លងទៅនេះ ករណីពលរដ្ឋខ្មែរឆ្លងដែន ចូលកាប់ឈើគ្រូញូងលើទឹកដីថៃ បានកើតឡើង ជាបន្តបន្ទាប់ ហើយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថៃក៏ចាប់បានពលរដ្ឋខ្មែរ ជាច្រើននាក់ផងដែរ ។ អ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះ គឺព្រៃការពាររបស់ប្រទេសថៃ តាមបណ្ដាខេត្តមួយចំនួន ដែលនៅឆ្ងាយពីតំបន់ព្រំដែនកម្ពុជា-ថៃ ក៏មានពលរដ្ឋខ្មែរឆ្លងដែនចូលទៅកាប់ឈើគ្រញូងដល់ក្នុងតំបន់នោះដែរ ។ ប្រការនេះបានបង្ហាញឲ្យឃើញថា មានមូលហេតុជាច្រើនដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនតូច រស់នៅតាមតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ ខេត្ត បន្ទាយមានជ័យ និងខេត្តបាត់ដំបងជាដើម ឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងលើទឹកដីថៃ យកមកលក់ឲ្យ ឈ្មួញឈើគ្រញូង ដែលឈរចាំទិញនៅតាមតំបន់ព្រំដែន ។ ករណីខ្លះមានពលរដ្ឋខ្មែរទាំងក្រុមៗ ពី១៥ទៅ៣០ នាក់ ឆ្លងដែនតាមមេខ្យល់ទៅកាប់ឈើគ្រញូង លើកទឹកដីថៃ ដូចដែលបណ្ដាញព័ត៌មាន ក្នុងប្រទេសថៃ និង បណ្ដាញព័ត៌មានក្នុងប្រទេសកម្ពុជា បានចុះផ្សាយជាបន្តបន្ទាប់រួចមកហើយ ។

តាមអ្នកសង្កេតការណ៍មួយចំនួន បានឲ្យដឹងថា ការដែលប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន ក្នុងស្រុកបន្ទាយ អម្ពិល និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងលើទឹកដីថៃ គឺមានការជំរុញពីឈ្មួញធំៗ ដែលរងចាំទិញនៅតាមតំបន់ព្រំដែន ។ ជាងនេះទៅទៀត មានប្រភពខ្លះបានឲ្យដឹង ថា សមត្ថកិច្ចថា ដែលឈរជើងការពារព្រំដែន មិនបានចាត់វិធានការរារាំងប្រជាពលរដ្ឋខ្មែរ ពេលឆ្លងដែនចូលទឹក ដីថៃ ដើម្បីកាប់ឈើគ្រញូងយកមកលក់ឲ្យឈ្មួញខិលខូតនោះទេ ។ ផ្ទុយទៅវិញ នៅពេលដែលពលរដ្ឋខ្មែរ ទាំងនោះ ស្ពាយឈើគ្រញូងពីទឹកដីថៃ ចូលមកទឹកដីខ្មែរវិញ ទើបសមត្ថកិច្ចការពារព្រំដែនធ្វើការបង្ក្រាប ហើយរឹបអូសយកឈើគ្រញូង យ៉ាងស្រួលៗទៅវិញ ។ លើសនេះទៅទៀត សមត្ថកិច្ច និងមន្ត្រីអាជ្ញាធរក្នុង ខេត្តឧត្តរមានជ័យ មិនដែលវែកមុខមេខ្លោងជួញដូរឈើគ្រញូង ដែលអ្នកខ្លះជាមន្ត្រីប្រដាប់អាវុធ នៅក្នុងខេត្ត ឧត្តរមានជ័យនោះឡើយ ។

នៅតាមតំបន់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់ខេត្តស្រះកែវ ក៏មានរឿងប្រហាក់ ប្រហែលគ្នានេះដែរ គឺនៅពេលដែលមេខ្យល់នាំពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ មិនដែលឃើញសមត្ថកិច្ច ការពារព្រំដែន ចាត់វិធានការទប់ស្កាត់ឡើយ ។ ប្រការនេះហើយ ដែលពលរដ្ឋខ្មែរ ដែលដឹកនាំដោយមេខ្យល់ អាចឆ្លងដែនចូលដល់ព្រៃការពារក្នុងខេត្តស្រះកែវកាប់ឈើគ្រញូង ហើយត្រូវសមត្ថកិច្ចថៃ បង្ក្រាបជាបន្ត បន្ទាប់ច្រើនលើកមកហើយ ។ មានសេចក្តីរាយការណ៍ទៀតថា ឈ្មួញឈើនៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដែលជាអ្នកមានអំណាច មានខ្នងបង្អែករឹងមាំ នៅតែអាចធ្វើសកម្មភាពប្រមូលទិញឈើគ្រញូង នៅតាមតំបន់ព្រំដែន ហើយដឹកជញ្ជូនយកមកកែច្នៃក្នុងរោងសិប្បកម្មរបស់ខ្លួន និងលក់បន្តឲ្យ ឈ្មួញមួយចំនួនទៀត នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាឈ្មួញដែលដឹកជញ្ជូនឈើគ្រញូង ទៅលក់នៅប្រទេស ជិតខាង ។ បញ្ហានេះក្រសួង និងស្ថាប័នពាក់ព័ន្ធមិនត្រូវមើលរំលងតទៅទៀតទេ ហើយគួរចាត់វិធានការ ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ។

នៅក្នុងខេត្តឧត្តរមានជ័យ ឈ្មួញធំៗដែលជាមន្ត្រីប្រដាប់អាវុធ និងឈ្មួញដែលមានខ្នងបង្អែករឹងមាំ អាចឈរ ជើងតាមព្រំដែន ចាំទិញឈើគ្រញូង ហើយដឹកជញ្ជូនឆ្លងកាត់ខេត្តសៀមរាប និងខេត្តកំពង់ធំ ដោយគ្មាន ឧបសគ្គអ្វីទាំងអស់ ។ សមត្ថកិច្ចនៅក្នុងខេត្តឧត្តរមានជ័យ ក៏ដូចជាខេត្តព្រះវិហារ និងខេត្តកំពង់ធំ ព្រមទាំង បណ្ដាខេត្តមួយចំនួនទៀត មិនហ៊ានប៉ះពាល់ឈ្មួញធំៗទាំងនោះទេ ព្រោះខ្លាចបាត់បង់តំណែង និងតួនាទី របស់ខ្លួន ។ មូលហេតុនេះហើយ ដែលឈ្មួញឈើគ្រញូងនៅតែអាចបញ្ចុះបញ្ចូល ឲ្យពលរដ្ឋក្រីក្រឆ្លងដែនចូល ទៅកាប់ឈើគ្រញូង យកមកលក់ឲ្យពួកគេ ដូច្នេះឧក្រិដ្ឋកម្មឈើគ្រញូងប្រឡាក់ឈាម នៅតែជារឿងគួរ ឲ្យព្រួយបារម្ភដដែល ។ ដើម្បីទប់ស្កាត់កុំឲ្យពលរដ្ឋខ្មែរ ឆ្លងដែនចូលទៅកាប់ឈើគ្រញូងលើទឹកដីថៃ តទៅទៀត គឺក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវបង្ក្រាបមេខ្លោង ជួញដូរឈើគ្រញូងតាមតំបន់ព្រំដែន ដោយចាត់វិធានការតាម ច្បាប់ជាធរមាន ។

សរុបសេចក្តីមក គឺករណីពលរដ្ឋខ្មែរផ្សងគ្រោះថ្នាក់ ឆ្លងដែនចូលកាប់ឈើគ្រញូងលើទឹកថៃ គឺដោយសារតែ មានឈ្មួញធំៗ ចាំទិញឈើគ្រញូងតាមតំបន់ព្រំដែន ក្នុងតម្លៃខ្ពស់ ហើយក៏អាចមានការឃុបឃិត ពីសមត្ថកិច្ច ការពារព្រំដែនផងដែរ ។ ប្រសិនបើគ្មានឈ្មួញចាំទិញឈើគ្រញូង តាមតំបន់ព្រំដែនទេនោះ គឺគ្មានប្រជាពលខ្មែរ ណា ជឿតាមការបញ្ចុះបញ្ចូលរបស់មេខ្យល់ ហើយឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូង នៅក្នុងព្រៃការពារ និងឧទ្យានជាតិលើទឹកដីថៃនោះទេ ។ ដូច្នេះក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញលើបញ្ហានេះ ព្រោះ បច្ចុប្បន្នតាមតំបន់ព្រំដែន ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ នៅតែមានពលរដ្ឋខ្មែរឆ្លងដែន ចូលកាប់ឈើគ្រញូងលើទឹកដីថៃ បើទោះបីត្រូវមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថៃចាត់វិធានការ បង្ក្រាបជា បន្តបន្ទាប់ក៏ដោយ ។ ឈ្មួញឈើគ្រញូងហាក់ដូចជាគ្មានញញើតអ្វីទាំងអស់ ព្រោះពួកគេមានការឃុបឃិត ជាមួយសមត្ថកិច្ចការពារព្រំដែន និងសមត្ថកិច្ចតាមដងផ្លូវជាប្រព័ន្ធរួចទៅហើយ ៕

website_news/2016060701.txt · Last modified: 2017/03/10 09:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki