website_news:2016070705

ថៃនិងឡាវចុះកិច្ចព្រមព្រៀងស្តីពីកម្មករ

( http://www.rasmeinews.com/world) ដោយ ៖សុខា ថ្ងៃទី 7 កក្កដា 2016 ម៉ោង 08:05:AM

រដ្ឋមន្ត្រីថៃនិងរដ្ឋមន្ត្រីឡាវបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយ (MOU) អំពីសហប្រតិបត្តិការកម្មករដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់កម្មករឡាវមានភាពល្អប្រសើរឡើងនៅប្រទេសថៃ។ កិច្ចព្រមព្រៀងនេះផ្តោតលើកិច្ចសហប្រតិបត្តិការស្តីពីការផ្តល់ជំនាញកម្មករ អភិវឌ្ឍន៍ជំនាញកម្មករ និង ផលប្រយោជន៍ផ្សេងៗពីសង្គម។

លោក សិរីឆៃ ឌីស្តាគុល (Sirichai Distakul) រដ្ឋមន្ត្រីក្រសួងការងារថៃ បានចុះហត្ថលេខាលើកកិច្ចព្រមព្រៀងនេះជាមួយលោក កាំផេង សាយសំផេង (Khampheng Saysompheng) រដ្ឋមន្ត្រីក្រសួងការងារឡាវ កាលពីថ្ងៃពុធ នៅវិមានរដ្ឋាភិបាលថៃ។

កម្មករឡាវដែលចុះឈ្មោះក្នុងបញ្ជីធ្វើការនៅថៃមានចំនួន១២៨.៣៨៨នាក់។ នេះបើយោងតាមក្រសួងការងារឡាវ។ នៅមុនពិធីចុះហត្ថលេខានេះ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និង លោក ថោងលន់ ស៊ីស៊ូលីដ (Thongloun Sisoulith នាយករដ្ឋមន្ត្រីឡាវបានជួបពិភាក្សាលើបញ្ហាជាច្រើនដែលរួមមានទំនាក់ទំនងតំបន់ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្មទ្វេភាគីនិង ការវិនិយោគ ព្រមទាំងវិស័យទេសចរណ៍។

លោក ស៊ីស៊ូលីដ នាយករដ្ឋមន្ត្រីឡាវ បានមកដល់ទីក្រុងបាងកក កាលពីថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចផ្លូវការចំនួន២ថ្ងៃនៅប្រទេសថៃ៕

website_news/2016070705.txt · Last modified: 2017/03/10 10:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki