website_news:2016071104

ពលរដ្ឋខ្មែរនៅកូរ៉េ គាំទ្រនិងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូពី សុខទុក្ខ របស់ពួកគាត់ដែលចំណាកស្រុក

(http://www.freshnewsasia.com) 2016-11-07

(ភ្នំពេញ)៖ តំណាងសមាគមពលករខ្មែរ សមាគមនារីខ្មែរ រៀបការជាមួយគ្រួសារជនជាតិកូរ៉េ តំណាង សមាគមសិស្ស និស្សិត តំណាងព្រះពុទ្ធសាសនា នៅក្នុងប្រទេសកូរ៉េ និងតំណាងសហគមន៍ខ្មែរ នៅសាធារណ រដ្ឋកូរ៉េ បានគាំទ្រ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការ គិតគូពីសុខទុក្ខក្នុងការធ្វើការងារ និងការរស់នៅ ប្រទេសកូរ៉េ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងការដោះស្រាយតម្រូវការ ទទួលយកនូវសំណូមពរចាំបាច់មួយ ចំនួនរបស់គាត់ ដែលទាំងអស់នេះបានធ្វើជីវិត នៃការរស់នៅ និងការធ្វើការរបស់ពួកគាត់ មានភាពប្រសើរឡើង។

ការសម្ដែងនូវការគាំទ្រ និងថ្លែងអំណរគុណ បែបនេះត្រូវបានធ្វើឡើង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ខណៈដែលលោក ហ៊ុន ម៉ាណែត កូនច្បងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជួប សំណេះ សំណាល ជាមួយតំណាងសមាគមពលករខ្មែរ សមាគមនារីខ្មែររៀបការជាមួយ គ្រួសារជនជាតិកូរ៉េ តំណាងសមាគ មសិស្ស និស្សិត តំណាងព្រះពុទ្ធសាសនានៅក្នុងប្រទេសកូរ៉េ និងតំណាងសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ ដើម្បីសិក្សាស្វែងយល់អំពីសុខទុក្ខ ក្នុងការធ្វើការងារ និងការរស់នៅប្រទេសកូរ៉េ ក៏ដូចជាដោះស្រាយ នូវដំរូវការ សំខាន់ៗដល់ ប្រជាពលករនៅក្នុងប្រទេសកូរ៉េ។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា នេះគឺជាការគិតគូរអំពីសុខទុក្ខពីការធ្វើការ និងការរស់នៅរបស់បងប្អូន ខ្មែរនៅក្នុងប្រទេសកូរ៉េ ពីសំណាក់រាជរដ្ឋាភិបាល បង្កើតនូវយន្តការងាយស្រួលមួយ និងសំខាន់ៗមួយចំនួន ដើម្បី បង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ និងពលករដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ។ កូនច្បង សម្ដេចតេជោបញ្ជាក់ថា «នេះមិនមែនជាលើកទីមួយទេ ដែលយើងបានជួបគ្នា ហើយថ្ងៃនេះយើងបានមកអង្គុយ ជាមួយគ្នា ដើម្បីស្តាប់ឲ្យបានច្រើន និងព្យាយាមដោះស្រាយនូវរាល់ តំរូវការសំខាន់ៗបន្ថែមទៀត ដោយមន្រ្តីជំនាញ និងសិក្សាស្វែងយល់ និងដាក់ចុះផែនការនៅពេលខាងមុខ ដើម្បីឆ្លើយតបនូវ និងសំណូមពរ តម្រូវការរបស់បងប្អូន ប្រជាពលរដ្ឋ និងប្រជាពលករខ្មែរនៅប្រទេសកូរ៉េ ដែលនេះគឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបាន គិតគូរពីសុខទុក្ខ របស់បងប្អូនគ្រប់ទីកន្លែង»។ នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានស្នើឲ្យតំណាង សមាគមនីមួយៗ លើកឡើងនូវព័ត៌មាន ក៏ដូចជាសំណូមពរ និងតំរូវការផ្សេងៗ ដែលខ្លួនមាន ដែលបាននឹងកំពុង ជូបប្រទះ ដើម្បីបានស្តាប់ឲ្យបានច្រើន និងព្យាយាមដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ពលករខ្មែរនៅក្នុង ប្រទេសកូរ៉េ។

ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ តំណាងសមាគមពលករខ្មែរ តំណាងសមាគមសិស្សនិស្សិត តំណាង សមាគមនារីរៀបការគ្រួសារកូរ៉េ និងតំណាងសមាគមជាច្រើនទៀត បានលើកឡើងបញ្ហាមួយចំនួនទៀត ដែលទាក់ ទងនូវបញ្ហាផ្លូវច្បាប់ រៀបចំឯកសារផ្លូវការផ្សេងៗ ទាក់ទងទៅនឹងការងារ ក៏ដូចជាការរស់នៅប្រចាំថ្ងៃ និងបានលើក ឡើងអំពីវិស័យព្រះពុទ្ធសាសនា ក៏ដូចជាផ្នែកសិក្សាធិការ នៅក្នុងប្រទេសកូរ៉េផងដែរ។

តំណាងសមាគមស្រ្តីខ្មែរ រៀបការជាមួយគ្រួសារកូរ៉េក៏បាន លើកឡើងអំពីការលំបាក និងបញ្ហាមួយចំនួន ដាក់ជូនថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជំនាញជួយសិក្សា និងដោះស្រាយ នូវបញ្ហាទាំងអស់នោះ ដើម្បីជាការបង្ករនូវ លក្ខណៈងាយស្រួល តាមផ្លូវច្បាប់សម្រាប់បងប្អូនខ្មែរ នៅក្នុងប្រទេសកូរ៉េ។

ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានទទួលយកនូវបញ្ហា និងសំណូមពរ ក៏ដូចជាតម្រូវការជាច្រើន ដើម្បីសិក្សា និងដោះស្រាយជូនបងប្អូនពលករខ្មែរ ទៅតាមជំនាញនីមួយៗហើយ និងបានបង្ហាញពីការខិតខំប្រឹង របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អថែមទៀត នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ផងថា នៅក្នុងដំណើទស្សនកិច្ចនេះ លោក ហ៊ុន ម៉ាណែត បានដឹកនាំងមន្រ្តីជំនាញសំខាន់ៗ តាមក្រសួងមួយចំនួន មានដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតនៃកម្ពុជាប្រចាំ នៅប្រទេស កូរ៉េ ក្រសួងយុត្តិធម៌ នាយកដ្ឋានអន្តោប្រវេសន៍ និងមន្រ្តីជំនាញជាច្រើនទៀត ដើម្បីចូលរួមប្រជុំសិក្សាស្វែងយល់ និងដោះស្រាយនូវបញ្ហាដែលបានលើកឡើង ក្នុងអង្គប្រជុំនេះដើម្បីជាប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសកូរ៉េ៕

website_news/2016071104.txt · Last modified: 2017/03/16 10:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki