website_news:2016071103

ការពពោះជំនួសផ្អាកបណ្តោះអាសន្ន ខណៈរដ្ឋាភិបាលព្រាងច្បាប់

(http://www.cambodiadailykhmer.com) ដោយ សេក ឧត្តម | ថ្ងៃសុក្រ ទី 4 ខែវិច្ឆិកា ឆ្នាំ2016

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា បម្រាមលើការមានផ្ទៃពោះដោយការពពោះជំនួសដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃច័ន្ទ នឹងនៅតែអនុវត្តដដែល រហូតដល់រដ្ឋាភិបាលធ្វើសេចក្តីព្រាងច្បាប់ការពារស្ត្រីខ្មែរដែលផ្តល់កំណើតដល់កូនរបស់ឪពុកម្តាយផ្សេងរួច។ លោក ហុក ខៀវ ប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដាក់បម្រាមនេះដើម្បីទុកពេលឲ្យរដ្ឋាភិបាលព្រាងច្បាប់ឱ្យបានត្រឹមត្រូវសម្រាប់ប្រតិបត្តិការនេះ ដែលរីកដុះដាលយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការបង្ក្រាបដោយដ្ឋាភិបាលនៅទូទាំងតំបន់អាស៊ី។

គេនៅតែមិនច្បាស់នៅឡើយកាលពីម្សិលមិញ ថាតើបម្រាមនេះនឹងមានផលប៉ះពាល់យ៉ាងដូចម្តេចចំពោះស្ត្រីដែលមានផ្ទៃពោះរួចទៅហើយ ដោយសារការរៀបចំឱ្យមានការពពោះជំនួស និងអនាគតឪពុកម្តាយទារកដែលគេកំពុងពពោះឲ្យ។ចាប់ពីពេលនេះទៅ ការពពោះជំនួស “ត្រូវបានហាមឃាត់ទាំងស្រុង” នេះបើយោងតាមប្រកាសថ្មីស្តីពីការគ្រប់គ្រងឈាម អូវ៉ុល ខួរឆ្អឹង និងកោសិកាដែលលោកម៉ម ប៊ុនហេង បានអនុម័តយល់ព្រមកាលពីថ្ងៃទី២៤ ខែតុលា ហើយបានផ្សព្វផ្សាយទៅដល់មន្ទីរសុខាភិបាលនៅសប្តាហ៍នេះ ។លោក ហុក ខៀវ បានមានប្រសាសន៍ថា វាឆាប់ពេកហើយក្នុងការនិយាយថា នៅពេលណាច្បាប់ថ្មីនឹងត្រូវបានដាក់ចេញ ឬសេវាជាក់លាក់អ្វីនឹងត្រូវអនុញ្ញាត ឬហាមឃាត់នោះ។លោកបានថ្លែងថា ”យើងមិនទាន់ច្បាស់នៅឡើយទេ។ ក្រសួងយុត្តិធម៌នឹងរៀបចំធ្វើសេចក្តីព្រាងច្បាប់ស្តីពីការពពោះជំនួស និងគិតគូរថា តើអត្ថប្រយោជន៍អ្វីដែលស្ត្រីទទួលបានពីការពពោះជំនួសនេះ”។

បុគ្គលិកនៅមន្ទីរសម្រាកព្យាបាលមួយដែលផ្តល់សេវាពពោះជំនួសនៅក្នុងរាជធានីភ្នំពេញដែលសុំមិនបញ្ចញឈ្មោះដោយបារម្ភថា កន្លែងរបស់គាត់នឹងត្រូវផ្តោតគោលដៅដោយអាជ្ញាធរនោះបាននិយាយថា ខ្លួននឹងគោរពតាមប្រកាសនេះ ហើយបានផ្អាកប្រតិបត្តិការភ្លាមៗ។មន្ទីរសម្រាកព្យាបាលនេះយកតម្លៃពី៣២.០០០ដុល្លារទៅ៤៥.០០០ដុល្លារក្នុងកូនម្នាក់សម្រាប់សេវារបស់ខ្លួន ហើយបង់ប្រាក់ដល់ស្ត្រីពពោះជំនួសចំនួន១០.០០០ដុល្លារដោយការបង់ជាដំណាក់កាល ហើយផ្តល់ច្រើនជាងនេះប្រសិនបើកូនភ្លោះ។

អ្នកជំនាញបានព្យាករថា មន្ទីរសម្រាកព្យាបាលមួយចំនួននឹងផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួនទៅកាន់ប្រទេសមួយចំនួនដូចជាប្រទេសកាណាដា អ៊ុយក្រែន ហ៊្សកហ្ស៊ី និង សហរដ្ឋអាមេរិក បើទោះជាសេវានៅទីនោះមានតម្លៃថ្លៃ ឬរើសអើងនឹងប្តីប្រពន្ធដែលមានភេទដូចគ្នាក៏ដោយ។

លោក ហុក ខៀវ បានមានប្រសាសន៍ថា គ្លីនិក ឬមន្ទីរពេទ្យមួយចំនួនដែលផ្តល់សេវាដល់អ្នកផ្តល់សេវាពពោះជំនួស ខណៈកំពុងមានការអនុវត្តបម្រាមនោះ តម្រូវឱ្យមានការអនុញ្ញាតជាពិសេសពីក្រសួង។លោកបានថ្លែងថា “ប្រសិនបើមានគ្លីនិកឬមន្ទីរពេទ្យដែលផ្តល់សេវាទាំងនោះដោយគ្មានការអនុញ្ញាត យើងនឹងពិនិត្យមើលសកម្ម ភាពរបស់ពួកគេ ហើយសម្រេចថា តើត្រូវដាក់ទោសទណ្ឌអ្វី”។

website_news/2016071103.txt · Last modified: 2017/03/16 10:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki