website_news:2016061001

ពលករខ្មែររាប់រយនាក់សម្រុកចេញទៅរកការងារធ្វើនៅថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

(http://www.rfa.org/khmer/news) ដោយ ហ៊ុំ ចំរើន 2016-10-05

ពលករខ្មែររាប់រយនាក់មកពីតាមបណ្ដាខេត្តនានាក្នុងប្រទេស នាំគ្នាសម្រុកចេញទៅស្វែងរកការងារធ្វើនៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពលករចេញទៅប្រទេសថៃ នេះ ក្រោយពីពួកគេត្រឡប់មកលេងស្រុកកំណើតនារដូវបុណ្យភ្ជុំបិណ្ឌ។ មន្ត្រីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកប៉ោយប៉ែត បញ្ជាក់ថា ពលករសម្រុកចេញខ្លាំងតាមច្រកនេះចាប់តាំងពីថ្ងៃទី២ តុលា មក។

ពលករម្នាក់រស់នៅស្រុកជីក្រែង ខេត្តសៀមរាប ដែលបានធ្វើដំណើរទៅប្រទេសថៃ តាមច្រកប៉ោយប៉ែត លោក កង សារឿន ថ្លែងនៅថ្ងៃទី៥ តុលា ថា ពួកគាត់មានគ្នាចំនួន ៤នាក់ ចេញដំណើរមកពីផ្ទះតាំងពីព្រលឹមស្រាងៗ ដើម្បីត្រឡប់ឲ្យទាន់ទៅធ្វើការនៅថ្ងៃទី៦ តុលា បន្ទាប់ពីពួកគាត់បានឈប់សម្រាកប្រមាណ ១០ថ្ងៃមក។ លោកអះអាងថា ពួកគាត់ទាំង ៤នាក់ធ្វើការងារផ្នែកកាត់ស្មៅ និងបោសសម្អាតនៅក្នុងរោងចក្រនាទីក្រុងបាងកក ប្រទេសថៃ ជាងមួយឆ្នាំហើយ ដោយទទួលបានប្រាក់ឈ្នួលចំនួន ៤០០បាត ឬប្រមាណ ៤ម៉ឺន ៨ពាន់រៀលក្នុងមួយថ្ងៃ។

លោក កង សារឿន បន្ថែមថា មូលហេតុដែលពួកគាត់ទៅធ្វើការងារនៅក្រៅប្រទេស ពីព្រោះពួកគាត់គ្មានការងារធ្វើនៅឯស្រុកកំណើត៖ «បើសិនជានៅស្រុក យើងធ្វើការប្រាក់ខែតិចតួចមិនអាចដោះស្រាយជីវភាពបាន។ ខ្ញុំធ្វើការជួបការលំបាកមួយចំនួន ប៉ុន្តែដោយសារជីវភាពខ្វះខាត ខ្ញុំត្រូវតែតស៊ូធ្វើការដើម្បីរស់។ មុនដំបូង ខ្ញុំធ្វើការងារសំណង់ ហើយត្រូវថៅកែថៃ បោករហូត ហើយទើបផ្លាស់មកធ្វើការងារថ្មីនេះបានប្រាក់ផ្ញើទៅផ្ទះ»។

ប្រធានក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក សៅ វាសនា មានប្រសាសន៍ថា ក្រោយពីបុណ្យភ្ជុំបិណ្ឌហើយភ្លាម មានក្រុមពលករជាច្រើននាក់ ខ្លះឈរ ខ្លះអង្គុយ កកកុញនៅមុខច្រកទ្វារប៉ោយប៉ែត ដើម្បីត្រឡប់ទៅធ្វើការនៅប្រទេសថៃ វិញ។ លោកបញ្ជាក់ថា ពលករដែលចេញតាមច្រកនេះ ភាគច្រើនទៅធ្វើការដោយស្របច្បាប់ ក្នុងនោះខ្លះមានកាន់លិខិតឆ្លងដែន និងខ្លះទៀតប្រើប្រាស់ប័ណ្ណធ្វើការងារពណ៌ស៊ីជម្ពូ គឺជាប័ណ្ណដែលអាជ្ញាធរថៃ អនុញ្ញាតឲ្យធ្វើការស្របច្បាប់៖ «អ្នកខ្លះគាត់ធ្វើប៉ឌឺផាស់ (Border Pass) ឬហៅថាប័ណ្ណឆ្លងដែនរយៈពេលខ្លីត្រឹមអារញ្ញ ខេត្តស្រះកែវ ក៏ប៉ុន្តែដល់ពេលគាត់ចូលទៅ គាត់អាចទៅដល់ទីក្រុងបាងកក ឬទៅខេត្តផ្សេងទៀតទៅតាមវិធីរបស់ពួកគាត់រៀងៗខ្លួនក៏មាន»។ លោកបន្ថែមថា ចាប់តាំងពីថ្ងៃទី២ តុលា រហូតមកទល់ពេលនេះ គឺមានពលករចេញតាមច្រកប៉ោយប៉ែត ទៅប្រទេសថៃ ប្រមាណពី ៤០០នាក់ទៅ ៦០០នាក់ក្នុងមួយថ្ងៃ។

ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគារ មានប្រសាសន៍ថា បញ្ហាជីវភាពខ្វះខាតដូចជាករណីពលករគ្មានការងារធ្វើនៅស្រុកកំណើត និងគ្មានដីសម្រាប់ដាំដុះ ជាដើម គឺជាកត្តាសំខាន់ជំរុញឲ្យពួកគាត់ចេញទៅធ្វើការនៅក្រៅប្រទេស។ លោកបន្ថែមថា ក្នុងចំណោមពលករដែលទៅធ្វើការនៅប្រទេសថៃ អ្នកខ្លះបានប្រាក់ផ្ញើឲ្យបងប្អូននៅឯស្រុកកំណើត ហើយមានពលករមួយចំនួនទៀតជាប់គុកជាប់ច្រវាក់ ដោយមិនបានប្រាក់ត្រឡប់មកផ្ទះឡើយ៖ «កម្មករដែលពួកគាត់ធ្វើទាំងអស់នេះ បើគិតពីផលប្រយោជន៍វិញ គឺជាការល្អមួយសម្រាប់ជួយសេដ្ឋកិច្ចថៃ ឲ្យរីកចម្រើនទៅវិញទេ ហើយក៏មិនមែនធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនឡើយ ព្រោះខ្មែរខាតបង់កម្លាំងពលកម្ម និងសេដ្ឋកិច្ចផ្សេងៗ ដោយសារតែយើងកម្លាំងមនុស្ស ហើយមិនចេះប្រើ»។

លោក ស៊ុំ ច័ន្ទគារ កត់សម្គាល់ទៀតថា ក្រៅអំពីពលករចេញទៅថៃ តាមច្រកប៉ោយប៉ែត ហើយ នៅមានច្រករបៀងជាច្រើនទៀតក្នុងខេត្តបន្ទាយមានជ័យ រួមមានច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ និងច្រកបឹងបេង ក្នុងស្រុកម៉ាឡៃ ជាដើម គឺជាទីតាំងដែលក្រុមមេខ្យល់នាំពលករទៅប្រទេសថៃ ទាំងប្រថុយប្រថានដោយខុសច្បាប់៕

website_news/2016061001.txt · Last modified: 2017/03/13 11:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki