website_news:2016070401

លោក ហ៊ុន ម៉ាណែត ទៅជួបពលករខ្មែរនៅកូរ៉េ

(http://www.rasmeinews.com/) ដោយ ៖វិបុល ថ្ងៃទី 7 មេសា 2016 ម៉ោង 09:28:AM

ភ្នំពេញ ៖ ថ្លែងឲ្យដឹងនៅក្នុងកម្មវីធីសំណេះសំណាល និងចូលរួមអាហារសាមគ្គីមហាគ្រួសារខ្មែរ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងថា មកដល់ពេលនេះយើងបានបង្កើតមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្ន៣ ដើម្បីសម្រួលដល់ការស្នាក់នៅជូនពលករខ្មែរនៅកូរ៉េ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីជួយសម្រួល និងដោះស្រាយការលំបាកបណ្ដោះអាសន្នជូន ពលករ ពលការិនីខ្មែរដែលបំពេញការងារនៅប្រទេសកូរ៉េ លោកបានសម្រេចឲ្យក្រុមការងារសិក្សាបង្កើតមជ្ឈមណ្ឌលស្នាក់នៅ៣កន្លែង នៅតំបន់អាន់សាន់ស៊ូវ៉ុន និងអឺជុងផូ បន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការដោះស្រាយ ការលំបាកដល់បងប្អូនពលករខ្មែរ ជាបណ្ដោះអាសន្នគ្រាដែលគាត់ត្រូវផ្លាស់ប្ដូរទីតាំងផ្សេងៗដើម្បីរកការងារធ្វើ។ លោកថា ការជួយជ្រោមជ្រែងនឹងដោះស្រាយលើបញ្ហានៃការស្នាក់នៅនេះ បានធ្វើឡើងក្រោយពីក្រុមការងារបស់ លោកសិក្សាឃើញថា ពលករ ពលការិនី កំពុងជួបការលំបាកទាក់ទងនឹងការស្នាក់នៅ ក្រោយពេលដែលផ្លាស់ប្តូរការងារ។ លោក ហ៊ុន ម៉ាណែតថា ពលករ ពលការិនី គឺតែងជួបការលំបាកនៅពេលដែលផ្លាស់ប្តូរការងារ ហើយពិបាកនៅក្នុងការស្វែងរកន្លែងស្នាក់នៅ។

ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់បណ្តាសមាគមពលករខ្មែរជាច្រើនដែលកន្លងទៅបានខិតខំប្រឹងប្រែងជួយ និងគាំពារផ្តល់សេវាផ្សេងៗ ទៀតដល់ពលករខ្មែរ ដែលជួបប្រទះនូវបញ្ហាប្រឈមនានា រួមទាំងបញ្ហាផ្លូវច្បាប់ជាមួយបណ្តាស្ថានទូតទីប្រឹក្សាការងារជាដើម ដើម្បីជួយដល់បងប្អូន ពលករខ្មែរ ដែលរស់នៅលើទឹកដីសាធារណរដ្ឋកូរ៉េ៕

website_news/2016070401.txt · Last modified: 2017/02/28 12:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki