website_news:2016060704

អាពាហ៍ពិពាហ៍ឆ្លងដែនដែលនៅមិនឆ្ងាយពីស្លាកជួញដូរមនុស្ស

(http://www.postkhmer.com) Wed, 6 July 2016 Vandy Muong

ភ្នំពេញៈ កូនក្រមុំចំណាកស្រុក ៣០ នាក់ត្រូវបានគេធ្វើមាតុភូមិនិវត្តន៍ពីប្រទេសចិនមកកម្ពុជា វិញក្នុងរយៈ ពេលប្រាំមួយខែដំបូងនៃឆ្នាំនេះក្នុងនោះរួមបញ្ចូលទាំងស្រី្តពីរនាក់ដែលបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីចុងខែមុនផងដែរ។ ស្រី្តច្រើននាក់បានវិលត្រឡប់មកវិញជាមួយរឿងរ៉ាវនៃការរំលោភបំពានខណៈមានស្ថិតិតិចតួចប៉ុណ្ណោះនិយាយអំពីស្រី្តដែលបានជ្រើសរើសយកការបន្តរស់នៅក្នុងប្រទេសចិនហើយជាញឹកញាប់រឿងរ៉ាវរបស់ពួកគេជារឿងពិបាកក្នុងការជីកកកាយ។

ចិន្តា (ឈ្មោះដាក់ឲ្យ) មានអាយុ ២១ ឆ្នាំហើយបានបង់ប្រាក់ ២ ០០០ ដុល្លារអាមេរិក ទៅឲ្យអ្នក គ្រប់គ្រងរោងចក្រកាត់ដេរមួយនៅខេត្តព្រៃវែងដើម្បីអ្វីដែលនាងគិតថាជាសំបុត្រមួយទៅកូរ៉េខាងត្បូង។ ប៉ុន្តែ យន្តហោះរបស់នាងបានមកដល់ទីក្រុងស៊ាងហៃប្រទេសចិនហើយនាងបានរៀបការជាមួយបុរសចិនម្នាក់ដែលមានវ័យប្រាំបីឆ្នាំចាស់ជាងនាង។ រយៈពេលពីរឆ្នាំនាងបានរស់នៅជាមួយបុរសម្នាក់នោះក្នុងខេត្ត Zhejiang ភាគខាង កើតប្រទេសចិនដោយទឹកចិត្តសប្បាយរីករាយ។

ក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយភ្នំពេញប៉ុស្តិ៍នាង ចិន្តា បានលើកឡើងថានាងមានជីវិតអាពាហ៍ពិពាហ៍ «ធម្មតា» និងកំពុងចិញ្ចឹមកូនស្រីម្នាក់ហើយនាងក៏ស្គាល់ស្ត្រីខ្មែរ ១០ នាក់ទៀតដែលរស់នៅក្នុងភូមិតែមួយ ជាមួយនាងផងដែរ។ នាងបានថ្លែងថា៖ «ខ្ញុំគិតថាមានខ្មែរមួយពាន់នាក់ [នៅក្នុងខេត្តនេះ]»។ នាងបានបន្ថែមថានាងសង្ឃឹមថា នឹង វិលត្រឡប់មកកម្ពុជាក្នុងពេលឆាប់ៗប៉ុន្តែមិនមែនមករស់នៅកម្ពុជាទេគឺគ្រាន់តែមកលេងប៉ុណ្ណោះ។

អត្ថបទមួយដែលបានចុះផ្សាយនៅសប្តាហ៍មុនលើគេហទំព័ររបស់ចិន Sixth Tone បានតាមដានរឿងរ៉ាវ របស់ នាង សុភ័ណ្ឌ ជាស្ត្រីខ្មែរម្នាក់ដែលរស់នៅក្នុងខេត្ត Zhejiang ជាមួយប្តី និងកូនពីរនាក់ដូចនាង ចិន្តា ដែរ។ ដោយត្រូវបានជ្រើសរើសពីរោងចក្រកាត់ដេរកាលពីបីឆ្នាំមុននាងបានស្ម័គ្រចិត្ដចាកចេញពីអាពាហ៍ពិពាហ៍ដែលរំលោភបំពាន និងកូនពីរនាក់ទៀតក្នុងប្រទេសកម្ពុជា។ នាងបានប្រែឈ្មោះជាភាសាចិន។

នាង សុភ័ណ្ឌ បានចាត់ទុកអាពាហ៍ពិពាហ៍ថ្មីរបស់នាងថាជាអាពាហ៍ពិពាហ៍ល្អមួយហើយជឿជាក់ថាប្រាក់ ដែលនាងបានផ្ដល់ឲ្យក្រុមគ្រួសាររបស់នាងនៅកម្ពុជាសំខាន់ជាងឧបសគ្គខាងវប្បធម៌។ នាងបាននិយាយថា៖ «ខ្ញុំគិតថានៅចិនខ្ញុំពិតជារីករាយជាងនៅកម្ពុជា»។កាលពីខែឧសភាក្នុងពិធីពិព័រណ៍មួយនៅរាជធានីភ្នំពេញអ្នកសារព័ត៌មានបានថតរូបបុរសចិនម្នាក់ឈ្មោះ យ៉ាន កុង ខណៈគាត់កំពុងស្វែងយល់ពីជីវិតប្រចាំថ្ងៃរបស់ស្ត្រីកម្ពុជាម្នាក់ដែលត្រូវជ្រើសរើសទៅរៀបការក្នុ ងប្រទេសចិនដូចនាង សុភ័ណ្ឌ ដែរ។

លោក កុង បានប្រាប់ភ្នំពេញ ប៉ុស្តិ៍នៅពេលនោះថា៖ «មិនខុសពីទីនេះ [កម្ពុជាទេ] ខ្ញុំបានជួប ស្ត្រីជាច្រើន ដែលកំពុងសប្បាយរីករាយ ឬបានជ្រើសរើសយកការបន្តរស់នៅចិន»។ រឿងរ៉ាវរបស់ពួកគេបង្កភាពស្មុគស្មាញដល់ទីផ្សាររៀបការឆ្លងដែន និងស្លាក «ជួញដូរមនុស្ស» ដែលគេបាន កំណត់ចំពោះទីផ្សារនេះ។ ក្នុងតុលាការរាជធានីភ្នំពេញ «ជនរងគ្រោះ» មួយចំនួនបានការពារអ្នកជួញដូរ ពួកគេជាហេតុធ្វើឲ្យមានសំណួរជាច្រើនអំពីរបៀបដែលតុលាការកាត់ទោសលើបទល្មើសនេះ។

បើតាមលោក កែវ ធា អនុប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានី ភ្នំពេញ បាន ឲ្យដឹងថាតើការរៀបការឆ្លងដែនគឺជា «អំពើជួញដូរ» ផ្អែកតាមករណី។ បើសកម្មភាពពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់មានគេរកបានចំណេញ ឬមានការរំលោភបំពានណាមួយនោះអ៊ីចឹងអាចធ្វើការចោទប្រកាន់បាន។ ទោសអតិបរមាមានចាប់ពី ៧ ទៅ ១៥ ឆ្នាំ។ ក្នុងករណីធ្ងន់ធ្ងរមួយគឺអ្នកបើកបរម៉ូតូកង់បី និងអ្នកបកប្រែដែលជួយដល់ការធ្វើដំណើរទៅចិនត្រូវបាន ចោទប្រកាន់ផងដែរ។

តាមទ្រឹស្តីទាំងអស់គ្នាគឺស្មើភាពចំពោះមុខច្បាប់។ ប៉ុន្តែអ្នកខ្លះបានលើកពីក្តីបារម្ភអំពីចំណុចចន្លោះ ប្រហោង ប្រសិនបើស្ត្រីទៅរកឈ្មួញកណ្តាលផ្ទាល់។ អ្នកជំនាញផ្នែកច្បាប់លោក សុក សំអឿន បានលើកឡើងថា៖ «បើនាងចង់រៀបការហើយនាងទៅរៀបការ នោះមិនមែនជាការជួញដូរមនុស្សទេចំពោះខ្ញុំ ខ្ញុំមិនគិតថាវាជាការជួញដូរមនុស្សទេ។ ប៉ុន្តែទិដ្ឋាការចាំបាច់ ត្រូវស្របច្បាប់»។ លើសពីនេះទៀតអ្នកដែលត្រូវបានកាត់ទោសជាញឹកញាប់គឺភ្នាក់ងារកម្ពុជាក្នុងស្រុកដែលធ្វើការជាលក្ខណៈបណ្តោះអាសន្នក្នុងការជ្រើសរើសមនុស្សពីក្នុងរង្វង់សង្គមរបស់ខ្លួនដូចជាក្នុងរោងចក្រ។ លោកស្រី រស់ សុភាព នាយិកាប្រតិបតិ្តនៃអង្គការយេនឌ័រ និងអភិបាលដើម្បីកម្ពុជាថ្លែងថា៖ «វាងាយស្រួលជាងមុន។ ការធ្វើការតាម រយៈមិត្តភក្តិគឺមានប្រយោជន៍។ ស្ត្រី [ទំនង] គិតអ៊ីចឹង។ ស្ត្រីជាមិត្តភក្តិខ្ញុំ»។

ភ្នាក់ងារមួយចំនួនអះអាងថាមិនដឹងអំពីស្ថានភាពដែលមិត្តភក្តិរបស់ពួកគេអាចជាប់ពាក់ព័ន្ធនោះទេ។ អ្នកស្រី បឿន សុខលីន កម្មការិនីកាត់ដេរនៅខេត្តព្រៃវែង និងស្វាមីត្រូវបានជំនុំជម្រះកាលពីខែកុម្ភៈក្នុង រាជធានី ភ្នំពេញ សម្រាប់ករណីពួកគេជួយស្ត្រីម្នាក់ដែលអ្នកស្រី សុខលីន អះអាងជាមិត្តភក្តិឈ្មោះ ឃឿន អំ ដើម្បីទទួលបានប្រាក់ និងទិដ្ឋាការតាមរយៈប្អូនស្រីរបស់អ្នកស្រី សុខលីន ដែលរស់នៅក្នុងប្រទេសចិន។ នាង អំ មិន បានបង្ហាញខ្លួននៅតុលាការទេ។ តំណាងអយ្យការបានស្នើសុំឱ្យចៅក្រម «បន្ធូរបន្ថយទោស» ប៉ុន្តែអ្នកស្រី សុខលីន ទទួលទោសប្រាំពីរឆ្នាំខណៈដែលប្តីរបស់គាត់រួចខ្លួន។

មេធាវីការពារក្តីរបស់អ្នកស្រី សុខលីន គឺអ្នកស្រី ឌុយ សុខសូលីដា ចង់ប្តឹងឧទ្ធរណ៍។ អ្នកស្រីបាន និយាយថា៖ «ពេលខ្លះពួកគេគ្រាន់តែជួយរត់លិខិតឆ្លងដែន ឬទិដ្ឋាការប៉ុណ្ណោះ។ នោះមិនមែនជាសកម្មភាព ជួញដូរមនុស្សទេ»។ អ្នកស្រីបានបន្ថែមថា៖ «ប៉ុន្តែឥឡូវនេះកូនក្តីរបស់ខ្ញុំគឺនៅ [ពន្ធនាគារ] ព្រៃសហើយប្រសិនបើ [ប្អូនស្រីរបស់នាង] នៅចិនមកកម្ពុជានាងនឹងត្រូវជាប់ពន្ធនាគារផងដែរ»។ កាលពីពីរសប្តាហ៍មុនតុលាការបានផ្តន្ទា ទោស លើស្ត្រីម្នាក់ផ្សេងទៀតឈ្មោះ ណៃ ធារី ឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំ។ គ្មានជនរងគ្រោះណាចោទប្រកាន់នាង ធារី ពីបទល្មើសទេហើយជនរងគ្រោះម្នាក់បានរៀបរាប់ពីនាងថាជាមិត្តភក្ដិ។

អ្នកសង្កេតការណ៍បានលើកឡើងថាករណីបែបនេះអាចឆ្លុះបញ្ចាំងពីបញ្ហាមួយទៀតគឺនិទ្ទណ្ឌភាពសម្រាប់អ្នកស្ថិតនៅកំពូលនៃក្រុមជួញដូរ។ លោក Phil Robertson អនុប្រធានប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងថា៖ «គោលការណ៍ស្មើភាពចំពោះមុខច្បាប់លុបចោលនូវគោលគំនិតនៃប្រយោគផ្សេងចំពោះបទល្មើសតែមួយ។ ប៉ុន្តែនោះមិនមានន័យថាកម្ពុជាអាចមិនអើពើចំពោះគណនេយ្យភាពដែលនុយត្រូវជាប់ពន្ធនាគារយូរហើយត្រីធំហែលដោយសេរី»។

លោកស្រី សុភាព នៃអង្គភាពយេនឌ័រនិងការអភិវឌ្ឍដើម្បីកម្ពុជាបាននិយាយដូចគ្នា។ លោកស្រីបាន ថ្លែងថា៖ «ជាញឹកញាប់ស្ត្រីក្នុងឋានៈទាបត្រូវបានចាប់ខ្លួន។ ក្រុមហ៊ុននៅទីនេះ និងក្រុមហ៊ុននៅចិនបាន ធ្វើការរួមគ្នាហើយបន្ទាប់មកបុរសជាអ្នកជ្រើសថា៖ វាដូចជាអ្នកចង់ទិញមាន់មួយក្បាល»។ ជាការពិតណាស់មិនអាចអើពើចំពោះការរំលោភបំពានឡើយ។ ប្អូនស្រីនាង ចិន្តា ឈ្មោះ វណ្ណដា (ឈ្មោះ ដាក់ឲ្យ) បានរងការរំលោភបំពានក្នុងអាពាហ៍ពិពាហ៍របស់នាងដែលជាការជួញដូរក្រោមគម្រោងតែមួយ។ នាងបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅពេលទិដ្ឋាការរបស់នាងបានផុតកំណត់ដោយមានជំនួយពីប្តីរបស់បងស្រីនាង។

នាង វណ្ណដា បាននិយាយកុហកប្រាប់អ្នកជិតខាងអំពីបទពិសោធដោយសារតែនាងមានភាពអាម៉ាស់។ ខណៈដែលនាងបានទទួលពីជំនួយផ្នែកច្បាប់ពីសមាគមអាដហុកចាប់តាំងពីនាងវិលត្រឡប់មកវិញ តែករណីរបស់នាងមិនបានបញ្ជូនទៅតុលាការទេហើយករណីនេះនគរបាលមិនបានចេញដីកាចាប់ខ្លួនអ្នកជ្រើសរើសនាងឡើយ។

សេចក្តីព្រាងនៃអនុស្សរណៈស្តីពីការយល់ដឹងដើម្បីកាត់បន្ថយការជួញដូរមនុស្សរវាងកម្ពុជា និងចិនកំពុង តែរៀបចំឡើង។ នេះបើយោងតាមលោកស្រី រ៉ានសេរី លក្ខណា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិប្រឆាំង ការជួញដូរមនុស្ស។ អនុស្សរណៈមានគោលបំណងដោះស្រាយភាពខុសគ្នានៃច្បាប់អាពាហ៍ពិពាហ៍រវាង ប្រទេស ទាំងពីរ។

លោកស្រីបាននិយាយថា៖ «យើងមិនអាចបញ្ឈប់ពួកគេកុំឲ្យរៀបការជាមួយ [បុរសចិន] ទេ។ ប៉ុន្តែយើង អាច រកវិធីល្អបំផុតដើម្បីការពារពួកគេ»។ ប៉ុន្តែលោកស្រីបានបន្ថែមទៀតថា៖ «ដំបូងឡើយយើងត្រូវដឹងថាតើ ប្រជាពលរថ្ឋយើងប៉ុន្មាននាក់នឹងទៅចិនដើម្បីរៀបការ?»៕ TK

website_news/2016060704.txt · Last modified: 2017/03/10 10:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki