website_news:2016070702

ប្រើល្បិចរើសពលករទៅកូរ៉េ ប្រមូលបានជាង១១ម៉ឺនដុល្លាររត់បាត់

(https://kohsantepheapdaily.com.kh) ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ០៨:០០

រាជធានីភ្នំពេញ ៖ ស្របពេលដែលប្រជាពលរដ្ឋជាច្រើនកំពុងតែស្វែងរកការងារធ្វើនៅក្រៅប្រទេសដោយទទួលបានប្រាក់ខែខ្ពស់ពិសេសគឺប្រទេសកូរ៉េនោះ ស្រាប់តែពលរដ្ឋជាង១០០នាក់ត្រូវបានជនឆបោក២នាក់ប្តីប្រពន្ធដែលអះអាងថា មានឪពុកធំរបស់ខ្លួនមានចម្ការទំពាំងបាយជូររាប់ពាន់ហិកតាកំពុងត្រូវការ និងធ្វើការជ្រើសរើសពលករទៅធ្វើការដោយទទួលបានប្រាក់ខែក្នុងមួយខែរាប់ពាន់ដុល្លាឯណ្ណោះ ។ ក្រោយពីជនឆបោកទាំង២នាក់ប្តីប្រពន្ធបានធ្វើការប្រកាសរកពលករនោះ ត្រូវបានប្រជាពលរដ្ឋខ្មែរយើងបាននាំគ្នាទៅដាក់ពាក្យ និងតម្រូវឲ្យបង់ប្រាក់ជាមុនក្នុងម្នាក់ចំនួន១៥០០ដុល្លា ដើម្បីធ្វើការរត់ការ និងក្រោយពីទទួលបានប្រាក់រហូតទៅដល់ចំនួន១១៧.៦៧០ដុល្លារួចហើយក៏នាំគ្នាវេចលុយរត់គេចខ្លួនបាត់ស្រមោលអស់ ។

លោក សាន់ ចាន់ថន តំណាងរបស់ប្រជាពលរដ្ឋជាង១០០នាក់ ដែលរងគ្រោះក្នុងអំពើឆបោកនេះ បានរៀបរាប់ប្រាប់ឱ្យដឹងថា កាលពីខែតុលា ឆ្នាំ២០១៥ កន្លងមកនេះ មានប្តីប្រពន្ធ២នាក់ដែលត្រូវជាមិត្តភក្តិរបស់គាត់ ទី១-ឈ្មោះ អ៊ុក សុខន អាយុ៤៤ឆ្នាំ ជាប្តី និងទី២-ឈ្មោះ ឡេង ម៉ាលីន អាយុ៣៧ឆ្នាំ ជាប្រពន្ធ ស្នាក់នៅផ្ទះលេខ៤៤៣ ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយធ្វើការផ្សព្វផ្សាយធ្វើការជ្រើសរើសពលករទៅធ្វើការនៅប្រទេសកូរ៉េតាមរយៈរូបគាត់ជាមិត្តភក្តិ ដោយពួកគេបានធ្វើការអះអាងថា ខ្លួនមានឪពុកធំម្នាក់រស់នៅឯប្រទេសកូរ៉េ និងមានចម្ការទំពាំងបាយជូរហូតទៅដល់១ពាន់ហិកតា និងត្រូវការជ្រើសរើសពលករខ្មែរយើងទៅធ្វើការនៅទីនោះ ដោយទទួលបានប្រាក់ខែខ្ពស់ ក្នុងមួយខែចំនួន១.២៥០ដុល្លារឯណ្ណោះ ចំណែកឯរូបគាត់នឹងត្រូវទទួលយកទៅធ្វើការនៅទីនោះដែរ ដោយទទួលបានប្រាក់ខែ១ម៉ឺនដុល្លារ ។

ប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពីទទួលបានការឃោសនារបស់មិត្តភក្តិទាំង២នាក់ប្តីប្រពន្ធខាងលើរួចហើយ រូបគាត់ ប្រពន្ធ និងកូន២នាក់ទៀតក៏បានយកពាក្យទៅដាក់ និងធ្វើការផ្សព្វផ្សាយបន្តទៅដល់បង ប្អូន កូនក្មួយ និងប្រជាពលរដ្ឋជាញ្ញាតិមិត្តជាច្រើននាក់ទៀតដែលនៅស្រុកភូមិជាមួយបានរហូតទៅដល់ចំនួនជាង១០០នាក់ជាបន្តបន្ទាប់ ។ ពេលដែលទទួលបាននូវការដាក់ពាក្យដើម្បីបានទៅបំពេញការងារនៅឯប្រទេសកូរ៉េនោះរួចហើយ ពួកគេទាំង២នាក់ប្តីប្រពន្ធបានតម្រូវឲ្យពួកគាត់បង់ប្រាក់ក្នុងម្នាក់ ៣ពាន់ដុល្លារ ដោយបង់ប្រាក់ជាមុនចំនួន១.៥០០ដុល្លារសិនដើម្បីរត់ការធ្វើឯកសារ លិខិតឆ្លងដែន និងត្រូវបានចេញទៅនៅខែមករា ឆ្នាំ២០១៦កន្លងមកនេះ ។ ក្រោយពេលដែលពួកគេទាំងពីរនាក់ទទួលបានប្រាក់ពីពួកគាត់សរុបចំនួន១១៧.៦៧០ដុល្លាររួចហើយ ពួកគេក៏បានផ្តល់នូវលិខិតឆ្លងដែនដល់ពួកគាត់បានចំនួន៥៨នាក់តែប៉ុណ្ណោះ ចំណែកឯជាង៦០នាក់ទៀតគឺមិនទាន់ទទួលបានឡើយ ។ រហូតមកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ពួកគាត់នៅមិនទាន់បានចេញទៅ និងទទួលបានលិខិតស្នាមត្រឹមត្រូវនោះ ដោយមានការសង្ស័យក៏ធ្វើការណាត់ជួបគ្នា តែពួកគេចេះតែនិយាយដោះសារថាថ្ងៃនេះ ថ្ងៃនោះ រហូតបាត់មុខពួកគេ និងទូរស័ព្ទក៏ទាក់ទងមិនបានទៀត ។

ក្រោយពីជនឆបោកទាំងពីរនាក់ប្តីប្រពន្ធបានវេចលុយពួកគាត់រត់គេចខ្លួនបាត់អស់ហើយនោះ មកដល់ពេលនេះពួកគាត់ដែលជាជនរងគ្រោះក្នុងអំពើឆបោកថាជ្រើសរើសពលករទៅធ្វើការនៅប្រទេសកូរ៉េនេះ ក៏កំពុងតែដើរដាក់ពាក្យបណ្តឹងទៅតាមស្ថាប័នមួយចំនួន ដើម្បីឱ្យជួយធ្វើអន្តរាគមន៍រកយុត្តិធ៌ម និងដោះស្រាយពីបញ្ហាជូនដល់ពួកគាត់ផងដែរ ៕

website_news/2016070702.txt · Last modified: 2017/03/10 10:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki