website_news:2016070904

អ្នកនាំមនុស្សចេញខុសច្បាប់ ៣ នាក់ត្រូវបានកាត់ទោស

(http://www.postkhmer.com) Wed, 7 September 2016

ភ្នំពេញៈ មនុស្ស ៣ នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញជំនុំជម្រះដោយកំបាំងមុខ កាលពីម្សិលមិញពីបទនាំមនុស្សចេញមិនស្របច្បាប់ក្រោយពេលពួកគេបាន បោកប្រាស់អ្នកខេត្តព្រៃវែង ៣ នាក់អស់ប្រាក់ជាង ១៥០០ ដុល្លារកាលពីឆ្នាំ ២០១២ ជាថ្នូរនឹងការនាំចេញទៅធ្វើការនៅថៃ។ ជនជាប់ចោទទាំង ៣ នាក់រួមមានឈ្មោះ គង់ ហៃ ភេទប្រុស ឈ្មោះ ម័យ ស្រីធា ភេទស្រី និងឈ្មោះ តឹង សម្បត្តិ ភេទ ប្រុស។ អ្នកទាំង ៣ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទ និងជំនុំជម្រះពីបទនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ប្រព្រឹត្តកាលពីខែមិថុនា ឆ្នាំ ២០១២។ ប្រសិនបើតុលាការរកឃើញមានទោសពួកគេប្រឈមមុខជាប់ពន្ធនាគារចន្លោះ ពី ៧ ឆ្នាំទៅ ១៥ ឆ្នាំតាមមាត្រា ១១ នៃច្បាប់ប្រឆាំងការជួញដូរមនុស្ស។

ចំណែកជនរងគ្រោះមាន ៣ នាក់រួមមាន ថៃ ប៊ុនធឿន អាយុ ៣៦ ឆ្នាំ និងឈ្មោះ ចយ ចឹក អាយុ ៣៧ ឆ្នាំត្រូវជាប្តីប្រពន្ធ និងម្នាក់ទៀតឈ្មោះ ចយ ជាតិ អាយុ ៣៣ ឆ្នាំ ជាប្អូនថ្លៃ។ ពួកគេមានលំនៅក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

ដើមបណ្តឹងឈ្មោះ ថៃ ប៊ុនធឿន បានប្រាប់តុលាការថាកាលពីឆ្នាំ ២០១២ បុរសម្នាក់ដែលជាអ្នកភូមិជាមួយគ្នាឈ្មោះ កុង ហៃ បានទៅជួបគាត់ហើយសួរថា «មើល៍!ធ្វើស្រែអ៊ីចឹងមានលុយសល់ដែរហ្នឹង?» ប៊ុនធឿន បានឆ្លើយតបថាបានត្រឹមតែគ្រប់ថ្លៃជីប៉ុណ្ណោះ។ ពេលនោះ កុង ហៃ បានបញ្ចុះបញ្ចូលឲ្យគាត់ទៅធ្វើការនៅថៃដោយឲ្យបង់ប្រាក់ ៥១០ ដុល្លារទៅក្រុមហ៊ុនមួយឈ្មោះថា ថប មេនផៅវ័រ (TOP MANPOWER COL.,LTD) ដើម្បីធ្វើលិខិតឆ្លងដែនដោយ កុង ហៃ ប្រាប់ថាគាត់មានភាគហ៊ុន ៣ ម៉ឺនដុល្លារក្នុងក្រុមហ៊ុននោះ។ ប៊ុនធឿន បន្តថា៖ «ខ្ញុំបានខ្ចីប្រាក់គេ និងលក់ទូកមួយដើម្បីយកប្រាក់មកបង់នៅក្រុមហ៊ុននៅម្តុំ ស្ទឹងមានជ័យ។ ពេលមកដល់ឃើញឈ្មោះ ម័យ ស្រីធា ដែលទំនងជាប្រធានឃើញឈ្មោះ តឹង សម្បត្តិ តែមិនដឹងតួនាទី។ ខ្ញុំក៏បានបង់ប្រាក់ទៅឲ្យឈ្មោះ កុង ហៃ ដោយគាត់បានឲ្យវិក្កយបត្រដែរ»។

ប៊ុនធឿន បន្តថាក្រោយបង់ប្រាក់រួចឈ្មោះ កុង ហៃ បានទៅផ្ទះគាត់ម្តងទៀតដោយប្រាប់ថាមិនបាច់រង់ចាំលិខិតឆ្លងដែន នាំខាតពេលទេគួរទៅធ្វើការនៅថៃបណ្តើរៗទៅដោយត្រូវបង់ប្រាក់ ម្នាក់ ១៥០០ បាតទៀតហើយពេលណាលិខិតឆ្លងដែនធ្វើរួចមានគេយកទៅឲ្យនៅ ប៉ោយប៉ែត។ ក្រោយធ្វើការនៅថៃដោយខុសច្បាប់បានជិត ៣ ខែគាត់ក៏ត្រឡប់មកវិញតែ កុង ហៃ ព្យាយាមមិនជួបគាត់។ ក្រោយមកគាត់ក៏សម្រេចដាក់ពាក្យបណ្តឹងមកតុលាការតែម្តង។

ជនរងគ្រោះទាំង ៣ នាក់បានទារសំណងម្នាក់ៗ ៣ ពាន់ដុល្លារ។ ប៉ុន្តែលោក ឡាយ ឡង់ឌី មេធាវីការពារជនជាប់ចោទបានស្នើឲ្យតុលាការពិចារណាលើសិទ្ធិកូនក្តី លោក។ លោកថា៖ «សវនាការថ្ងៃនេះបានស្តាប់តែពីភាគីម្ខាង។ សូមតុលាការពិចារណាសិទ្ធិរបស់កូនក្តីខ្ញុំ»។

យ៉ាងណាក៏ដោយនាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ថប មេនផៅវ័រ លោក ប៊ុន ហាក់ បានបដិសេធពីម្សិលមិញថាអ្នកទាំង ៣ នោះមិនមានឈ្មោះក្នុងក្រុមហ៊ុនលោកទេ និងបានព្រមានប្ដឹងបន្ថែមចំពោះការធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ ក្រុមហ៊ុនលោក។ ក្រោយជំនុំជម្រះចៅក្រម ប៊ុន ធី ថានឹងប្រកាសសាលក្រមរឿងនេះនៅថ្ងៃទី ២៦ ខែកញ្ញាខាងមុខនេះ៕

website_news/2016070904.txt · Last modified: 2017/03/12 15:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki