website_news:2016070703

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ស្នើដល់ស្ថាប័នពាក់ព័ន្ធការពារលើការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធឺណេត

(http://bayontv.com.kh/archives) 07/07/2016

ភ្នំពេញ ៖ អនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ បានស្នើសុំដល់ ស្ថាប័នពាក់ព័ន្ធ និង អង្គការជាដៃគូនានាចូលរួមសហការគ្នា ដើម្បីការពារកុមារកម្ពុជា ឲ្យរួចផុតពីការកេងប្រវ័ញ្ច ផ្លូវភេទ តាម ប្រព័ន្ធអ៊ីនធឺណេត ។

លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និង ជាអនុប្រធាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការ ដោះស្រាយកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមប្រព័ន្ធអ៊ីនធឺណេតថាការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធឺណេត ក្នុងពេលកន្លងមក បណ្ដាប្រទេស នានា អង្គការសង្គមស៊ីវិល និងមេដឹកនាំឧស្សាហកម្មធំៗ បានប្ដេជ្ញាចិត្តចំពោះសេចក្ដីថ្លែងការណ៍ អំពីចំណាត់ការ ក្នុងកិច្ចប្រជុំកំពូលWePROTECTនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីដោះស្រាយអំពើកេងប្រវ័ញ្ចផ្លូវភេទ កុមារតាមប្រព័ន្ធអ៊ីនធឺណេត និងអំពើរំលោភបំពានលើកុមារផងដែរ ។

លោកជំទាវ បានបន្តថា ដោយឡែកកិច្ចប្រជុំកំពូលWePROTECT នៅ Abu Dhabi នៃប្រទេស អេមីរ៉ាតអារ៉ាប់រួម ដែលមានប្រទេស៥ចូលរួមគឺកម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងប្រទេសវៀតណាម នៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិច ក៏បានចេញសេចក្ដីថ្លែងការណ៍ អំពីចំណាត់ការWePROTECT នៅទីក្រុងឡុង ផងដែរ និងបានប្ដេជ្ញាចិត្តចំពោះកិច្ចការពារកុមារតាមប្រព័ន្ធអ៊ីនធឺណេត ។លោកជំទាវ បន្តថា ការចូលរួមជាបន្ត បន្ទាប់នៅក្នុងសមាជសកល ប្រឆាំងនឹងអំពើកេងប្រវ័ញ្ចផ្លូវភេទកុមារ និងក្មេងជំទង់ព្រមទាំងការ ផ្ដល់សច្ចាប័ន ពិធីសារបន្ថែមនៃអនុក្រិត្យស្ដីពីសិទ្ធកុមារ ការជូញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាស លើកុមារជាដើម ។

លោកជំទាវ ខៀវ បូរី បានលើកឡើងទៀតថាការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធឺណេតនេះ កម្ពុជាក៏បានគាំទ្រនិងឆ្លើយតបដោយមានការសម្របសម្រួលសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាបាននូវការ ឆ្លើយតប ថ្នាក់ជាតិកម្រិតខ្ពស់បំផុត។ លោកជំទាវ អនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានស្នើដល់ បណ្ដាស្ថាប័នពាក់ព័ន្ធ និងអង្គការ ស៊ីវិលដៃគូនានា ចូលរួមសហការគ្នា ដើម្បីការពារកុមារកម្ពុជា ឲ្យរួចផុតពីការកេងប្រវ័ញ្ចផ្លូវភេទតាម ប្រព័ន្ធអ៊ីន ធឺណេត ៕

website_news/2016070703.txt · Last modified: 2017/03/10 10:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki