website_news:2016061202

ចាប់គ្រូបង្រៀនដាក់គុក ដោយសារចាប់កូនសិស្សយកសរីរាង្គកាយលក់

(http://www.khmer-note.com/news) November 25, 2016

នៅប្រទេសអ៊ុយក្រែន ស្ត្រីម្នាក់ជាគ្រូបង្រៀនបានត្រូវគេកាត់ទោសឲ្យជាប់គុកចំនួន១៥ឆ្នាំ ព្រោះតែគាត់បានព្យាយាមចង់លក់កូនសិស្សរបស់គាត់ម្នាក់ឲ្យទៅពួកឈ្មួញជួញដូរគ្រឿងក្នុងមនុស្ស។ ស្ត្រីរូបនេះមានឈ្មោះថា Galina Kovalenko មានអាយុ ៥២ឆ្នាំគឺជាគ្រូបង្រៀនភាសាអ៊ុយក្រែនម្នាក់នៅសាលារៀនរបស់អង្គការមួយដោយមានសិស្សរៀនច្រើនគ្រាន់បើដែរ។ ដោយសារតែគាត់មានគម្រោងចង់លក់សិស្សស្រីរបស់គាត់ម្នាក់នៅក្នុងថ្នាក់មានអាយុ ១៣ឆ្នាំ គាត់ក៏ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ហើយនាំយកទៅកាត់ក្តីផ្តន្ទាទោសតែម្តងទៅ។

ពេលកើតហេតុ ក្មេងស្រីដែលជាជនរងគ្រោះបានប្រាប់ថាអ្នកគ្រូបានហៅនាងចេញមកខាងក្រៅជាមួយនឹងគាត់ហើយបន្ទាប់មកក៏ឲ្យនាងឈរចាំមួយភ្លែតដោយមានឡានមួយជិះមកហុចលុយឲ្យគាត់រាប់។ ពេលដែលរាប់រួចហើយអ្នកនៅក្នុងឡាននោះក៏ចុះមកហើយចាប់នាងដាក់ចូលឡានតែម្តងបម្រុងនឹងជិះចេញទៅតែសំណាងណាស់ដោយបានត្រូវកងកម្លាំងសមត្ថកិច្ចចេញឃាត់ទាន់។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមការងារប៉ូលីសបានធ្វើការតាមដានគាត់អស់រយះពេល ៤ខែមកហើយព្រោះតែគេមានសង្ស័យថាគាត់មានទំនាក់ទំនងជាមួយនឹងពួកជួញដូរគ្រឿងក្នុងមនុស្ស។ នៅថ្ងៃកើតហេតុ ពួកគាត់បានឃើញអ្នកគ្រូម្នាក់នោះនាំសិស្សស្រីម្នាក់ចេញមកក្រៅសាលា ហើយក៏ឃើញមានឡានមួយគ្រឿងជិះមកជិតក្មេងស្រីនោះហើយទាញនាងចូលទៅក្នុងឡាន ដូចនេះសមត្ថកិច្ចក៏ចេញប្រតិបត្តិការភ្លាមៗហើយធ្វើការចាប់ខ្លួនបានក្តៅៗតែម្តង។

នៅក្នុងចម្លើយសារភាព អ្នកគ្រូរូបនេះបានប្រាប់ថាគាត់ពិតជាបានចង់លក់ក្មេងនោះឲ្យទៅពួកឈ្មួញរកស៊ីគ្រឿងក្នុងមនុស្សពិតមែនជាមួយនឹងតម្លៃ ១ម៉ឺនដុល្លារអាមេរិច។ គាត់បានសារភាពបន្តថា ពួកឈ្មួញជួញដូរបានប្រាប់គាត់ថាពួកគេចាប់អារម្មណ៍លើសុខភាព និងគ្រឿងក្នុងរបស់ក្មេងស្រីរូបនោះ ហើយសុំឲ្យគាត់ជួយនាំក្មេងស្រីនោះទៅពិនិត្យសុខភាពដើម្បីទទួលបានព័ត៌មានឲ្យកាន់តែច្បាស់ ហើយយករបាយការណ៍សុខភាពក្មេងនោះទៅឲ្យពួកគេ។ ពេលដែលយករបាយការណ៍ឲ្យហើយ ពួកអ្នករកស៊ីនោះកាន់តែពេញចិត្តនឹងនាងខ្លាំងឡើងៗ ហើយក៏និយាយតថ្លៃតម្លៃក្មេងស្រីរូបនោះជាមួយគាត់ដោយឲ្យតម្លៃគាត់ខ្ពស់ណាស់ ដូចនេះហើយគាត់ក៏ព្រមទៅព្រោះតែគាត់ត្រូវការលុយច្រើនដើម្បីយកទៅសងបំណុលគេ។

យ៉ាងណាមិញ ខាងតុលាការប្រទេសនេះបានកាត់ទោសរួចហើយដោយដាក់គាត់ឲ្យជាប់ពន្ធនាគារចំនួន ១៥ឆ្នាំពីបទប៉ុនប៉ងជួញដូរមនុស្ស៕

website_news/2016061202.txt · Last modified: 2017/03/16 13:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki