website_news:2016060705

ថៃសង្ឃឹមឧស្សាហកម្មនាំចេញអាហារសមុទ្ររបស់ខ្លួនអាចប្រសើរឡើងវិញ

(http://vayofm.com/news) 06-07-2016 8:30 am

ឧស្សាហកម្មនាំចេញអាហារសមុទ្រថៃនឹងរីកចម្រើនឡើងវិញ បន្ទាប់ពីអាមេរិកបានកំណត់ចំណាត់ថ្នាក់នៃការជួញដូរមនុស្សក្នុងប្រទេសនេះពីលេខ៣មកលេខ២វិញ ដែលបង្ហាញថាបានល្អប្រសើរជាងមុន។ថៃត្រូវជឿជាក់ថា ទទួលចំណូលពីការនាំចេញបង្គាទៅក្នុងទីផ្សារពិភពលោកដល់ទៅ១,៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ កើនឡើង១០%បើប្រៀបធៀបកាលពីឆ្នាំមុន។ ចំណែកឯចំណូលបានពីការនាំចេញត្រីនិងមឹកវិញដល់ទៅ៧០០លានដុល្លារអាមេរិកក្នុងឆ្នាំនេះ កើនឡើង៨%បើប្រៀបធៀបកាលពីឆ្នាំមុន។នេះបើតាមការបញ្ជាក់ពីប្រធានសមាគមម្ហូបអាហារសមុទ្រថៃ(Thai Frozen Foods Association)។

លោក Pod Aramwatananondបានព្យាករថា ឧស្សាហកម្មនាំចេញអាហារសមុទ្រថៃនឹងស្ទុះងើបឡើងវិញក្រោយពីការធ្លាក់ចុះ ហើយនឹងទទួលបានប្រាក់ចំណេញខ្ពស់ជាងឆ្នាំមុនមិនខាន ដោយសារតែថៃបានជាប់ចំណាត់ថ្នាក់លេខ២វិញ ទាក់ទងនឹងការបង្ក្រាបលើការជួញដូរមនុស្សបានល្អប្រសើរជាងមុន ជាពិសេសក្នុងឧស្សាហកម្មនេសាទថៃតែម្ដង។

ពលករចំណាកស្រុកនិងកម្មករជាអាណិកជនត្រូវគេរកឃើញថា បានធ្វើការដោយខុសច្បាប់នៅលើទូកនេសាទថៃ នៅក្នុងរោងចក្រកែច្នៃអាហារសមុទ្រ និងរោងចក្រមួយចំនួនទៀត ដែលធ្វើឲ្យប្រទេសថៃទទួលចំណាត់ថ្នាក់លេខ៣ កំណត់ដោយរដ្ឋាភិបាលអាមេរិក ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ប្រធានសមាគមអាហារសមុទ្រថៃបានអធិប្បាយថា សហភាពអឺរ៉ុបអាចពិចារណាពីការបន្ធូរបន្ថយ លើការរឹតបន្ដឹងលើផលិតផលអាហារសមុទ្រថៃចូលទៅក្នុងទីផ្សារអឺរ៉ុប បន្ទាប់ពីអាមេរិកបានបន្ថយចំណាត់ថ្នាក់ថៃមកត្រឹមលេខ២វិញ។

សូមរម្លឹកថា សហភាពអឺរ៉ុបបានចោទប្រកាន់ប្រទេសថៃថា បរាជ័យក្នុងការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ ការនេសាទគ្មានច្បាប់គ្រប់គ្រងត្រឹមត្រូវ ពិសេសការប្រើកម្មករខុសច្បាប់ឲ្យធ្វើការគ្មានពេលសម្រាក ខណៈអាជ្ញាធរថៃបានបន្ទោសលើម្ចាស់ទូក។អាជ្ញាធរបានចោទប្រកាន់ម្ចាស់ទូកថាបានរំលោភបំពាន និងប្រើប្រាស់ទូកនេសាទដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមិនបានទាក់ទងនៅអ្នកបើកបរទូកដើម្បីសាកសួរពីក្រុមពលករចំណាកស្រុកខុសច្បាប់ ដែលពួកគេបានប្រើធ្វើជាកម្លាំងពលកម្មឡើយ។ដោយសារបែបនេះទើបអឺរ៉ុបសម្រេចរឹតបន្ដឹងលើការចរាចរផលិតផលអាហារសមុទ្រថៃក្នុងទីផ្សារអឺរ៉ុប ហើយព្រមានថាបើថៃដោះស្រាយរឿងនេះមិនបានទេ អឺរ៉ុបអាចនឹងបិទឈប់ទទួលផលិតផលអាហារសមុទ្រថៃតែម្ដង៕

website_news/2016060705.txt · Last modified: 2017/03/10 10:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki