website_news:2016060703

ទីភ្នាក់ងារអាមេរិកប្រកាសពីការផ្តល់សេវាពពោះជំនួសនៅកម្ពុជា

(http://www.postkhmer.com) Wed, 6 July 2016

ភ្នំពេញៈ ទីភ្នាក់ងាររកស៊ីសេវាស៊ីឈ្នួលពពោះជំនួសរបស់សហរដ្ឋអាមេរិកមានឈ្មោះថា Surrogacy Cambodia បានចាប់ផ្តើមផ្សព្វផ្សាយទីផ្សារទៅកាន់ពលរដ្ឋអាមេរិកអំពី «សេវាកម្មតាមតម្រូវការផ្ទាល់ខ្លួន» រួមទាំងការស៊ីឈ្នួលពពោះជំនួស និងការជ្រើសរើសភេទនៅគ្លីនិកបង្កកំណើតក្រៅផ្ទៃលំដាប់ខ្ពស់នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Orange County នៃរដ្ឋ California នេះបានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសៅរ៍ថា៖ «កញ្ចប់សេវាតាមតម្រូវការផ្ទាល់ខ្លួនរបស់ Surrogacy Cambodia ក្នុងការបង្កកំណើតក្រៅផ្ទៃ និងសេវាផ្គូផ្គងម្តាយស៊ីឈ្នួលពពោះជំនួសស៊ុតរបស់អ្នកបរិច្ចាគ និងទឹកកាមរបស់អ្នកបរិច្ចាគឯកជនត្រូវបានរៀបចំឡើងដើម្បីផ្តល់ជម្រើសជាច្រើនដល់ប្តីប្រពន្ធក្នុងការមានកូន»។ នៅលើគេហទំព័ររបស់ទីភ្នាក់ងារនេះបានផ្សព្វផ្សាយអំពីការជ្រើសរើសភេទ និងសេវាបង្កកំណើតក្រៅផ្ទៃដល់ប្តីប្រពន្ធភេទផ្ទុយគ្នាព្រមទាំងសេវាស៊ីឈ្នួលពពោះជំនួសដល់ប្តីប្រពន្ធស្រឡាញ់ភេទដូចគ្នា។ គេហទំព័រនេះក៏បានបង្ហាញរូបថតអ្នកបរិច្ចាគស៊ុតម្តាយស៊ីឈ្នួលជំនួសជាង ៥០ នាក់ និងរូបភូមិគ្រឹះដែលម្តាយស៊ីឈ្នួលពពោះជំនួសស្នាក់នៅអំឡុងពេលមានផ្ទៃពោះ។

ទីភ្នាក់ងារ Surrogacy Cambodia មិនបានឆ្លើយតបទៅនឹងសំណើសុំព័ត៌មានបន្ថែមទេ។ ទោះបីយ៉ាងណានៅលើគេហទំព័ររបស់ខ្លួនទីភ្នាក់ងារអះអាងថាបានធ្វើឲ្យម្តាយស៊ីឈ្នួលពពោះជំនួសចំនួន ៦០ នាក់ដោយជោគជ័យចន្លោះពីខែវិច្ឆិកាឆ្នាំ ២០១៥ និងខែមេសា ឆ្នាំ ២០១៦ នេះ។ វិស័យស៊ីឈ្នួលពពោះជំនួសរបស់កម្ពុជាដែលបានរីកចម្រើនយ៉ាងឆាប់រហ័សបន្ទាប់ពីការស៊ីឈ្នួលពពោះជំនួសត្រូវបានហាមឃាត់ ឬរឹតត្បិតនៅប្រទេសឥណ្ឌាប្រទេសថៃ និងប្រទេស នេប៉ាល់ កាលពីឆ្នាំមុនកំពុងតែប្រតិបតិ្តការបែបលាក់ការ។

ក្រសួងមហាផ្ទៃបានឱ្យដឹងក្នុងឆ្នាំ ២០១៤ ថាអាជីវកម្មស៊ីឈ្នួលពពោះជំនួសគឺជាសកម្មភាពខុសច្បាប់ប៉ុន្តែការអនុវត្តនេះនៅតែស្ថិតក្នុងចន្លោះប្រហោងនៃច្បាប់ខណៈដែលរដ្ឋាភិបាលកំពុងតែរៀបចំច្បាប់ស្តីពីការបង្កកំណើតក្រៅផ្ទៃ និងការស៊ីឈ្នួលពពោះជំនួស។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីម្សិលមិញបានស្នើឲ្យដាក់លិខិតផ្លូវការមួយជាមុនសិនមុនពេលលោកឆ្លើយសំណួរអំពីបញ្ហានេះ។ លោកបាននិយាយថា លោកមិនទាន់បានទទួលលិខិតដែលភ្នំពេញ ប៉ុស្តិ៍ បានដាក់មកក្រសួងសុខាភិបាលជាមុនទេ។

ទីភ្នាក់ងាររាប់សិបឥឡូវនេះកំពុងឃោសនាអំពីសេវាកម្មស៊ីឈ្នួលពពោះជំនួសនៅកម្ពុជាដែលការមានផ្ទៃពោះនីមួយៗត្រូវចំណាយជាង ៣ ម៉ឺនដុល្លារអាមេរិក។ ប៉ុន្តែគ្មានទីភ្នាក់ងារណាដែលភ្នំពេញ ប៉ុស្តិ៍ ទាក់ទងចង់និយាយបើកចំហអំពីអាជីវកម្មរបស់ពួកគេទេ។ គ្មានគ្លីនិកណាក្នុងចំណោមគ្លីនិកបង្កកំណើតក្រៅផ្ទៃក្នុងស្រុកទាំងបួនដែលមានសមត្ថភាពផ្តល់សេវាចាំបាច់នឹងសារភាពថាបានផ្តល់សេវាបង្កកំណើតក្រៅផ្ទៃសម្រាប់ការស៊ីឈ្នួលពពោះជំនួសទេ។

នៅលើទំព័រហ្វេសប៊ុករបស់ Surrogacy Cambodia ទីភ្នាក់ងារនេះអះអាងថាបានចាប់ «ដៃគូផ្តាច់មុខជាមួយនឹងគ្លីនិក First Fertility Phnom Penh នៅភ្នំពេញដែលជាគ្លីនិកលំដាប់ខ្ពស់របស់ហុងកុងដែលមានមូលដ្ឋាននៅអគារវឌ្ឍនៈ»។ លើគេហទំព័ររបស់ខ្លួនទីភ្នាក់ងារនេះបានអះអាងថាបានប្រើប្រាស់សេវារបស់អ្នកឯកទេសពីរនាក់ពីគ្លីនិកនេះគឺវេជ្ជបណ្ឌិត ទី សុវណ្ណារតន៍ និងវេជ្ជបណ្ឌិត Du Xiaoping។

គេហទំព័រនេះក៏បង្ហាញរូបរបស់គ្លីនិកផងដែរ។ ពេលសួរថាតើគ្លីនិក First Fertility មានទំនាក់ទំនងអាជីវកម្មជាមួយនឹងទីភ្នាក់ងារ Surrogacy Cambodia ឬអត់អ្នកទទួលភ្ញៀវដែលបានបដិសេធមិនប្រាប់ឈ្មោះរបស់នាងកាលពីម្សិលមិញបានឱ្យដឹងថាគ្លីនិកមានដៃគូតែជាមួយនឹងគ្លីនិកក្នុងប្រទេសថៃហើយផ្តោតលើសេវាបង្កកំណើតក្រៅផ្ទៃ។ នាងបានថ្លែងថា៖ «ទោះបីយ៉ាងណាគ្មានសេវាស៊ីឈ្នួលពពោះជំនួសទេហើយយើងមិនផ្តល់សេវានេះទេ។ ក្នុងករណីអតិថិជនជ្រើសរើសការស៊ីឈ្នួលពពោះជំនួសយើងអាចផ្តល់សេវានោះបាន»។ បន្ទាប់មកនាងបានដាក់ទូរស័ព្ទចុះ។

ពេលសួរតាមអ៊ីម៉ែលថា តើពលរដ្ឋអាមេរិកបានស្នើសុំសញ្ជាតិឲ្យកុមារដែលកើតពីការពពោះជំនួសនៅកម្ពុជាឬអត់ លោក Courtney Woods អ្នកនាំពាក្យស្ថានទូតអាមេរិកបានថ្លែងថាស្ថានទូតអាមេរិកមិនបញ្ចេញព័ត៌មានបែបនេះដល់សាធារណជនទេ។

លោក Woods បាននិយាយថាក្រសួងការបរទេសអាមេរិកបានផ្តល់ព័ត៌មានដល់ពលរដ្ឋអាមេរិកដែលកំពុងពិចារណាពីការប្រើប្រាស់បច្ចេកវិទ្យាបន្ដពូជនៅលើគេហទំព័ររបស់ក្រសួងប៉ុន្តែមិនមានព័ត៌មានជាក់លាក់សម្រាប់ប្រទេសកម្ពុជាទេ៕ TK

website_news/2016060703.txt · Last modified: 2017/03/10 10:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki